បរទេស៖ វីរបុរសរបស់ក្រុមជម្រើសជាតិហូឡង់ និងក្លិប Bayern Munich  កីឡាករ Ajen Robben បានប្រកាសចូលនិវត្តពីអាជីពបាល់ទាត់របស់ខ្លួនហើយ។

កីឡាករ Ajen Robben

Robben ចាប់ផ្ដើមអាជីពបាល់ទាត់ដំបូងជាមួយក្លិប FC Groningen មុនផ្លាស់ទៅក្លិប PSB Eindhoven ក្នុងឆ្នាំ ២០០២។ កីឡាករជម្រើសជាតិហូឡង់រូបនេះក៏ធ្លាប់ចំណាយពេល ៣ឆ្នាំនៅទឹកដី Stamford Bridge ជាមួយ Chelsea ផងដែរគឺចន្លោះឆ្នាំ ២០០៤-២០០៧ មុននឹងត្រូវទៅចូលរួមជាមួយក្លិបយក្សអេស៉្បាញ Real Madrid។ Robben បានចូលរួមជាមួយក្លិបអាល្លឺម៉ង់ក្នុងឆ្នាំ២០០៩ ដោយគិតមកទល់ពេលនេះគេបានចំណាយរយៈពេល ១០ឆ្នាំហើយ។ 

កីឡាករ Ajen Robben កាលនៅជាកីឡាកររបស់ Chelsea
កីឡាករ Ajen Robben កាលនៅជាកីឡាកររបស់ Real Madrid

កីឡាករវ័យ ៣៥ឆ្នាំរូបនេះត្រូវបានគេដឹងថាអាចនឹងទៅចូលរួមជាមួយក្លិបផ្សេង ក្រោយគេប្រកាសចាកចេញពីជើងឯកក្របខណ្ឌ Bundesliga, Bayern Munich ប៉ុន្តែយ៉ាងណាមិញចុងក្រោយគេបានសម្រេចចិត្តចូលនិវត្តន៍តែម្ដង។ ក្នុងរយៈពេល ១៩ឆ្នាំជាមួយអាជីពជាកីឡាករបាល់ទាត់ Robben បានឈ្នះពានរង្វាន់លីគកំពូលក្នុង ៣ប្រទេសផ្សេងគ្នា (អង់គ្លេស, អេស្ប៉ាញ, អាល្លឺម៉ង់) និងបានចូលរួមចំណែកជួយឲ្យ Bayern Munich ឈ្នះពានរង្វាន់ UEFA Champions League ថែមទៀតផង។

កីឡាករ Ajen Robben ថើបពាន UEFA Champions League

គួរបញ្ជាក់ផងដែរថា Robben គឺជាកាតាលីករមួយដែលជួយរុញច្រានឲ្យក្រុមជម្រើសជាតិហូឡង់ក្លាយជាជើងឯករងពានរង្វាន់ FIFA World Cup 2010 នៅអាហ្វ្រិកខាងត្បូងក្រោយចាញ់អេស៉្បាញក្នុងវគ្គផ្ដាច់ព្រ័ត្រ។ គិតតាំងពីកាលចាប់ផ្ដើមលេងបាល់ដំបូងមកទល់នឹងពេលចូលនិវត្តន៍នេះ Robben បង្ហាញខ្លួនលើទីលានបាន ៦០៦ដង និងរកគ្រាប់បាល់បាន ២១០គ្រាប់៕

ប្រភព៖ foxsportasia 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]