ភ្នំពេញ៖ ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍន៍ និងលើកកម្ពស់វិស័យអប់រំក្នុងប្រទេសកម្ពុជា ណាហ្គាវើលដ៍ បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា (MoU) ជាមួយក្រសួងអប់រំ យុវជន និងកីឡា ដើម្បីឧបត្ថម្ភសម្ភារៈសិក្សារយៈពេលមួយឆ្នាំ ដល់សាលារៀនចំនួន ៥៥ នៅក្នុងខេត្តចំនួន ១១ ។

ណាហ្គាវើលដ៍ និងក្រសួងអប់រំ ចុះហត្ថលេខាលើអនុស្សរណៈ
សាលាបឋមសិក្សាចំនួន ៥៥ នឹងទទួលបានសម្ភារៈសិក្សា

ជាផ្នែកមួយនៃកម្មវិធីទំនួលខុសត្រូវក្នុងសង្គមរបស់ណាហ្គាវើលដ៍ ដែលផ្តោតទៅលើការលើកកម្ពស់វិស័យអប់រំ ការសហការនេះក៏នឹងផ្តោតទៅលើការលើកកម្ពស់ការយល់ដឹងអំពីសុវត្ថិភាពអគ្គីភ័យ និងការឧបត្ថម្ភបំពង់ពន្លត់អគ្គីភ័យ នៅតាមអនុវិទ្យាល័យ និងវិទ្យាល័យផងដែរ។
នាយកគ្រប់គ្រងណាហ្គាវើលដ៍ លោក Pern Chen បានមានប្រសាសន៍ថា៖ 

«យើងមានកិត្តិយសយ៉ាងខ្លាំង ដែលបានសហការជាមួយក្រសួង ដើម្បីជួយលើកកម្ពស់ការអភិវឌ្ឍន៍វិស័យអប់រំក្នុងព្រះរាជាណាចក្រកម្ពុជា ពីព្រោះវាដើរយ៉ាងសំខាន់ក្នុងការកសាងប្រទេសជាតិ។ ចាប់តាំងពីឆ្នាំ២០១៤ យើងបានចូលរួមធ្វើឲ្យបរិយាកាសនៃការសិក្សារៀនសូត្រប្រសើរឡើង និងបានផ្តល់សម្ភារៈសិក្សាដល់សិស្សានុសិស្សជាង ១៨១.០០០ នាក់ នៅតាមសាលារៀនជាង ១០០ នៅតាមខេត្តចំនួន ១០ ក្នុងប្រទេសកម្ពុជា។ ក្នុងឆ្នាំនេះយើងបានពង្រីកគម្រោងនេះទៅកាន់ខេត្តមួយទៀត។ យើងសង្ឃឹមថា ការឧបត្ថម្ភរបស់យើងនឹងជួយគ្រួសារ ដែលមានជីវភាពខ្វះខាតឲ្យទទួលបានសម្ភារៈសិក្សាសម្រាប់កូនៗរបស់ពួកគេ។ ក្នុងរយៈពេល ២ ឆ្នាំកន្លងទៅនេះ យើងបានផ្តល់សិក្ខាសាលាស្តីពីសុវត្ថិភាពអគ្គីភ័យផងដែរ ដែលបានផ្តល់ផលប្រយោជន៍ដល់សិស្សានុសិស្សប្រមាណ ៥.០០០ នាក់។ ជាមួយអនុស្សរណៈយោគយល់គ្នានេះ យើងក៏នឹងពង្រីកកម្មវិធីលើកកម្ពស់ការយល់ដឹងអំពីសុវត្ថិភាពអគ្គីភ័យនេះទៅដល់សាលារៀនច្រើនជាងមុន ជាពិសេសជួយអប់រំសហគមន៍របស់យើង និងការពារពួកគេពីមហន្តរាយនៃអគ្គីភ័យ»។
កម្មវិធីលើកកម្ពស់ការយល់ដឹងអំពីសុវត្ថិភាពអគ្គីភ័យ

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ថា៖

«យើងសូមសរសើរ និងវាយតម្លៃខ្ពស់ចំពោះការឧបត្ថម្ភ និងការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនណាហ្គាវើលដ៍ក្នុងការជួយឧបត្ថម្ភ និងគាំទ្រដល់ការអភិវឌ្ឍន៍វិស័យអប់រំក្នុងប្រទេសកម្ពុជា និងផ្តល់ចំណេះដឹងសង្គ្រោះជីវិតពីអគ្គីភ័យដល់សិស្សានុសិស្ស និងសហគមន៍របស់យើង»។

ការចែកសម្ភារៈសិក្សា ត្រូវបានធ្វើឡើងនៅតាមទីធ្លាសាលាបឋមសិក្សាដោយមានអ្នកស្ម័គ្រចិត្តនៃក្រុមការងារសង្គមណាហ្គាវើលដ៍បេះដូងសប្បុរស ជាអ្នកជួយចែកសម្ភារៈសិក្សាដល់សិស្សានុសិស្សថ្នាក់ទី ១-៦ និងលើកទឹកចិត្តឲ្យពួកគេប្រឹងប្រែងរៀនសូត្រ ដើម្បីអនាគតភ្លឺស្វាង និងសម្រេចក្តីស្រមៃរបស់ពួកគេ។ ណាហ្គាវើលដ៍ ក៏បានផ្តល់រង្វាន់ដល់សិស្សពូកែផងដែរ ដើម្បី ឲ្យពួកគេកាន់តែខិតខំរៀនសូត្រ និងមិនបោះបង់គោលដៅជីវិតរបស់ពួកគេ។

រីឯកម្មវិធីលើកកម្ពស់ការយល់ដឹងអំពីសុវត្ថិភាពអគ្គីភ័យវិញ ត្រូវបានធ្វើឡើងនៅតាមអនុវិទ្យាល័យ និងវិទ្យាល័យទូទាំងរាជធានីភ្នំពេញ ហើយក្នុងឆ្នាំនេះណាហ្គាវើលដ៍នឹងពង្រីកកម្មវិធីសង្គ្រោះជីវិតដ៏មានសារៈសំខាន់នេះទៅកាន់ខេត្តកណ្តាល កំពង់ស្ពឺ និងខេត្តតាកែវ។ ការបណ្តុះបណ្តាល និងសិក្ខាសាលា ត្រូវបានផ្តល់ជូនដោយក្រុមការងារជំនាញពន្លត់អគ្គីភ័យរបស់ក្រុមហ៊ុនណាហ្គាវើលដ៍ ដើម្បីអប់រំដល់សិស្សានុសិស្សអំពីវិធីបង្ការអគ្គីភ័យ និងសុវត្ថិភាពអគ្គីភ័យ ព្រមទាំងឧបត្ថម្ភបំពង់ពន្លត់អគ្គីភ័យដល់សាលារៀនផងដែរ៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]