រាជធានី​ភ្នំពេញ ៖ បុរស​ជា​រត់​រ៉ឺ​ម៉ក​ម៉ូតូ​ម្នាក់​ត្រូវ​ជន​មិន​ស្គាល់​មុខ​វាយ​សម្លាប់ ហើយ ត្រូវ​បាន​គេ​ប្រទះ​ឃើញ​សព​ដេក​ស្លាប់​ក្នុង​ថ្លុកឈាម​យ៉ាង​អាណោចអាធ័ម​។ ឃាតកម្ម នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​ប្រមាណ​៣ និង​៤០​នាទី​រសៀល ថ្ងៃ​ទី​១២ ខែមិថុនា ឆ្នាំ​២០១៩ នៅ​តាម​ផ្លូវលំ​មុខ​ផ្ទះ​របស់​ខ្លួន​ក្នុងភូមិ​អណ្តូង សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ​។

ជន​រង​គ្រោះ​ដែល​ត្រូវ​ឃាតក​វាយ​សម្លាប់​ឈ្មោះ កែម គី​រី​វុ​ធ ហៅ​ពៅ អាយុ​៥០​ឆ្នាំ មុខរបរ​រត់​រ៉ឺ​ម៉ក​ម៉ូតូ ស្នាក់​នៅ​ភូមិ​កើតហេតុ​ខាងលើ​ត្រូវ​បាន​ឃាតក​មិន​ស្គាល់​មុខ វាយ​នឹង​របស់​រឹង ហើយ​ដេក​ស្លាប់​នៅ​ក្បែរ​ផ្ទះ របស់​ខ្លួន​។ ទោះបីជា​យ៉ាងណា​គេ​ពុំ​ដឹង​ថា បុរស​រូប​នោះ​ត្រូវ​បាន​គេ​វាយ​សម្លាប់​តាំងពី​ពេល​ណា ហើយ​មាន​គំនុំ​អ្វី​ឡើយ​។

តាម​ប្រភព​ព័ត៌មាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ មាន​មេជាង​សំណង់​ម្នាក់ ឈ្មោះ ប៉េង វុ​ធ​ធិ​ន អាយុ​៣៧​ឆ្នាំ ដែល​ជា​អ្នក​ធ្វើ​ផ្ទះ​ឲ្យ​ជន​រង​គ្រោះ​ក៏​បាន​ធ្វើ​ដំណើរ​ចេញ​មក​យក​ខ្សាច់ ក៏​បាន​ប្រទះ​ឃើញ​បុរស​ជា​ម្ចាស់ផ្ទះ​ដេក​ស្លាប់​នៅ​ក្នុង​ថ្លុកឈាម ហើយ​បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ និង​រាយការណ៍​ប្រាប់​សមត្ថកិច្ច​ចុះ​ពិនិត្យ​តែ​ម្តង​។

តាម​ព័ត៌មាន​ឲ្យ​ដឹង​ទៀត​ថា ជា​ទូទៅ​ជន​រង​គ្រោះ តែង​ទុក​រ៉ឺ​ម៉ក​ម៉ូតូ​នៅ​លើ​ផ្លូវ​បេតុង រួច​ក៏​បាន​ដើរ​ចូល​ផ្ទះ​តែ​ពេល​នេះ​មិនដឹង​មូលហេតុ​អ្វី​នោះ​ទេ ស្រាប់តែ គេ​ប្រទះ​ឃើញ​ដេក​ស្លាប់​។

គេ​ពុំ​ដឹង​ថា ឃាតក​មាន​គំនុំ​អ្វី​នោះ​ទេ បានជា​វាយ​សម្លាប់​បុរស​នោះ​ទាំង​ថ្ងៃ ហើយ ពុំ​មាន​នគរបាល​ដឹង​បែប​នោះ​។ បន្ទាប់​ពី​មានការ​ភ្ញាក់ផ្អើល​នគរបាល​ជំនាញ​ក៏​បាន​ចុះ​ទៅ​កន្លែង កើតហេតុ ធ្វើការ​ត្រួតពិនិត្យ​សព មាន​ស្នាម​ផុង​លលាដ៍​ពីក្រោយ​។ នគរបាល​ជំនាញ​ក៏​បាន​សន្និដ្ឋាន​ថា ជន​រង​គ្រោះ​ត្រូវ​បាន​ឃាតក វា​យក​សម្លាប់​នឹង​របស់​រឹង​។

តាម​សមត្ថកិច្ច​មានការ​សង្ស័យ​ថា ឃាតក មិន​នៅ​ឆ្ងាយ​នោះ​ទេ​អាច​លួច​វាយ​ទៅ​លើ​ជន​រង​គ្រោះ​ចំ​ក្បាល​បណ្តាល​ឲ្យ​ដួល​ស្លាប់​នោះ​កន្លែង សមត្ថកិច្ច​កំពុង​តែ​ស្រាវជ្រាវ ជុំវិញ​ឃាតកម្ម​នោះ​។ តាម​ព័ត៌មាន​ចុង​ក្រោយ​បាន​ឲ្យ​ដឹង​ថា ឃាតក ជា​មនុស្ស​ញៀន​ថ្នាំ ត្រូវ​បាន​កម្លាំង​នគរបាល​ឃាត់ខ្លួន​បាន​ហើយ​នៅ​វេលា​យប់​៕

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]