រាជធានីភ្នំពេញ ៖ ប្តីប្រពន្ធពីរនាក់ ត្រូវនគរបាលខណ្ឌចំការមន ឃាត់ខ្លួននៅអធិការដ្ឋាន នគរបាលខណ្ឌ កាលពីវេលាម៉ោង ១និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៣ កុម្ភៈ នៅផ្ទះលេខ២៤២ ផ្លូវលេខ៣៧៦ សង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមន បន្ទាប់ពីពួកគេទាំងពីរនាក់ ប្តីប្រពន្ធបានប្រើអំពើហិង្សាក្នុងគ្រួសា រដោយវាយម្តាយបង្កើតបណ្តាលឲ្យបាក់កដៃឆ្វេង ។

ស្រ្តីដែលសមត្ថកិច្ចឃាត់ខ្លួនខាងលើឈ្មោះអិន ចាន់ស៊ីថា អាយុ៣៣ឆ្នាំ ។ ចំណែកប្តីឈ្មោះប៉ោ វ៉ាន់គី អាយុ៣៥ឆ្នាំ ។ ឯស្រ្តីដែលរងរបួសដោយសារពីរនាក់ប្តីប្រពន្ធជាកូនព្រួតគ្នាវាយធ្វើបាបឈ្មោះចាន់ ស៊ីផន អាយុ៦២ឆ្នាំ និងត្រូវជាម្តាយបង្កើត របស់ស្ត្រីឈ្មោះ អិន ចាន់ស៊ីថា ។

តាមការនិយាយរៀបរាប់របស់ ស្ត្រីរងគ្រោះជាម្តាយបានឲ្យដឹងថា កូនប្រសារបស់គាត់ឈ្មោះ ប៉ោ វ៉ាន់គី ឲ្យតែផឹកស៊ីស្រវឹងពេលណាតែងតែមករករឿងគាត់ជានិច្ច ។ ប៉ុន្តែចំពោះការប្តឹងឲ្យសមត្ថកិច្ច ឃាត់ខ្លួនខាងលើនេះ គឺរូបគាត់ទាមទារសុំឲ្យសមត្ថកិច្ចធ្វើការអប់រំប្រៀន ប្រដៅពួកគេទាំងពីរនាក់កុំឱ្យធ្វើបាប ម្តាយពេកហើយដោះលែងទៅវិញចុះ ។

ដោយឡែកស្ត្រីឈ្មោះ អិន ចាន់ស៊ីថា បាននិយាយថា ម្តាយខ្លួនជាមនុស្សចាស់ខូច ចូលចិត្តសន្សំរឿងជាមួយកូនប្រសានិងកូនបង្កើត គឺរូបនាង ។ បើទោះជាយ៉ាងណា ស្រ្តីជាម្តាយបង្កើតមានការអន់ចិត្តខ្លាំងដែរ ដោយសារកូនបង្កើតកាន់ជើងប្តីជ្រុលពេក ៕

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]