យើង​ធ្លាប់​តែ​ឮ​ថា អ្នក​ចូល​ចិត្ត​ញ៉ាំ​ប្រៃ​ងាយ​នឹង​កើត​ជំងឺ​លើស​ឈាម ប៉ុន្តែ​តាម​ពិត​មហារីក​ក្រពះ​ក៏​បណ្តាល​មក​ពី​ការ​ញ៉ាំប្រៃ​លើស​កម្រិត​ដែរ។ បើ​តាម​ការ​បញ្ជាក់​របស់​លោក​វេជ្ជបណ្ឌិត អ៊ាវ សុខា ប្រធាន​ផ្នែក​ជំងឺ​មហារីក និង​ជំងឺ​ឈាម នៃ​មន្ទីរពេទ្យ​កាល់​ម៉ែត ការ​និយម​ចូល​ចិត្ត​ញ៉ាំ​អាហារ​ប្រៃ​ក្នុង​របប​អាហារ​ប្រចាំថ្ងៃ ពិសេស​ពពួក​សាច់​ប្រឡាក់ ត្រី​ប្រឡាក់ អាហារ​ផ្អាប់ និង​ពពួក​ជ្រក់ ងាយ​នឹង​កើត​ជំងឺ​លើស​ឈាម​ផង ជំងឺ​មហារីក​ក្រពះ-ពោះវៀន​ផង ដោយសារ​តែ​វា​បណ្តាល​ឲ្យ​មាន​ការរលាក ដំបៅ​ក្រពះ​ដែល​វិវត្ត​ទៅ​ជា​មហារីក​​ក្រពះ។​ ម្យ៉ាង​វិញ​​ទៀត ការ​ញ៉ាំប្រៃនឹង​បង្កើន​សកម្មភាព​របស់​មេរោគ​ក្រពះ (H.pylori)។

លោក​វេជ្ជបណ្ឌិត​ពន្យល់​ថា ថ្វីត្បិត​តែ​ជំងឺ​មហារីក​ក្រពះ​បណ្តាល​មក​ពី​កត្តា​ច្រើន​យ៉ាង តែ​ក្នុង​នោះ​ការ​មាន​ទាក់ទង​នឹង​ការ​ញ៉ាំ​ប្រៃ​លើស​កម្រិត។ 

«សិក្សា​វិទ្យាសាស្ត្រ​រក​ឃើញ​ថា អាហារ​ប្រៃ​ខ្លាំង ពពួក​ជ្រក់ ត្រីងៀត យក​ត្រី​ប្រឡាក់​អំបិល ហាល​ថ្ងៃ យក​ទៅ​​ដុត ឬ​អាំង នៅ​ក្នុង​សាច់​ត្រីងៀត ត្រី​ប្រឡាក់​មាន​សារធាតុ​នីត្រូសាមីន កាល​ណា​ញ៉ាំ​ច្រើន អាច​ជួយ​ជម្រុញ​ឲ្យ​ក្រពះ​កើត​ជំងឺ​មហារីក»។

ផ្នែកតាមទិន្នន័យ​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត្រ និង​មន្ទីរពេទ្យ​ព្រះកុសមៈ មហារីក​ក្រពះ-ពោះវៀន ជា​ជំងឺ​ដែល​ជួប​ប្រទះ​ញឹក​ញាប់​ជាងគេ​បន្ទាប់​ពី​ជំងឺ​មហារីក​​មាត់​ស្បូន សុដន់ និង​សួត។

យោង​តាម​អង្គការ​សុខភាព​ពិភពលោក បាន​ណែនាំ​យើងឲ្យ​​ញ៉ាំ​អំបិល​ ៥ក្រាម/ថ្ងៃ ដែល​ស្មើនឹង ១ ស្លាប​ព្រា​កាហ្វេ​ប៉ុណ្ណោះ ដែល​បរិមាណ​នេះ​រាប់​បញ្ចូល​ជាតិ​អំបិល​ក្នុង​អាហារ​ប្រចាំថ្ងៃ​ទាំង​អស់ នោះ​​ទើប​​មិន​​មាន​បញ្ហា​សុខភាព។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]