ចិន៖ បុរសជាប្តីជនជាតិចិនម្នាក់ ទទួលបានការសរសើរពីសំណាក់មហាជនជាច្រើននៅលើបណ្តាញសង្គម ក្រោយលេចធ្លាយវីដេអូឃ្លីបនៃសកម្មភាពរាំក្នុងមន្ទីរពេទ្យ ព្រោះតែចង់បង្កើតបរិយាកាសឲ្យប្រពន្ធបានរីករាយ និងសើចសប្បាយ ដើម្បីកុំឲ្យនាងស្រែកយំឈឺចាប់កំឡុងពេលសម្រាលកូន។

លោក Wang រាំ

បើយោងតាមប្រភពសារព័ត៌មានបានឲ្យដឹងថា កាលពីថ្ងៃទី២៧ មិថុនា ឆ្នាំ២០១៩ កន្លងទៅនេះ នៅចន្លោះម៉ោងប្រមាណជា ៣ទៀបភ្លឺ លោក And Wang បានប្រញាប់ប្រញាល់បញ្ជូនភរិយារបស់លោកទៅមន្ទីរពេទ្យ បន្ទាប់ពីនាងបានឈឺពោះឆ្លងទន្លេ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ បុរសក្លាហាន លោក Wang ក៏បានចូលក្នុងបន្ទប់សម្រាលកូននោះ តាមភរិយារបស់លោកផងដែរ។

ប្រភពដដែលបន្តថា ដោយសារតែភរិយារបស់លោក Wang មានអាយុក៏ច្រើន ពោលគឺ ៣៥ឆ្នាំ ហើយនេះក៏ជាទម្ងន់កូនលើកដំបូងទៀតនោះ ទើបធ្វើឲ្យនាងមានការឈឺចាប់ខ្លាំង និងពិបាកនៅក្នុងការសម្រាល។

ដោយសារតែបែបនេះហើយ ទើបបានជាធ្វើឲ្យ Wang កើតក្តីព្រួយបារម្ភ ជ្រួលច្របល់ និងភ័យខ្លាចយ៉ាងខ្លាំង នៅពេលដែលឃើញភរិយាជាទីស្រលាញ់របស់លោក មានការឈឺចាប់ខ្លាំងបែបនេះ។ ហើយលោកក៏ថែមទាំងបានស្នើសុំឲ្យក្រុមគ្រូពេទ្យ ជួយចាក់ថ្នាំស្ពឹកដើម្បីជួយទប់ទល់នឹងការឈឺចាប់នោះ ឲ្យភរិយារបស់លោកទៀតផង។

លោក Wang និងភរិយា

ប៉ុន្តែមិនថាយ៉ាងណា នៅភ្លាមៗនោះ លោក Wang ក៏បាននឹកឃើញគំនិតមួយ ព្រោះតែចង់ធ្វើឲ្យភរិយារបស់លោកបានសើចសប្បាយ និងបន្លប់ការឈឺចាប់ផងដែរ។ នៅគ្រានោះលោក Wang បាននិយាយថា៖ «អូនសម្លាញ់! បងនឹងរាំឲ្យអូនមើល! បងជឿជាក់ថា អូននឹងឈប់ឈឺទៀត នៅពេលដែលអូនបានឃើញបងរាំ!» 

ភ្លាមនោះ លោក Wang ក៏បានសុំការអនុញ្ញាតពីគ្រូពេទ្យ និងបានបើកចម្រៀង ដើម្បីបញ្ចេញក្បាច់រាំដ៏ទាក់ទាញមួយបែបរបាំប្រពៃណី ដើម្បីឲ្យភរិយារបស់លោកបានឃើញតែម្តង។ ខណៈដែលបុគ្គលិកពេទ្យក៏បានលួចថតពីសកម្មភាពមួយនេះរបស់លោក Wang ផងដែរ។

នៅទីបំផុត ការរាំរបស់លោក Wang គឺពិតជាមានប្រសិទ្ធភាព ពោលគឺ ភរិយារបស់លោកបានសើចសប្បាយបន្លប់ការឈឺការចាប់បានខ្លះៗ រហូតដល់នាងសម្រាលបានកូនប្រុសម្នាក់ដោយជោគជ័យ។

គួរឲ្យដឹងផងដែរថា បន្ទាប់ពីវីដេអូឃ្លីបមួយនេះ ត្រូវបានបង្ហោះចែកចាយ នៅក្នុងនោះទទួលបានការសរសើរយ៉ាងខ្លាំង ទៅកាន់លោក Wang ដោយអ្នកខ្លះបាននិយាយថា លោក Wang គឺពិតជាស្វាមីដ៏ល្អមែន។ ឯខ្លះទៀតថា លោកគឺជាស្វាមីដែលពូកែផ្អែមល្ហែមចំពោះភរិយា ហើយក៏ផ្អែមល្ហែមចំពោះកូនថែមទៀត។

គួរឲ្យដឹងបន្ថែមថា លោក And Wang ក៏ត្រូវបានគេស្គាល់ថា ជាគ្រូបង្ហាត់រាំម្នាក់ផងដែរ។ ដូច្នេះហើយទើបបានជាលោកអាចធ្វើវាបាន ហើយព្យាយាមសម្ដែងវាចេញមក ទាំងអារម្មណ៍ភ័យផងអរផង ដើម្បីជួយបន្លប់ការឈឺចាប់របស់ប្រពន្ធ៕

ទស្សនាវីដេអូខាងក្រោម៖

លោក Wang រាំ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]