ថៃ៖ នេះពិតជារឿងដ៏អាណោចអាធ័មពិតមែន! ថ្មីៗនេះ ប៉ូលិសថៃបានរកឃើញសាកសពស្រ្តីម្នាក់នៅក្នុងផ្ទះរបស់នាងក្នុងខេត្តផាធុមថានី និងបានបញ្ជាក់ថានាងបានស្លាប់ជាង ៦ខែមកហើយ។ ប៉ុន្តែស្ថានភាពដែលនាំឱ្យឈានទៅដល់ការរកឃើញសាកសពរបស់នាង គឺចាប់ផ្តើមពីការយល់សុបិនរបស់ឪពុកនាង។

យោងតាមប្រភពច្បាស់ការណ៍មួយបានឱ្យដឹងថា បុរសជាឪពុកឈ្មោះ Boonlong Boonplun អាយុ៧១ឆ្នាំ បាននិយាយថា គាត់បានយល់សប្តិឃើញប្រពន្ធគាត់ដែលបានស្លាប់បាត់ទៅ និងកូនស្រីឈ្មោះ Thiphaphat Phaksuk អាយុ៤៦ឆ្នាំមកពន្យល់សប្តិគាត់កាលពីថ្ងៃទី១៥ ខែមិថុនាកន្លងទៅនេះ។

ដូច្នេះ នៅពេលលោកអ៊ុំ Boonlong ភ្ញាក់ពីដំណេកហើយ លោកមានអារម្មណ៍ថាដូចជាមិនស្រួលចិត្តសោះ។ ដូច្នេះលោកអ៊ុំក៏សម្រេចចិត្តទៅលេងផ្ទះកូនស្រី ដែលមានចម្ងាយជាង ២០គីឡូម៉ែត្រពីផ្ទះរបស់គាត់នៅក្នុងខេត្តភីជីត។

ក្រោយមក នៅពេលទៅដល់ផ្ទះកូនស្រី លោកអ៊ុំ Boonlong មានការភ្ញាក់ផ្អើលជាខ្លាំង ព្រោះតែផ្ទះរបស់នាងប្រៀបដូចជាត្រូវបានបោះបង់ចោលយ៉ាងយូរអីចឹង ហើយថែមទាំងមានស្មៅដុះព័ទ្ធជុំវិញផ្ទះទៀត។ នៅពេលលោកអ៊ុំចូលទៅកាន់តែជិតទៅ លោកធុំក្លិនស្អុយចេញពីផ្ទះ  ដូច្នេះទើបលោកក៏បានប្តឹងប៉ូលិសឱ្យមកជួយ។

មិនយូរប៉ុន្មាន ប៉ូលិសក៏បានមកដល់កន្លែងកើតហេតុ រួចក៏បានគាស់ទ្វារចូល ហើយពួកគេបានរកឃើញសាកសពកូនស្រីរបស់លោកអ៊ុំ Boonlong ដែលបានស្លាប់ និងស្អុយរលួយនៅមាត់ទ្វារបន្ទប់ទឹកជាន់ផ្ទាល់ដី។

គួរឱ្យដឹងផងដែរថា អ្នកស្លាប់បានរស់នៅក្នុងផ្ទះតែម្នាក់ឯង បន្ទាប់ពីនាងបានលែងលះគ្នាជាមួយប្តីនាង។

យ៉ាងណាមិញ នៅពេលសួរអ្នកជិតខាងនៅទីនោះ ពួកគេបាននិយាយថា ពួកគេស្មានតែអ្នកនាង Thiphaphat (អ្នកស្លាប់) បានរើចេញឈប់នៅទីនេះហើយ ព្រោះភ្លើងនិងទឹករបស់នាង ត្រូវបានកាត់ផ្តាច់ចោលហើយ បន្ទាប់ពីនាងមិនបានបង់ប្រាក់។

ដោយឡែក លោកអ៊ុំ Boonlong បាននិយាយថា បើទោះបីជាពួកគេរស់នៅមិនសូវឆ្ងាយពីគ្នាក្តី ក៏ពួកគេពុំសូវបានជួបគ្នាប៉ុន្មានដែរ ពោលគឺ គាត់តែងតែចង់ទៅលេងកូនស្រីគាត់ ប៉ុន្តែនាងតែងតែនិយាយថា នាងរវល់រហូត មិនចង់ជួបគាត់នោះទេ។

ឆ្លងកាត់ការត្រួតពិនិត្យសាកសពបឋម ការស្លាប់របស់អ្នកនាង Thiphaphat មិនមានជាប់ការសង្ស័យអ្វីនោះទេ។

ដូច្នេះ សមត្ថកិច្ចបានធ្វើការសន្និដ្ឋានថា អ្នកនាង Thiphaphat អាចនឹងស្លាប់ដោយសារតែគាំងបេះដូង។ ប៉ុន្តែសាកសពរបស់នាងត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ Bhumibol Adulyadej ដើម្បីធ្វើកោសល្យវិច័យបន្ថែម ទើបអាចកំណត់ការស្លាប់ជាក់លាក់បាន៕

លោកអ៊ុំ Boonlong
ផ្ទុះអ្នកស្លាប់
សាកសពអ្នកស្លាប់
សាកសពអ្នកស្លាប់

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]