អូស្រ្តាលី៖ ស្រ្តីជាកូនស្រីម្នាក់ បានសម្ដែងភាពក្តុកក្តួល និងភាពឈឺចាប់យ៉ាងខ្លាំង ក្រោយបានដឹងថា ឪពុកជរារបស់ខ្លួនត្រូវបានរងការប្រើហិង្សាវាយធ្វើបាប ពីសំណាក់បុគ្គលិកមើលថែទាំនៅមណ្ឌលចាស់ជរា បន្ទាប់ពីមានការសង្ស័យ និងបានលួចបង្កប់ដាក់កាមេរ៉ាសុវត្ថិភាពក្នុងបន្ទប់គេងដើម្បីធ្វើការតាមដាន។

បុគ្គលិកប្រើហិង្សាធ្វើបាបលោកតា Clarence

ជាក់ស្តែង តាមរយៈសកម្មភាពដែលត្រូវបានថតជាប់ដោយកាមេរ៉ាសុវត្ថិភាពនោះ លោកតារងគ្រោះឈ្មោះ Clarence Hausler មានវ័យ ៨៩ឆ្នាំ ត្រូវបានរងការធ្វើបាបពីបុគ្គលិកមើលថែទាំប្រុសម្នាក់ ឈ្មោះ Corey Lucas បានព្យាយាមចាប់ទាញដៃរបស់លោកតា ក្នុងសកម្មភាពប្រតាយប្រទង់គ្នា អំឡុងពេលកំពុងតែបញ្ចុកអាហារឲ្យគាត់ហូបនៅលើគ្រែងគេង និងថែមទាំងបានយកកូនកន្សែងទៅបុកជូតមុខជូតមាត់ឲ្យលោកតា Clarence យ៉ាងធ្ងន់ដៃ ទាំងមិនខ្វល់ថាលោកតាជាមនុស្សចាស់ជរាគ្មានកម្លាំងកំហែង និងរួមមានសកម្មភាពធ្វើបាបក្នុងរូបភាពជាច្រើនផ្សេងទៀត ពីសំណាក់បុគ្គលិកប្រុសនោះទៀតផងដែរ។

អ្នកស្រី Noleen

យ៉ាងណាមិញ បើតាមការឲ្យដឹងពីអ្នកស្រី Noleen Hausler ដែលត្រូវជាកូនស្រីលោកតា Clarence បាននិយាយថា ឪពុករបស់អ្នកស្រីដែលមានជំងឺចាស់វង្វេងវង្វាន់ ត្រូវបានរងការរំលោភបំពានរូបរាងកាយ តាមរយៈសកម្មភាពការប្រើហិង្សាវាយធ្វើបាបនេះ តាំងតែពីកំឡុងឆ្នាំ២០១៥ មកម៉្លេះ នៅមណ្ឌល Mitcham Residential Care Facility ក្នុងទីក្រុង Adelaide ប្រទេសអូស្រ្តាលី ដែលគ្រប់គ្រងដោយអង្គការ Japara Healhtcare ។

អ្នកស្រីចាប់បានសកម្មភាពនេះ ក្រោយមានការសង្ស័យ និងបានដាក់បង្កប់កាមេរ៉ាសុវត្ថិភាពនៅក្នុងបន្ទប់ ដែលឪពុករបស់អ្នកស្រីសម្រាកស្នាក់នៅ រហូតនៅទីបំផុតវាពិតជាធ្វើឲ្យអ្នកស្រីក្តុកក្តួលក្នុងចិត្តជាខ្លាំង។ ក្រោយមក អ្នកស្រីក៏បានរាយការណ៍ដំណឹង និងបានយកវីដេអូឃ្លីបនេះ ប្រគល់ឲ្យខាងក្រុមមន្រ្តីប៉ូលិសដើម្បីធ្វើការពិនិត្យ និងអនុវត្តន៍ទៅតាមផ្លូវច្បាប់ផងដែរ។

