វៀតណាម៖ អ្នកដំណើរជាច្រើនហាក់សម្ដែងការខឹងសម្បាយ៉ាងខ្លាំង ក្រោយរថយន្ត Maserati ពណ៌ក្រហមមួយគ្រឿង បានចតចោលនៅចិញ្ចើមផ្លូវឥតរបៀប ដែលបង្កជាការរាំងស្ទះដល់ដំណើរអ្នកដទៃ ទីបំផុតក៏សម្រេចនាំគ្នាទិញសម្លីអនាម័យយកទៅបិទពេញរថយន្តនោះ ដើម្បីទុកជាមេរៀនដ៏អាម៉ាស់ដល់ម្ចាស់រថយន្តនោះតែម្តង។

ហេតុការណ៍នេះបានកើតឡើង កាលពីពេលថ្មីៗកន្លងទៅនេះ ស្ថិតនៅតាមបណ្តោយផ្លូវមួយកន្លែង ក្នុងទីក្រុងហាណូយ ប្រទេសវៀតណាម។

យកសម្លីអនាម័យបិទពេញឡាន

បើយោងតាមប្រភពសារព័ត៌មានបានឲ្យដឹងថា ករណីរហូតឈានដល់កើតមានរឿងយ៉ាងដូច្នេះ ក៏ដោយសារតែ ម្ចាស់រថយន្ត Maserati ពណ៌ក្រហម មិនត្រូវបានគេស្គាល់អត្តសញ្ញាណខាងលើនេះ បានចតរថយន្តចោលនៅចិញ្ចើមផ្លូវ (ឬតំបន់ផ្លូវតូច) ដែលមានភាពមមាញឹក ជាហេតុបង្កឲ្យមានការប៉ះពាល់ដល់អ្នកដំណើរដទៃតាមដងផ្លូវ ពោលគឺមានការកកស្ទះចរាចរណ៍។ ម្យ៉ាងការចតចោលបែបនេះ ក៏ស្ដែងឲ្យឃើញពីទង្វើអសីលធម៌ និងល្មើសនឹងច្បាប់ផងដែរ។

ដោយសារតែបែបនេះហើយ ទើបបានជាធ្វើឲ្យដំណើរជាច្រើន មានការខឹងសម្បាយ៉ាងខ្លាំង រហូតនាំគ្នាទិញសម្លីអនាម័យយកទៅបិទពេញរថយន្តខាងលើនេះ ដើម្បីទុកជាការព្រមាន ឬទុកជាមេរៀនដ៏គួរឲ្យអាម៉ាស់មួយ ដល់អ្នកដែលជាម្ចាស់រថយន្តមួយគ្រឿងនេះតែម្តង។

យកសម្លីអនាម័យបិទពេញឡាន

ប្រភពដដែលបន្តថា នៅពេលដែលម្ចាស់ (ប្រុស) រថយន្តខាងលើនេះ បានត្រលប់មកវិញ គាត់ក៏បានព្យាយាមបកសម្លីអនាម័យទាំងនោះ ចេញពីរថយន្តរបស់ខ្លួនផងដែរ។ ប៉ុន្តែមិនថាយ៉ាងណា ដោយសារតែសម្លីអនាម័យខ្លះ វាហាក់ស្អិតខ្លាំងពិបាកបក ដែលនឹងអាចប៉ះពាល់ដល់ទឹកថ្នាំឡាននោះ ទីបំផុតគាត់ក៏បានសម្រេចចិត្តមិនទាន់បកវាចេញទាំងស្រុង ហើយសុខចិត្តបើកចេញពីទីនោះ ដោយក្តីអាម៉ាស់តែម្តង។

ជាមួយគ្នានេះ តាមការឲ្យដឹងពីអ្នករស់នៅក្នុងតំបន់ ក៏បានត្អូញត្អែរដែរថា ចរាចរណ៍នៅតំបន់ផ្លូវក្នុងទីក្រុងហាណូយមួយកន្លែងនេះ កាន់តែមានភាពតានតឹងច្រើន (ស្ទះផ្លូវ) ក្រោយមានការបើកហាងមួយនៅលើផ្លូវនោះ ដែលជាហេតុធ្វើឲ្យការចតយានជំនិះខ្លះ ហាក់មិនមានភាពត្រឹមត្រូវទាល់តែសោះ។

យកសម្លីអនាម័យបិទពេញឡាន

គួរឲ្យដឹងដងដែរថា រូបភាពទាំងនេះត្រូវបានថត និងបង្ហោះចែកចាយនៅលើបណ្តាញសង្គម ដោយអ្នកដំណើរដែលបានជួប ក៏ដូចជាប្រទះឃើញនូវហេតុការណ៍មួយនេះ។

ថ្វីត្បិតនេះ អាចចាត់ទុកបានថាជារឿងមួយ ដ៏គួរឲ្យអស់សំណើចក៏ពិតមែន ប៉ុន្តែមហាជនមួយចំនួនខ្លះ ក៏បានបញ្ចេញមតិដែរថា ការធ្វើបែបនេះក៏មិនមែនជាសកម្មភាពត្រឹមត្រូវនោះដែរ គួរណាស់ត្រូវមានដំណោះស្រាយរវាងគ្នាដែលល្អ និងសមប្រកបជាងនេះទើបជាការប្រសើរ៕

តើសម្រាប់ប្រិយមិត្តវិញយល់យ៉ាងណាដែរ?   

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]