រុស្ស៊ី៖ អាចចាត់ទុកបានថា ជារឿងមួយដ៏សំណាងនិងអាយុថ្លៃបំផុត ដែលទារិកាទើបនឹងកើតម្នាក់ត្រូវម្តាយយកទៅបោះបង់ចោល ប៉ុន្តែត្រូវបានជួយសង្គ្រោះជីវិតទាន់ពេលវេលា ក្រោយបានគុណបុណ្យកូនឆ្កែដ៏ឆ្លាតមួយក្បាលបានឮសូរសំឡេង និងទាញម្ចាស់របស់វាឲ្យទៅមើល។

ទារិការងគ្រោះសម្រាកនៅមន្ទីរពេទ្យ

បើយោងតាមប្រភពសារព័ត៌មានបានឲ្យដឹងថា នៅក្នុងថ្ងៃកើតហេតុ កាលពីពេលថ្មីៗកន្លងទៅនេះ ទារិការងគ្រោះទើបនឹងកើតម្នាក់ ត្រូវបានម្តាយយកទៅបោះបង់ចោលនៅឯម្តុំគុម្ពស្មៅព្រៃមួយកន្លែង ស្ថិតក្នុងទីក្រុង St Petersburg ប្រទេសរុស្ស៊ី។

ប៉ុន្តែជាសំណាងល្អ ត្រូវបានកូនឆ្កែមួយក្បាល ឈ្មោះ Macho (ពូជឆ្កែ Jack Russell) បានឮសូរសំឡេងទារិការងគ្រោះស្រែកយំល្វើយៗ (សឹងស្តាប់មិនឮ) ខណៈកំពុងតែបណ្តើរគ្នាដើរជាមួយនឹងម្ចាស់របស់វា (ដាក់ខ្សែក្រឡៅ.ក)។ ហើយភ្លាមៗនោះ វាក៏បានព្យាយាមកន្រ្តាក់ទាញម្ចាស់របស់វា ស្ទុះរត់ចេញពីផ្លូវចូលទៅតំបន់ព្រៃ (ឬសួន) ដែលគេបោះបង់ចោលនោះ ដើម្បីរកមើលថាតើមានអ្វីកើតឡើង។

កូនឆ្កែ Macho

ម្ចាស់ Macho ដែលជាបុរសវ័យចំណាស់ បានភ្ញាក់ផ្អើលយ៉ាងខ្លាំង ដែលនៅទីបំផុតលោកបានប្រទះឃើញ ទារិការងគ្រោះស្ថិតក្នុងសភាពយ៉ាងគួរឲ្យអាណិតអាសូរ ត្រូវបានគេយកមកបោះបង់ចោលនៅក្នុងគុម្ពស្មៅព្រៃ ដោយរុំត្រឹមតែអាវយឺតមួយឲ្យតែប៉ុណ្ណោះ។

ភ្លាមៗក្រោយកើតហេតុ លោកក៏បានប្រញាប់ប្រញាល់នាំយកទារិការងគ្រោះទៅមន្ទីរពេទ្យ ដើម្បីទទួលបានការព្យាបាល និងសង្គ្រោះជីវិតផងដែរ។ ទារិការងគ្រោះត្រូវបានគេដឹងថា នាងមានទម្ងន់ ២,២គីឡូក្រាម។ នាងតូចបានរងសម្ពាធបាត់បង់កម្ដៅក្នុងខ្លួនយ៉ាងធ្ងន់ធ្ងរ ក៏ព្រោះតែកង្វះនូវអុកស៊ីសែន ទើបជាមូលហេតុធ្វើឲ្យស្ថានភាពនាងកាន់តែចុះខ្សោយខ្លាំង មិនអាចស្រែកយំឮខ្លាំងបាន។

ប៉ុន្តែមិនថាយ៉ាងណា មកទល់ពេលនេះ តាមការឲ្យដឹងពីគ្រូពេទ្យ ទារិការងគ្រោះរូបនេះទទួលបានសុខភាពល្អប្រសើរច្រើនជាងមុនផងដែរ ក្រោយទទួលបានការមើលថែទាំយ៉ាងយកចិត្តទុកដាក់។

ម្ចាស់កូនឆ្កែ Macho

គួរឲ្យដឹងផងដែរថា ជុំវិញនឹងករណីនេះ ប៉ូលិសក៏កំពុងតែបើកការស៊ើបអង្កេត ស្វែងរកមុខអាណាព្យាបាលទារក ពោលគឺម្តាយរបស់ទារិការងគ្រោះខាងលើនេះតែម្តង ដើម្បីនាំខ្លួនមកផ្តន្ទាទោសតាមផ្លូវច្បាប់។ ចំណែកឯ ទារិការងគ្រោះវិញមិនទាន់ដឹងច្បាស់ទេថា នឹងត្រូវបញ្ជូនទៅណាបន្តទៀតនោះឡើយ។

ងាកមកកាន់ Macho វិញ វាក៏ត្រូវបានគ្រប់គ្នាហៅវាថា ជាកូនឆ្កែដ៏ឆ្លាតមួយក្បាល ឬជាវីរបុរសជួយសង្គ្រោះដ៏អស្ចារ្យក្នុងរឿងមួយនេះផងដែរ។ ខណៈឯម្ចាស់ដែលសុំមិនបញ្ចេញឈ្មោះរបស់វាវិញ ក៏បានសម្ដែងក្តីរំភើប និងមានមោទកភាពចំពោះ Macho ដូចគ្នា៕

តើសម្រាប់ប្រិយមិត្តវិញយល់យ៉ាងណាដែរ?

ទស្សនាវីដេអូខាងក្រោម៖

ទារិការងគ្រោះសម្រាកនៅមន្ទីរពេទ្យ
ទារិការងគ្រោះសម្រាកនៅមន្ទីរពេទ្យ
កូនឆ្កែ Macho
តំបន់គុម្ពស្មៅដែលយកទារិកាទៅបោះបង់ចោល
កូនឆ្កែ Macho

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]