ក្រោយធ្វើការស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់ ជនសង្ស័យឈ្មោះ Lucas ដែលជាបុគ្គលិកនៅមណ្ឌលខាងលើនេះ ក៏ត្រូវបានចាប់ឃាត់ខ្លួន និងជាប់ពន្ធនាគារទៅតាមច្បាប់ជាធរមាន ចំពោះសកម្មភាពដែលខ្លួនបានប្រព្រឹត្តនេះផងដែរ។

អ្នកស្រី Noleen

ទាំងនេះគ្រាន់តែជារឿងរ៉ាវនៃការចែករំលែកជាថ្មី កាលពីពេលថ្មីៗនេះ ពីសំណាក់អ្នកស្រី Noleen Hausler ប៉ុណ្ណោះ។ អ្នកស្រី Noleen បាននិយាយថា រូបភាព សកម្មភាពទាំងនោះ វាពិតជាធ្វើឲ្យតក់ស្លុត និងព្រួយបារម្ភយ៉ាងខ្លាំងពីស្ថានភាពឪពុករបស់អ្នកស្រី។ ពោលគឺ បេះដូងស្ទើរតែធ្លាក់ដល់ដី ខណៈឯដៃក៏ញ័រអស់ហើយ ពេលបានឃើញទិដ្ឋភាពបែបនេះ។ អ្នកស្រីមិននឹកស្មានថា គេអាចធ្វើបែបនេះបានដាក់មនុស្សចាស់ជរា ដូចជាឪពុករបស់អ្នកស្រីបែបនេះសោះ។ អ្នកស្រីពិតជាសោកស្តាយខ្លាំងណាស់ ដែលមិនអាចការពារ ឬបំពេញការមើលថែឪពុកខ្លួនឯងឲ្យបានល្អប្រសើរជាងនេះ។

អ្នកស្រីបន្តថា ឪពុករបស់អ្នកស្រីធ្លាប់ត្រូវបានរងការធ្វើបាប ដោយបុគ្គលិកឈ្មោះ Lucas ខាងលើនេះ ជាច្រើនដងមកហើយ ហើយក៏ធ្លាប់រងការធ្វើបាបពីបុគ្គលិកដទៃទៀតផងដែរ។ អ្នកស្រីក៏បានធ្វើការចោទប្រកាន់ទៅខាងមណ្ឌល ចំពោះភាពធ្វេសប្រហែស និងខ្វះការគ្រប់គ្រងច្បាស់លាស់នេះផងដែរ។

Lucas

អ្នកស្រី Noleen បានរម្លឹក និងរៀបរាប់ឲ្យដឹងទៀតថា ឪពុករបស់អ្នកស្រីបានទទួលមរណភាពក្នុងកំឡុងខែមករា ឆ្នាំ២០១៧ ប៉ុន្តែមិនថាយ៉ាងណា វាក៏នៅតែជារឿងដ៏ដិតដាមមួយជាប់ក្នុងចិត្តរបស់អ្នកស្រី ដែលមិនអាចបំភ្លេចបាន។ អ្នកស្រីថា បញ្ហានេះប្រៀបបីដូចជាវាំងននខ្មៅ (ភាគច្រើននៃមណ្ឌលចាស់ជរា) យ៉ាងអីចឹង ព្រោះវាតែងតែកើតឡើងនៅរាល់ពេលទ្វារបិទ (ការប្រើហិង្សាធ្វើបាប)។

គួរឲ្យដឹងផងដែរថា ជុំវិញនឹងរឿងរ៉ាវនេះ អ្នកស្រី Noleen ក៏ទទួលបានការកោតសរសើរ ចំពោះភាពក្លាហាននៃកាចែករំលែកបទពិសោធន៍ដ៏គួរឲ្យភ័យខ្លាច និងឈឺចាប់នេះផងដែរ៕

ទស្សនាវីដេអូខាងក្រោម៖

ទីតាំងមណ្ឌលថែទាំចាស់ជរា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]