រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ត្រូវ​បាន​ស្ត្រី​ជា​ប្រពន្ធ​ដាក់​ពាក្យ​ប្ដឹង​សុំ​ការ​អន្តរាគមន៍​ពី​សំណាក់​កម្លាំង​នគរបាល​ប៉ុស្តិ៍ កន្ទោក​ឲ្យ​ចាប់ខ្លួន​ទាំង​យប់ ដោយ​បាន​ចោទប្រកាន់​ថា​បុរស​ជា​ប្ដី​ម្នាក់​នេះ​មិនដឹង​ជា​យ៉ាងម៉េច​ទេ​ឲ្យ​តែ បាន​ស្រា ចូលខ្លួន​ហើយ​គឺ​មានចិត្ត​កាច​សាហាវ​តែងតែ​ប្រើ​អំពើ​ហិង្សា​វាយដំច្រំធាក់​ធ្វើបាប​រូប​នាង​ជា​ញឹកញាប់ ព្រមទាំង​វាយ បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​នៅ​ក្នុងផ្ទះ​ថែម​ទៀត​ផង​។

ដោយសារ​តែ​ប្ដី​មាន​ចរិត​ខិលខូច​កាច​សាហាវ ពូកែ​វាយដំ បែប​នេះ​ហើយ ទើប​ធ្វើ​ឲ្យ​នាង​អត់ទ្រាំ​តទៅ​ទៀត​លែង​បាន​ព្រោះ​នាង​ពុំ​មែន​ជា​បាវ​សាក់​សម្រាប់​ឲ្យ​ប្ដី​វាយ រាល់ថ្ងៃ ឡើយ ក៏​សម្រេច​ដាក់​ពាក្យ​ប្តឹង​សុំ​ឲ្យ​នគរបាល​ឃាត់ខ្លួន​ចាត់ការ​តាម​ច្បាប់​តែ​ម្ដង​។

ការ​ចាប់ខ្លួន​នេះ​បាន​ធ្វើ​ឡើង កាលពី​វេលា​ម៉ោង​១០ និង​៣០​នាទី​យប់ ថ្ងៃ​ទី​១០ ខែមិថុនា ឆ្នាំ​២០១៩ ស្ថិត​នៅ​ក្នុងភូមិ​កន្ទោក​ជើង សង្កាត់​កន្ទោក ខណ្ឌ​កំ​បូល រាជធានី​ភ្នំពេញ​។

បុរស​រូប​នេះ​ឈ្មោះ លឹ​ម ញ៉ា​ញ់ អាយុ​៣៩​ឆ្នាំ មុខរបរ​បើកបរ​រថយន្ត មាន​ទីលំនៅ​ក្នុង ភូមិ​កើតហេតុ​ខាងលើ ចំណែក​ស្ត្រី​ជា​ប្រពន្ធ​មិន​ត្រូវ​បាន​ទម្លាយ​ឲ្យ​ដឹង​ឈ្មោះ​ឡើយ គ្រាន់តែ​ដឹង​ថា​អ្នក​ទាំង​២ នាក់​នេះ រៀប​ការ​ជា​ប្ដី​ប្រពន្ធ​នឹង​គ្នា​១០​ឆ្នាំ​មក​ហើយ និង​មានកូន​២​នាក់​នៅ​ក្នុង​បន្ទុកគ្រួសារ​ថែម​ទៀត​ផង​។

តាម​នគរបាល​បាន​ឲ្យ​ដឹង​ថា មុន​នឹង​ឈាន​ដល់​ការ​ឃាត់ខ្លួន បុរស​នេះ​កម្លាំង​នគរបាល​ប៉ុស្តិ៍​កន្ទោក បាន​ទទួល​ពាក្យបណ្ដឹង​របស់​ស្ត្រី​ជា​ប្រពន្ធ​ដែល​បាន​ប្ដឹង​ចោទប្រកាន់​ថា​បុរស​នេះ​បាន​ប្រើ​អំពើ​ហិង្សា​ក្នុង​គ្រួសារ ដោយនៅ​ពេល​ផឹក​ស្រវឹង​ម្ដង​ៗ​តែង​បាន​វាយ​ធ្វើបាប​នាង​ជា​បន្តបន្ទាប់​។

ព្រមទាំង​វាយ​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ នៅ​ក្នុងផ្ទះមាន​ដូច​ជា តុ ទូ ទូរទស្សន៍​ជាដើម បណ្ដាល​ឲ្យ​រង​ការ​ខូចខាត​ខ្ទេចខ្ទី រហូត​អត់ទ្រាំ​ទៅ​នឹង​សកម្មភាព ប្រើ​ហិង្សា​លែង​បាន​តទៅ​ទៀត​នោះ ទើប​នាង​សម្រេចចិត្ត​ដាក់​ពាក្យ​ប្ដឹង​សុំ​ឲ្យ​កម្លាំង​នគរបាល​ប៉ុស្តិ៍ ជួយ​អន្តរាគមន៍ ចាប់ខ្លួន​លោក​ប្ដី​តែ​ម្ដង​។

ក្រោយ​ពេល​ចាប់ខ្លួន​ជនសង្ស័យ​ជា​ប្ដី​រូប​នេះ​បាន​និយាយ​ទាំង​ដៃ​ទាំង​២​ជាប់​ខ្នោះ​ថា ខ្លួន​មិន​បាន​វាយដំ​នាង​ជា​ប្រពន្ធ​នោះ​ឡើយ ប៉ុន្តែ​បាន​វាយ​ទ្រព្យសម្បត្តិ​នៅ​ក្នុងផ្ទះ ហើយ​ក៏​ត្រូវ​បាន​ប្រពន្ធ​ប្ដឹង ឲ្យ​នគរបាល​ចាប់ខ្លួន​បែប​នេះ​៕

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]