រាជធានីភ្នំពេញ ៖ ខណៈម្តាយរវល់ដើរទៅរកដួសទឹកឱ្យផឹក សង្ស័យកូនប្រុសអាយុទើប៣ឆ្នាំ តោងបង្អូចដែកដែលឆ្លងចរន្តអគ្គិសនីបណ្តាលឱ្យឆក់ បើទោះបីជាក្រុមគ្រួសារព្យាយាមដឹកបញ្ជូនទៅមន្ទីរពេទ្យយ៉ាងណា ក៏មិនអាចជួយសង្គ្រោះជីវិតក្មេងប្រុសម្នាក់នោះបានដែរ ។
ហេតុការណ៍គួរឱ្យរន្ធត់ខាងលើនេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៦ល្ងាចថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៩ នៅផ្ទះលេខ៣៤ ផ្លូវបេតុង ភូមិព្រៃខ្លា សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ។
ក្មេងប្រុសរងគ្រោះដែលស្លាប់ខាងលើឈ្មោះ លាង រាជរិទ្ធិពង្ស អាយុ៣ឆ្នាំ រស់នៅក្នុងភូមិឃុំកើតហេតុខាងលើ។
តាមការបំភ្លឺពីបុរសឈ្មោះ លាង ធឿន ត្រូវជាឪពុករបស់ក្មេងប្រុសរងគ្រោះបានឲ្យដឹងថា មុនកើតហេតុ គាត់កំពុងអង្គុយជជែកគ្នាលេងនៅមុខផ្ទះជាមួយអ្នកជិតខាង និងបងប្អូនប្រមាណជាង១០នាក់ ពេលនោះប្រពន្ធរបស់គាត់ក៏បានអង្គុយបញ្ចុកបាយកូនប្រុសរងគ្រោះផងដែរ ។
តាមប្រភពដដែលបានបន្តថា លុះមួយសន្ទុះ ប្រពន្ធរបស់គាត់ក៏ដើរចូលទៅក្នុងផ្ទះបំណងដួសទឹកយកមកឲ្យកូនដែលជាជនរងគ្រោះ ព្រមទាំងគាត់ហូបផងដែរ ហើយពេលនោះគាត់ក៏មិនបានចាប់អារម្មណ៍ឡើយ លុះពេលប្រពន្ធដួសទឹកហើយចេញមកវិញ ស្រាប់តែបាត់កូនប្រុសរងគ្រោះពីមុខផ្ទះ លុះដើរទៅរកដល់ខាងក្រោយផ្ទះឃើញកូនប្រុសដេកដួលបាត់មាត់បាត់កទៅហើយ ពេលឃើញបែបនេះ គាត់ក៏ស្ទុះបីត្រកងកូន ហើយបង្កការភ្ញាក់ផ្អើលដល់អ្នកជិតខាងធ្វើការសន្និដ្ឋានថា បង្អូចដែកបានឆ្លងចរន្តអគ្គិសនី លុះពេលក្មេងប្រុសរងគ្រោះទៅតោងប៉ះចំ ក៏បណ្តាលឱ្យឆក់តែម្តង ។
តាមប្រភពដដែលបានបន្តទៀតថា ភ្លាមៗនោះគាត់ព្យាយាមសង្គ្រោះអាយុជីវិតកូនប្រុស ដោយដឹកកូនប្រុសរងគ្រោះតាមម៉ូតូយកទៅមន្ទីរពេទ្យកុមារជាតិ តែជាអកុសល គ្រូពេទ្យប្រាប់ថា កូនប្រុសរបស់គាត់បានស្លាប់យូរហើយ ទើបគាត់ដឹកសពកូនប្រុសត្រឡប់មកផ្ទះវិញ និងរាយការណ៍ប្រាប់សមត្ថកិច្ចដើម្បីចុះពិនិត្យកន្លែងកើតហេតុ ដោយនាំគ្នាទៅពិនិត្យមើលបង្អូចដែកជាក់ស្តែង និងរកឃើញថា ពិតជាមានឆ្លងចរន្តអគ្គិសនីប្រាកដមែន ។
បើតាមការសន្និដ្ឋានរបស់សមត្ថកិច្ចបានឱ្យដឹងថា ខ្សែភ្លើងដែលបង្កប់ក្នុងបេតុងជាប់បង្អួចនោះ អាចដាច់រលាត់ ទើបឆ្លងចរន្តអគ្គិសនីទៅបង្អូចដែក លុះក្មេងរងគ្រោះទៅតោងប៉ះចំ ក៏បណ្តាលឲ្យឆក់ស្លាប់បែបនេះ ។
ក្រោយពីពិនិត្យរួច សមត្ថកិច្ចបានប្រគល់សពក្មេងប្រុសរងគ្រោះជូនក្រុមគ្រួសារដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី ៕
ប្រភព៖ កោះសន្តិភាព
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]