ភ្នំពេញ៖ ក្រុមហ៊ុន Microsoft បានរៀបចំសិក្ខាសាលាមួយស្តីពីកន្លែងការងារដែលមានការការពារទៅថ្ងៃអនាគត ដោយមានការផ្តោតជាពិសេសទៅលើសហគ្រាសខ្នាតតូច និងមធ្យម។ ព្រឹត្តិការណ៍នេះដែលមានឈ្មោះថា «តើអ្នកមានសុវត្ថិភាព និងត្រៀមសម្រាប់អនាគតហើយ ឬនៅ?» ត្រូវបានរៀបចំឡើងនៅឯសណ្ឋាគារ សូហ្វីថែល ប៉ូកេត្រា ភ្នំពេញ កាលពីថ្ងៃពុធ។ អតិថិជនច្រើនជាង ១០០ នាក់ បានចូលរួមក្នុងសិក្ខាសាលានេះ ដើម្បីយល់ដឹងពីពិធីសាស្ត្របែបច្នៃប្រឌិតថ្មី និងប្រើប្រាស់សេវាផ្ទុកទិន្នន័យ (Cloud) ក្នុងការបង្កើតការជឿជាក់ ការច្នៃប្រឌិតថ្មី កិច្ចសហប្រតិបត្តិការ ភាពដៃគូគូ និងសន្តិសុខនៅកន្លែងធ្វើការរបស់អាជីវកម្មខ្នាតតូច និងមធ្យម។

អំឡុងពេលនៃសិក្ខាសាលានេះ អ្នកចូលរួមទាំងអស់មានឱកាសក្នុងការស្តាប់ពីការធ្វើបទបង្ហាញលើប្រធានបទផ្សេងៗគ្នាជាច្រើនដូចជា សារៈសំខាន់នៃបច្ចេកវិទ្យាឌីជីថលសម្រាប់អាជីវកម្មខ្នាតតូច និងមធ្យម សុវត្ថិភាពលើប្រព័ន្ធអិនធឺណិត (Cyber) និងសារៈសំខាន់នៃការប្រើប្រាស់សេវាផ្ទុកទិន្នន័យដ៏គួរឲ្យទុកចិត្ត កម្មវិធីគ្រប់គ្រងទ្រព្យសម្បត្តិប្រព័ន្ធសូហ្វវ៉ែ (Software Assets Management) និងការវិភាគទៅលើសន្តិសុខប្រព័ន្ធអិនធឺណិត (Cyber Security Assessment)។

នៅប្រទេសកម្ពុជាអាជីវកម្មខ្នាតតូច និងមធ្យម គឺជាឆ្អឹងខ្នងរបស់សេដ្ឋកិច្ចក្នុងស្រុក និងបង្កើតឲ្យមានការអភិវឌ្ឍន៍ប្រទេសនេះឆ្ពោះទៅមុខ។ ជាមួយនឹងការមានបច្ចេកវិទ្យាជឿនលឿនឥតឈប់ឈរអាជីវកម្មជាច្រើននៅកម្ពុជា កំពុងតែត្រូវការជាចាំបាច់ទៅលើដំណោះស្រាយលើប្រព័ន្ធឌីជីថល ប្រកបដោយសុវត្ថិភាព និងឆ្លាតវៃ។ គោលបំណងនៃសិក្ខសាលានេះ គឺការចែករំលែកនូវចំណេះដឹង ព័ត៌មាន និងភាពជោគជ័យពីក្នុងតំបន់ និងពិភពលោកទៅកាន់អាជីវកម្មរបស់កម្ពុជា ដែលនឹងក្លាយជាជំនួយដ៏ធំក្នុងការធ្វើផែនការ និងប្រតិបត្តិយុទ្ធសាស្ត្រនៃការផ្លាស់ប្តូរប្រព័ន្ធឌីជីថលរបស់ខ្លួន។

អ្នកស្រី Shalini Ratwatte ប្រធានផ្នែកសាជីវកម្មការងារខាងក្រៅ និងការងារផ្នែកច្បាប់លើទីផ្សារថ្មីប្រចាំតំបន់អាស៊ីអាគ្នេយ៍របស់ Microsoft មានប្រសាសន៍ថា៖

