តាម​គោលការណ៍​របស់​អង្គការ​សុខភាព​ពិភពលោក (WHO) និង​ក្រសួង​សុខាភិបាល តម្រូវ​ឲ្យ​ស្រីៗ សម្រាល​កូន​រួច​បំបៅ​ដោះ​កូន​ឲ្យ​បាន​យ៉ាង​តិច ៦ ខែ។ ហេតុអ្វី​បាន​ជា​តម្រូវ​ដូច្នេះ តើ​ទឹក​ដោះ​ម្តាយ​មាន​លក្ខណៈ​ពិសេស​អ្វី​ខ្លះ?

ទឹកដោះ​ម្តាយ​ល្អ​ឥត​ខ្ចោះ​សម្រាប់​ទារក វា​ជា​ប្រភព​ដ៏​សំខាន់​នៃ​សារធាតុ​ចិញ្ចឹម វីតាមីន ជួយ​ដល់​លូតលាស់​របស់​ក្មេង និង​ការពារ​កូន​តូច​ពី​ជំងឺ​ផ្សេងៗ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​លោក​ជំទាវ​វេជ្ជបណ្ឌិត ប្រាក់ សោភ័ណនារី អនុ​រដ្ឋលេខាធិការ ក្រសួង​សុខាភិបាល។

«ទឹក​ដោះ​ម្តាយ​សម្បូរ​សារធាតុ​ចិញ្ចឹម​ខ្ពស់ មាន​សុវត្ថិភាព បរិមាណ​គ្រប់​គ្រាន់​សម្រាប់​ទារក ទឹកដោះ​ម្តាយ​ប្រៀប​បាន​នឹង​ថ្នាំ​បង្ការ​ដំបូង​បង្អស់ ការពារ​ទារក​ប្រឆាំង​ទប់ទល់​នឹង​ជំងឺ​ផ្សេងៗ ជួយ​ឲ្យ​អង់ទីគ័រ​កុមារ​មាន​ភាព​រឹងមាំ»។

ដឹងថា​ទឹក​ដោះ​ម៉ាក់ៗ​មាន​ប៉ុន្មានប្រភេទ មានផ្ទុកអីខ្លះអត់?

ទឹកដោះ​ដែល​ចេញ​ដំបូងមាន​ពណ៌​លឿង​ថ្លា គេ​ឲ្យ​ឈ្មោះ​ថា “ទឹកដោះ​​ដំបូង” វា​មាន​ចំនួន​តិចតួច ២-៣ តំណក់​ប៉ុណ្ណោះ ចេញ​អំឡុង ២-៣ ថ្ងៃ​ដំបូង​ក្រោយ​សម្រាល​កូន​រួច។ លោក​ជំទាវ​វេជ្ជបណ្ឌិតឯកទេស​អាហារូបត្ថម្ភ ប្រាក់ សោភ័ណនារី ​ថា ទឹក​ដោះ​ដំបូង​មាន​ចំនួន​តិច​មែន តែ​ផ្តល់​ប្រយោជន៍​ច្រើន​លើស​លប់​ចំពោះ​ទារក ដូច្នេះម៉ាក់ៗ​កុំ​ច្រប៉ាច់​ទឹកដោះ​ដំបូង​ចោល​ឲ្យ​សោះ ត្រូវ​ឲ្យ​ម៉ឹម​ភ្លាម ព្រោះ​វា​សម្បូរវីតាមីន A សារធាតុ​ចិញ្ចឹម ជួយ​បង្កើន​ភាព​ស៊ាំ​ការពារ​ទារក​ពី​បាក់តេរី និង​វីរុស ជួយ​ភ្នែក និង​ការ​វិវត្ត​ក្រពះ​ពោះ​វៀន​ទារក។

គ្មាន​អ្វី​មក​ជំនួស​ទឹកដោះ​ម្តាយ​បាន​ឡើយ ក្រៅ​ពី​សម្បូរវីតាមីន និង​សារធាតុ​ចិញ្ចឹម ជួយ​ទ្រទ្រង់​រាងកាយ និង​លូត​លាស់ ទឹក​ដោះ​ម្តាយ​ក៏​សម្បូរ​ជាតិ​ទឹក​ដែរ។ ចំពោះ​ម៉ាក់ៗ​ដែល​បំបៅ​កូន​ដោយ​ទឹកដោះ​តែ​មុខ​គត់ មិន​តម្រូវ​ឲ្យ​បន្តក់​ទឹក​បន្ថែម​នោះទេ ក្នុង​អំឡុង ៦ ខែ​ដំបូង ទោះ​ជា​ទឹក​នោះ​ទឹក​ស្អាត​ក៏​ដោយ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]