ថៃ៖ កាលពីថ្មីៗនេះ មានការបង្ហោះចែកចាយរូបភាពជាច្រើនសន្លឹក នៅលើបណ្តាញសង្គម ជុំវិញនឹងការអណ្ដែតកាកសំណល់ស្រោមអនាម័យរាប់រយរាប់ពាន់ស្រោម នៅតាមប្រឡាយ ក្នុងទីក្រុងបាងកក ប្រទេសថៃ ក្រោយភ្លៀងធ្លាក់ប៉ុន្មានមេជាប់គ្នា បណ្តាលឲ្យមានទឹកជន់លិច ដែលជាហេតុផ្ទុះការរិះគន់យ៉ាងខ្លាំង ពីសំណាក់អ្នករស់នៅក្នុងតំបន់ និងមហាជនទូទៅ។

អណ្ដែតស្រោមអនាម័យពេញប្រឡាយ

បើយោងតាមប្រភពសារព័ត៌មានបានឲ្យដឹងថា រូបភាពទាំងនេះត្រូវបានសុះសាយនៅលើបណ្តាញសង្គមយក្ស ហ្វេសប៊ុក កាលពីថ្ងៃអាទិត្យ ទី១៦ មិថុនា ឆ្នាំ២០១៩ កន្លងទៅនេះ និងត្រូវបានគេដឹងថា ស្ថិតនៅទីតាំងប្រឡាយមួយកន្លែង ក្នុងតំបន់ Yai ក្បែរវត្ត Wat Chao Moon ទីក្រុងបាងកក ប្រទេសថៃ។

អណ្ដែតស្រោមអនាម័យពេញប្រឡាយ

កាកសំណល់ស្រោមអនាម័យដ៏គួរឲ្យស្មោកគ្រោក បូករួមទាំងសំណល់របស់របរជាច្រើនផ្សេងទៀត (កញ្ចប់កន្សែងត្រជាក់ជាដើម) ដែលគ្មានសណ្ដាប់ធ្នាប់នេះ ត្រូវបានអណ្ដែតពេញប្រឡាយទឹក ក្រោយភ្លៀងមានការជន់លិចខ្លាំង។

អណ្ដែតស្រោមអនាម័យពេញប្រឡាយ

យ៉ាងណាមិញ ក្រោយមានការរិះគន់ និងស្ដីបន្ទោសយ៉ាងខ្លាំងពីសំណាក់មហាជន នៅទីបំផុតគេក៏បានធ្វើការស៊ើបអង្កេតជុំវិញនឹងករណីនេះ ដោយដឹងថា នេះគឺជាកំហុសរបស់ខាងសណ្ឋាគារមួយដែលនៅក្បែរនោះ ចំពោះការទុកដាក់ ឬការបញ្ចេញចោលកាកសំណល់សំរាមដោយមិនបានត្រឹមត្រូវ ហើយសណ្ឋាគារនោះក៏នឹងត្រូវទទួលពិន័យទៅតាមផ្លូវច្បាប់ផងដែរ។

ថ្លែងប្រាប់សារព័ត៌មានក្នុងស្រុក មេមន្រ្តីប៉ូលិសក្នុងតំបន់ម្នាក់បាននិយាយថា «ពួកយើងមិនដែលជួបប្រទះនូវបញ្ហាបែបនេះពីមុនមកឡើយ។ ប៉ុន្តែមិនថាយ៉ាងណា ខាងសណ្ឋាគារនឹងត្រូវតែទទួលបន្ទុកលើបញ្ហានេះ ក៏ដូចជារងការផាកពិន័យផងដែរ។ ព្រោះថាពួកយើងមានភស្ថុតាងច្បាស់លាស់ដែលបញ្ជាក់បានថា កាកសំណល់ទាំងនេះ គឺពិតជារបស់ពួកគេមែន»

អណ្ដែតស្រោមអនាម័យពេញប្រឡាយ

ជាការពិតណាស់ ថ្វីបើសណ្ឋាគារខាងលើនេះ មិនត្រូវបានគេបញ្ចេញឈ្មោះក៏ពិតមែន ប៉ុន្តែវាក៏នៅតែត្រូវបានគ្រប់គ្នាដឹងយ៉ាងច្បាស់ តាមរយៈសម្បកកញ្ចប់កន្សែងត្រជាក់ ដែលមានដាក់ឈ្មោះសណ្ឋាគារ West Inn Hotel យ៉ាងចំៗតែម្តង។

ដោយឡែក បើផ្អែកតាមរយៈការរាយការណ៍ពីប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកមួយ អ្នកតំណាងខាងសណ្ឋាគារដែលមិនត្រូវបានបញ្ចេញអត្តសញ្ញាណម្នាក់ ក៏បានធ្វើការស្តីបន្ទោសទៅលើបុគ្គលិកប្រមូលសំរាមឯកជន ចំពោះភាពធ្វេសប្រហែសនេះដូចគ្នា។

កញ្ចប់កន្សែងត្រជាក់របស់សណ្ឋាគារ

គួរឲ្យដឹងផងដែរថា ជុំវិញនឹងករណីនេះ ខាងសណ្ឋាគារត្រូវបានគេដឹងថា នឹងត្រូវរងការពិន័យក្នុងចំនួនទឹកប្រាក់ ១០,០០០បាត (ឬប្រហែល ៣២០ដុល្លារអាមេរិក) ទៅតាមច្បាប់ជាធរមាន។ ចំណែកឯ កាកសំណល់ស្រោមអនាម័យទាំងនោះ បើគិតមកទល់ពេលនេះ ប្រភពក៏បានឲ្យដឹងដែរថា ត្រូវបានបុគ្គលិកអនាម័យក្នុងទីក្រុង ធ្វើការប្រមូលចោលរួចរាល់ផងដែរ៕

អណ្ដែតស្រោមអនាម័យពេញប្រឡាយ
អណ្ដែតស្រោមអនាម័យពេញប្រឡាយ
អណ្ដែតស្រោមអនាម័យពេញប្រឡាយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]