«ទិន្នន័យ គឺជាមាសប្រាក់។ ការលើកឡើងបែបនេះបង្ហាញពីសារៈសំខាន់នៃសុវត្ថិភាពប្រព័ន្ធអិនធឺណិត និងប្រព័ន្ធផ្ទុកទិន្នន័យ (Cloud) ដែលជឿទុកចិត្តបាន។ Microsoft បានបង្កើតប្រព័ន្ធផ្ទុកទិន្នន័យរបស់ខ្លួន ដោយឈរលើគោលការណ៍ជាមូលដ្ឋានចំនួន ៤ រួមមាន សុវត្ថិភាព ឯកជនភាព អនុលោមភាព និងតម្លាភាព។ ជារៀងរាល់ថ្ងៃ អ្នកអាជីពផ្នែកសុវត្ថិភាពរបស់ក្រុមហ៊ុន Microsoft ចំនួន ៣៥០០ នាក់ កំពុងការពារទិន្នន័យរបស់អតិថិជនយើង។ យើងបានប្រើប្រាស់កម្មវិធីសិប្បនិម្មិតឆ្លាតវៃ (Artifical Intelligence) ដើម្បីវិភាគលើសញ្ញាទូទាំងពិភពលោកចំនួន ៦៥០០ លានសញ្ញា ដើម្បីការពារ រកឲ្យឃើញ និងឆ្លើយតបទៅនឹងការគំរាម ឬមេរោគផ្សេងៗតាមប្រព័ន្ធអិនធឺណិត។ យើងបន្តធ្វើការវិនិយោគក្នុងទឹកប្រាក់រាប់ពាន់លានដុល្លារអាមេរិកទៅលើប្រព័ន្ធសុវត្ថិភាព ការស្រាវជ្រាវ និងអភិវឌ្ឍ ដើម្បីជួយឲ្យអតិតថិជនរបស់យើងមានហេដ្ឋារចនាសម្ព័ន្ធ ផ្លាតហ្វម និងសេវាផ្ទុកទិន្នន័យ ដ៏មានសុវត្ថិភាពបំផុត ដោយគ្មានភាពរអាក់រអួល និងការកាត់ផ្តាច់ណាមួយ។ នេះគឺជាការប្តេជ្ញាចិត្តរបស់យើងចំពោះអតិថិជនរបស់យើង»។ 
សិក្ខាសាលាមួយស្តីពីកន្លែងការងារដែលមានការការពារទៅថ្ងៃអនាគត

ក្នុងការធ្វើបទបង្ហាញរបស់អ្នកស្រី Ratwatte បានពន្យល់ និងបានបកស្រាយឲ្យកាន់តែច្បាស់បន្ថែមទៀតទៅលើកង្វល់ផ្សេងៗ ជុំវិញគោលនយោបាយនៃប្រព័ន្ធកុំព្យូរទ័រផ្ទុកទិន្នន័យ ទិន្នន័យឯកជន សន្តិសុខ និងអធិបតេយ្យភាព ការអនុលោម និងបញ្ហាផ្សេងៗជាច្រើនទៀត។ លោក Chinthaka Dunuwille អ្នកគ្រប់គ្រងផ្នែកទ្រពសម្បត្តិសូហ្វវ៉ែសម្រាប់ទីផ្សារថ្មីនៅអាស៊ីអាគ្នេយ៍របស់ក្រុមហ៊ុន Microsoft បានឲ្យដឹងថា៖ 

«ប្រសិនបើគ្មានគោលនយោបាយសមរមផ្នែកបច្ចេកវិទ្យាព័ត៌មាន (IT) នៅកន្លែងការងារទេនោះ និយោជិត អាចនឹងទាញយកកម្មវិធីសូហ្វវ៉ែមិនមានអាជ្ញាបណ្ណដោយមិនដឹងថា មានភ្ជាប់ជាមួយនឹងសូហ្វវ៉ែមេរោគផ្សេងៗជាច្រើន ដែលនាំឲ្យអន្តរាយដល់សុវត្ថិភាពក្រុមហ៊ុនទាំងមូល»។
សិក្ខាសាលាមួយស្តីពីកន្លែងការងារដែលមានការការពារទៅថ្ងៃអនាគត

