អាមេរិក៖ ផ្ទុះការភ្ញាក់ផ្អើល ក្រោយមេរចនាម៉ូត iPhone នឹងចាកចេញពីក្រុមហ៊ុន Apple ដើម្បីរកស៊ីខ្លួនឯងនៅពេលខាងមុខនេះ។

យោងតាមប្រភពបានឱ្យដឹងថា លោក Jony Ive ដែលជាមេរចនាម៉ូតឱ្យផលិតផល Apple រួមមាន iMac iPod និង iPhone អស់រយៈពេលជាង២ទសវត្សរ៍នោះ លោកនឹងចាកចេញពីក្រុមហ៊ុនដើម្បីបើកអាជីវកម្មខ្លួនឯងនៅក្នុងឆ្នាំនេះ។

Jony Ive

ក្នុងនោះដែរ ក្រុមហ៊ុនថ្មីរបស់លោកនឹងមានឈ្មោះថា «LoveFrom» 

លោកបាននិយាយថា៖

«វាហាក់ដូចជារឿងធម្មជាតិ ហើយក៏ដល់ពេលដ៏ល្អក្នុងការផ្លាស់ប្តូរផងដែរ» ។

បន្ថែមពីនេះទៀត លោកក៏បានថ្លែងទៀតថា៖

«បន្ទាប់ពីធ្វើការលើគម្រោងរាប់មិនអស់រយៈពេលជិត ៣០ឆ្នាំមកនេះ ខ្ញុំពិតជាមានមោទកភាពបំផុតចំពោះស្នាដៃចុងក្រោយរបស់យើងក្នុងការបង្កើតក្រុមរចនា ដំណើរការ និងវប្បធម៌នៅក្នុងក្រុមហ៊ុន Apple» ។

Jony Ive និង Tim Cook
Jony Ive និង Steve Jobs

យោងតាមប្រភពច្បាស់ការណ៍មួយបានឱ្យដឹងថា ក្រុមហ៊ុន LoveFrom ថ្មីនេះនឹងមានទីតាំងនៅក្នុងរដ្ឋកាលីហ្វញ៉ា ហើយគម្រោងរកស៊ីរបស់លោក Jony Ive មួយផ្នែកនឹងផ្តោតលើបច្ចេកវិទ្យាដែលអាចពាក់បាន ឬ Wearable Technology ។

ការចាកចេញរបស់លោក Jony Ive ស្របពេលជាមួយនឹងការផ្លាស់ប្តូរខ្លាំងនៅក្នុងក្រុមហ៊ុនបច្ចេកវិទ្យាយក្សនេះ។ តួយ៉ាង ប្រធានផ្នែកលក់អ្នកនាង Angela Ahrendts ក៏បានចាកចេញពីក្រុមហ៊ុននេះ ​​​​​​​​​​​​​​​​​​កាលពីខែមេសា កន្លងទៅនេះផងដែរ។ ដូច្នេះការផ្លាស់ប្តូរខ្លាំងបែបនេះ បានធ្វើឱ្យវិនិយោគិនមានការព្រួយបារម្ភជាខ្លាំង ពីការធ្លាក់ចុះផ្នែកលក់របស់ក្រុមហ៊ុន Apple ។

គួរឱ្យដឹងផងដែរថា លោក Jony Ive និងលោក Steve Jobs បានជួយក្រុមហ៊ុន Apple ឱ្យរស់ឡើងវិញ ខណៈពេលដែលក្រុមហ៊ុនស្ទើរតែរលំកាលពីឆ្នាំ១៩៩៦។ លោកបានក្លាយទៅជាមនុស្សដ៏សំខាន់ម្នាក់នៅក្នុងក្រុមហ៊ុន Apple ។ ដូច្នេះការចាកចេញរបស់លោកពិតជាជះឥទ្ធិពលយ៉ាងខ្លាំងចំពោះ Apple ៕

ចង់ជ្រាបច្បាស់ទស្សនាវីដេអូខាងក្រោម៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]