អេស្ប៉ាញ៖ កាលពីថ្ងៃពុធម្សិលមិញនេះ ម្ចាស់ជើងឯក FIFA World Cup 2010 នៅអាហ្វ្រិកខាងត្បូង ក្រុមបាលទាត់ជម្រើសជាតិអេស្ប៉ាញបានតែងតាំងលោក Robert Moreno ជាគ្រូបង្វឹកថ្មីជំនួសលោក Luis Enrique។ 

លោក Robert Moreno

លោក Robert Moreno មានឈ្មោះពេញ Robert Moreno Gonzalez និងមានវ័យ ៤២ឆ្នាំ កើតនៅទីក្រុង L’Hospaitalet ប្រទេសអេស្ប៉ាញ។ លោកចាប់ផ្ដើមអាជីពជាគ្រូបង្វឹកនៅឆ្នាំ២០០៣ ជាមួយក្រុមយុវជនជាច្រើន មុននឹងធ្វើជាជំនួយការរបស់លោក Luis Enrique នៅ Roma(2011-2012), Celta Vigo(2013-2014) Barcelona(2014-2017) និងចុងក្រោយក្រុមជម្រើសជាតិអេស៉្បាញ(2018-2019)។ 

លោក Robert Moreno

មុននឹងឈានទៅដល់ការតែងតាំងជាគ្រូបង្វឹកផ្លូវការ Robert Morerno ត្រូវបានសហព័ន្ធកីឡាបាល់ទាត់អេស្ប៉ាញ(REFF) តែងតាំងជាគ្រូបង្វឹកបណ្ដោះអាសន្នកាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩ ដោយពេលនោះលោក Luis Enrique មានភារកិច្ចជាមួយគ្រួសារ។ បន្ទាប់ពីទទួលបានតួនាទីជាគ្រូបង្វឹកបណ្ដោះអាសន្នលោក Robert Moreno បានដឹកនាំអេស្ប៉ាញក្នុងការប្រកួតជម្រុះពានរង្វាន់ UEFA Euro 2020 បីប្រកួតឈ្នះទាំងអស់ ដោយក្នុងនោះឈ្នះ ម៉ាល់តា ០-2 ក្រៅដី, ឈ្នះ Faroe Islands 1-4 ក្រៅដី និងចុងក្រោយបន្តឈ្នះស៊ុយអ៊ែត 3-0 នៅក្នុងកីឡដ្ឋាន Santiago Bernabue ទីក្រុង Madrid។ ដោយសារតែលទ្ធផលដែលលោក Moreno បានជួយជម្រើសជាតិអេស្ប៉ាញទាំងបីប្រកួត និងលោក Luis Enrique នៅតែមិនអាចមកដឹកនាំជម្រើសជាតិអេស្ប៉ាញវិញបានទើប REFF សម្រេចផ្ដល់សេចក្ដីទុកចិត្តតែងតាំងលោក Robert Moreno ជាគ្រូបង្វឹកផ្លូវការតែម្ដង។  

លោក Robert Moreno កាលនៅជាជំនួយការលោក Luis Enrique

បើតាមលោក Luis Rubiales ប្រធាន REFF បានិយាយថា “លោក Luis Enrique បានប្រាប់មក REFF ថាលោកមិនអាចបន្តធ្វើជាគ្រូបង្វឹកបានទៀតនោះទេ។” លោកបានបន្តទៀតថា “យើងសូមអរគុណចំពោះការខិតខំប្រឹងប្រែងរបស់គាត់ពីមុនមក។ ពួកយើងនៅតែចាំទទួលគាត់ជានិច្ច។” ។ អតីតគ្រូបង្វឹកក្រុមអ្នកមានបុណ្យ Barcelona ត្រូវបានគេដឹងថាលោកមានបញ្ហាជាមួយគ្រួសារដែលមិនអាចតម្រូវឲ្យលោកមានពេលវេលាគ្រប់គ្រាន់ក្នុងការដឹកនាំជម្រើសជាតិអេស៉្បាញបាននោះទេ។

លោក Luis Rubiales ប្រធានសហព័ន្ធកីឡាបាល់ទាត់អេស្ប៉ាញ (REFF)

បញ្ជាក់ដែរថា គ្រូបង្វឹកជម្រើសជាតិអេស៉្បាញថ្មីលោក Moreno នឹងត្រូវមានភារកិច្ចដឹកនាំអេស៉្បាញបន្តវគ្គជម្រុះ UEFA Euro 2020 ដោយក្នុងខែកញ្ញាខាងមុខ អេស៉្បាញនឹងត្រូវប្រឈមមុខជាមួយរ៉ូម៉ានីនៅថ្ងៃទី៥ ហើយនៅថ្ងៃទី៨ ត្រូវបន្តទៅប៉ះ Faroe Islands ម្ដងទៀត។

ប្រភព៖ GOAL 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]