ម៉ាឡេស៊ី៖ គ្រូបង្រៀនប្រុសដ៏ល្អម្នាក់ បានធ្វើឲ្យមហាជន ពិសេសកូនសិស្សសំណព្វចិត្តជាច្រើន សម្ដែងការសោកស្តាយ និងស្រក់ទឹកភ្នែកយ៉ាងក្តុកក្តួល បន្ទាប់ពីវត្តមានរបស់លោកនឹងត្រូវផ្លាស់ទៅសាលាថ្មី បន្សល់ទុកត្រឹមតែអនុស្សាវរីយ និងការលាគ្នាចុងក្រោយដោយក្តីអាឡោះអាល័យ។

ថ្ងៃលាគ្នាចុងក្រោយរបស់លោកគ្រូ Cikgu និងសិស្ស

គ្រូបង្រៀនប្រុសខាងលើនេះ ត្រូវបានគេស្កាល់ឈ្មោះថា លោក Cikgu Mohd Khairul បង្រៀននៅសាលា SMK Tengku Kudin ស្ថិតក្នុងស្រុក Raub រដ្ឋ Pahang ប្រទេសម៉ាឡេស៊ី។

បើយោងតាមប្រភពសារព័ត៌មាន បានឲ្យដឹងថា លោកគ្រូ Cikgu Khairul បានបំពេញការងារនៅសាលាខាងលើនេះ អស់រយៈពេល១០ឆ្នាំមកហើយ។ រូបគាត់នឹងត្រូវផ្ទេរទៅសាលាផ្សេង នៅក្នុងរដ្ឋ Kelantan វិញ ក្នុងពេលឆាប់ៗខាងមុខនេះ។

លោកគ្រូ Cikgu គឺជាគ្រូបង្រៀនដ៏ល្អម្នាក់នៅក្នុងសាលា ព្រោះតែរូបគាត់តែងតែជួយ និងយកចិត្តទុកដាក់លើសិស្សតាមលទ្ធភាពដែលគាត់អាចធ្វើបាន។ គាត់តែងតែជួយលើកទឹកចិត្តដល់កូនសិស្សពិការរបស់គាត់នៅក្នុងសាលា ដើម្បីឲ្យពួកគេមានភាពឯករាជ្យលើខ្លួនឯង តាមរយៈការបង្ហាត់បង្រៀនជំនាញផ្នែកកសិកម្ម និងបសុសត្វ (សត្វចិញ្ចឹមដូចជាគោក្របីនៅតាមកសិដ្ឋាន) ជាដើម។ ព្រោះថាបច្ចុប្បន្ននេះ ក៏មានកូនសិស្សរបស់គាត់ជាច្រើននាក់ បានចេញធ្វើការងារប្រកបដោយភាពឯករាជ្យរបស់ពួកគេផងដែរ។

មិនត្រឹមតែប៉ុណ្ណោះ លោកគ្រូ Cikgu ថែមទាំងត្រូវបានគេចាត់ទុកថា ប្រៀបបីដូចជាឪពុកដ៏ល្អម្នាក់ ដោយសារតែសកម្មភាពមើលថែកូនសិស្សតូចធំ ដូចជាកូនរបស់គាត់យ៉ាងអីចឹង។ ហើយសូម្បីតែឪពុកម្តាយសិស្សជាច្រើន ក៏គោរពស្រលាញ់ និងពេញចិត្តលោកគ្រូ Cikgu ខ្លាំងៗដូចគ្នា។

លោកគ្រូ Cikgu ថើបកូនសិស្ស

យ៉ាងណាមិញ ក្នុងអំឡុងថ្ងៃលាគ្នាជាលើកចុងក្រោយជាមួយនឹងកូនសិស្សនោះ លោកគ្រូ Cikgu ត្រូវបានគេមើលឃើញថា បានបង្ហាញសកម្មភាពយ៉ាងកក់ក្តៅមួយទៅដល់ពួកគេ តាមរយៈការផ្តល់ស្នាមថើប និងឱបកូនសិស្សពេញដើមទ្រូងម្នាក់ម្តងៗ លាយឡំមកជាមួយនឹងភាពក្តុកក្តួលរំជួលចិត្ត សម្រក់ទឹកភ្នែក ទាំងលោកនិងកូនសិស្ស ពេញដោយក្តីអាឡោះអាល័យយ៉ាងពន់ពេក។

គួរឲ្យដឹងផងដែរថា បើទោះបីជាយ៉ាងនេះក្តី គ្រប់គ្នាក៏បានជូនពរលោកគ្រូ Cikgu Khairul ឲ្យមានជីវិតរីករាយជាបន្តទៀត នៅក្នុងការបង្រៀនកូនសិស្សនៅ Kelantan ហើយក៏នឹងបន្តសកម្មភាពជាគ្រូបង្រៀនដ៏អស្ចារ្យ ដើម្បីទទួលបានការគោរពស្រលាញ់ពីគ្រប់គ្នាផងដែរ៕

តើសម្រាប់ប្រិយមិត្តវិញយល់យ៉ាងណាដែរ?

ទស្សនាវីដេអូខាងក្រោម៖   

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]