លោកក៏បានលើកឡើងពីបញ្ហាឧក្រិដ្ឋកម្មតាមប្រព័ន្ធអិនធឺណិត (Cybercrime) និងវិធីសាស្ត្រដែលក្រុមហ៊ុន Microsoft អាចជួយឲ្យក្រុមហ៊ុននានា មានសុវត្ថិភាពពីឧក្រិដ្ឋកម្មប្រព័ន្ធអិនធឺណិតផងដែរ។ វាគ្មិនទាំង២ របស់ក្រុមហ៊ុន Microsoft ក៏បានផ្តល់ចំណេះដឹងដល់សិក្ខាកាមទាំងអស់ ទាក់ទងនឹងអន្តរកម្មរបស់ប្រព័ន្ធសុវត្ថិភាពនៃកម្មវិធីផ្ទុកទិន្នន័យរបស់ Microsoft (Microsoft Cloud App Security) ផងដែរ។ ការផ្តល់ដំណោះស្រាយតាមរយៈកម្មវិធីដំណើរការប្រព័ន្ធផ្ទុកទិន្នន័យដោយសុវត្ថិភាព (Cloud Access Security Broker ឬ CASB) នឹងជួយឲ្យអ្នកប្រើប្រាស់មើលឃើញច្បាស់ពីសេវា និងកម្មវិធីផ្សេងៗលើប្រព័ន្ធផ្ទុកទិន្នន័យរបស់ខ្លួន ក៏ដូចជាផ្តល់នូវការវិភាគលើបញ្ហាផ្សេងៗ ដើម្បីកំណត់ និងប្រឆាំងនឹងមេរោគផ្សេងៗតាមប្រព័ន្ធអិនធឺណិត។ អ្នកចូលរួមក្នុងសិក្ខាសាលាទាំងអស់ក៏បានរៀនអំពីកម្មវិធីសុវត្ថិភាព Microsoft 365 Security និងសមត្ថភាពដែលកម្មវិធីនេះ អាចពង្រីកការពារទៅលើឯកសារផ្សេងៗ ដោយមានមូលដ្ឋានផ្តោតលើសុវត្ថិជាពិសេសដែលត្រូវបានបញ្ចូលក្នុងឯកសារនោះ។

ជាមួយនឹងលទ្ធភាពគ្មានដែនកំណត់ដែលការផ្លាស់ប្តូរប្រព័ន្ធឌីជីថល អាចផ្តល់ឲ្យកម្ពុជា ក្រុមហ៊ុន Microsoft មានការប្តេជ្ញាចិត្តក្នុងការជួយដល់សហគ្រាសនានា បង្កើនល្បឿនលើដំណើរផ្លាស់ប្តូរប្រព័ន្ធឌីជីថលរបស់ខ្លួន។ ក្រុមហ៊ុននេះ កំពុងតែលើកទឹកចិត្តឲ្យសហគ្រាសនានានៅកម្ពុជា បង្កើនលឿនលើការពង្រីកវិសាលភាពដល់អតិថិជនរបស់ខ្លួន ជាមួយនឹងបញ្ចុះតម្លៃ ៥០% លើកម្មវិធីផ្ទុកទិន្នន័យ Office 365 Business Essentials និង ២០%លើកម្មវិធី Office 365 Business Premium។

ដើម្បីស្វែងរកព័ត៌មានបន្ថែមអំពីសេវាផ្ទុកទិន្នន័យ ឧបករណ៍ផ្សេងៗ និងកញ្ចប់កម្មវិធីអភិវឌ្ឍប្រព័ន្ធសូហ្វវ៉ែក្នុងប្រព័ន្ធ Azure សូមចូលទៅកាន់ https://microsoft.com/learnhttps://www.microsoft.com/en-us/security/https://www.microsoft.com/en-us/trust-center

សិក្ខាសាលាមួយស្តីពីកន្លែងការងារដែលមានការការពារទៅថ្ងៃអនាគត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]