ខេត្តបាត់ដំបង ៖ យោងតាមរបាយការណ៍បឋមរបស់សមត្ថកិច្ចបានឱ្យដឹងថា ជនមិនស្គាល់អត្ដសញ្ញាណ បានធ្វើសកម្មភាពគាស់ផ្ទះប្រជាពលរដ្ឋមួយកន្លែង ចូលលួចទ្រព្យសម្បត្តិអស់ នៅព្រឹកថ្ងៃទី១៧ មិថុនា នេះ ស្ថិតក្នុងភូមិអង់ សង្កាត់អូរចា ក្រុងបាត់ដំបង ខណ:ម្ចាស់ផ្ទះរវល់ទៅផ្សារ ហើយបិទទ្វារចាក់សោទុកចោល ហើយគេសង្ស័យជនដៃដល់ជាមុខសញ្ញា ដែលនៅមិនឆ្ងាយពីមូលដ្ឋាននេះឡើយ ។
សេចក្ដីរាយការណ៍បានឲ្យដឹងថា ម្ចាស់ផ្ទះរងគ្រោះ ឈ្មោះរត្ន័ សុខគួន ភេទស្រី អាយុ៤៥ឆ្នាំ រស់នៅភូមិ- សង្កាត់កើតហេតុខាងលើ ។ សមត្ថកិច្ចបានឲ្យដឹងដែរថា នៅព្រឹកនោះ ម្ចាស់ផ្ទះបានបិទទ្វារចាក់សោរួចចេញទៅផ្សារបាត់ លុះត្រឡប់មកពីផ្សារវិញទើបមានការភ្ញាក់ផ្អើល ពេលឃើញស្នាមគាស់ផ្ដាច់សោទ្វារ និងស្នាមរើកកាយបាត់បង់ទ្រព្យសម្បត្តិ ។ ប៉ុន្តែម្ចាស់ផ្ទះមិនបានដឹងថា វាបានកើតឡើងនៅម៉ោងប៉ុន្មាននោះទេ ទាល់តែមកពីផ្សារវិញ ទើបគាត់ដឹង ។
ជាមួយនឹងការគាស់ផ្ទះ ចូលលួចនេះ ម្ចាស់ផ្ទះបានប្រាប់ថា គាត់បានបាត់ខ្សែ.កប្លាទីន២ខ្សែ, ចិញ្ចៀនប្លាទីន៣វង់, ម៉ូទ័រស្វានដែក១គ្រឿង និងម៉ូទ័រកាត់ដែក១គ្រឿង ។ បើតាមការពិនិត្យរបស់សមត្ថកិច្ចនៅទីនោះ គឺជនដៃដល់បានគាស់ផ្ដាច់សោទ្វារ រួចចូលទៅខាងក្នុងរើកកាយលួចយកទ្រព្យសម្បត្តិ ថែមទាំងលើកកេសឈើចេញមកខាងក្រៅគាស់ខ្ទេចខ្ទីទៀតផង ។
ពាក់ព័ន្ធនឹងសកម្មគាស់ទម្លុះទម្លាយលំនៅឋាននេះ គេសង្ស័យជនដៃដល់ជាមុខសញ្ញាដែលនៅមិនឆ្ងាយពីមូលដ្ឋាននេះឡើយ ព្រោះមុខសញ្ញានេះហ៊ានធ្វើសកម្មភាពទាំងព្រឹក ហើយអាចតាមដាននូវសកម្មភាពម្ចាស់ផ្ទះជាប្រចាំ ទើបឆ្លៀតពេលម្ចាស់ផ្ទះចេញទៅផ្សារជនដៃដល់ចូលធ្វើសកម្មភាពតែម្ដង ។ ទោះជាយ៉ាងណា ពេលនេះមន្ត្រីជំនាញកំពុងសាកសួរជនរងគ្រោះ និងកំពុងស៊ើបអង្កេតលើករណីនេះហើយ៕
ប្រភព៖ កោះសន្តិភាព
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]