(រតនគិរី)៖ ស្របពេលដែលករណីគ្រុនឈាមផ្ទុះឡើងខ្លាំង ក្នុងស្រុក-ក្រុង ចំនួន៣ គឺស្រុកវ៉ើនសៃ, ស្រុកអូរជុំ និងក្រុងបានលុងនោះ មន្ត្រីមន្ទីរសុខាភិបាល កំពុងបង្កើនការបាញ់ថ្នាំសម្លាប់មូសខ្លា ប៉ុន្តែហាក់បីដូចជា មិនទាន់ថមថយ នៅឡើយទេ។ នេះបើតាមការបញ្ជាក់ឲ្យដឹង ពីលោកវេជ្ជបណ្ឌិត អ៊ុង រតនា ប្រធានមន្ទីរសុខាភិបាល ខេត្តរតនគិរី ប្រាប់ភ្នាក់ងារ Fresh News នៅព្រឹកថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៩។

លោកវេជ្ជបណ្ឌិត ប្រធានមន្ទីរសុខាភិបាលរូបនេះ ប្រាប់បន្តថា មន្ត្រីលោក រួមនិងគ្រូពេទ្យមន្ទីរពេទ្យបង្អែកខេត្ត បានសហការគ្នាយ៉ាងល្អ ពោលគឺ២៤ម៉ោង លើ២៤ម៉ោង តាមដានជំងឺកូនៗ​ ពួកគាត់ (ក្មេងៗគ្រុនឈាម)។

លោកវេជ្ជបណ្ឌិត អ៊ុង រតនា បញ្ជាក់ឲ្យដឹងទៀតថា ក្នុងចំណោមស្រុក-ក្រុង ទាំង៣ខាងលើនេះ គឺស្រុកវ៉ើនសៃ៧០ភាគរយ, ស្រុកអូរជុំ និងក្រុងបានលុង៣០ភាគរយ ហើយរហូតមកដល់ពេលនេះ មាន២៥៦ករណី, កំពុងសម្រាកព្យាបាល ក្នុងមន្ទីរពេទ្យបង្អែកខេត្ត មាន៧៥ករណី។

ដោយកំណើនក្មេងៗគ្រុនឈាម ច្រើនឡើងនោះ ខាងមន្ទីរពេទ្យបង្អែក មានលំបាកមួយចំនួន ដូចជាអាគារសម្រាកព្យាបាល មានតែ២០គ្រែ ដូច្នេះត្រូវខ្វះកន្លែង សម្រាកព្យាបាល, ទិញប៉ៅអីដាក់បន្ថែម, អាកាសធាតុក្តៅ ខ្វះកង្ហារ, ខាងមន្ទីរសុខាភិបាល បានយករថយន្តសង្គ្រោះ១គ្រឿង និងក្រុមគ្រូពេទ្យដាក់ប្រចាំការ នៅស្រុកវ៉ើនសៃ ដើម្បីជួយអន្តរាគមន៍កូនៗ ពួកគាត់ដែលកើតជំងឺគ្រុនឈាម មកមន្ទីរពេទ្យបង្អែកខេត្តផងដែរ។

លោកវេជ្ជបណ្ឌិត អ៊ុង រតនា បន្ថែមឲ្យដឹងទៀតថា ដោយមើលឃើញការលំបាកនោះ លោកទេសរដ្ឋមន្ត្រី លី ធុជ ប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានខេត្តរតនគិរី បានឧបត្ថម្ភតង់ចំនួន១០តំឡើង ដើម្បីឲ្យពួកគេ (ក្មេងៗគ្រុនឈាម អាចសម្រាកព្យាបាលជំងឺ)។

ទន្ទឹមនោះដែរ ខាងមន្ទីរសុខាភិបាល បានណែនាំពួកគាត់ ដើម្បីទប់ទល់ជំងឺកាចសាហាវនោះ គឺត្រូវដេកដាក់មុង, ដាក់ថ្នាំអាល់បែតក្នុងពាងទឹកប្រើប្រាស់ប្រចាំថ្ងៃ, កុំឲ្យមានទឹកដក់ក្នុងសំបកកង់ឡាន, កង់ម៉ូតូ, ពាង, អាងដែលដក់ទឹកអាចឲ្យកើតសត្វមូស។

សូមបញ្ជាក់ផងដែរកន្លងទៅថ្មីៗនេះ ដោយស្ថានភាពជំងឺធ្ងន់ធ្ងរគ្រូពេទ្យមិនអាចជួយសង្គ្រោះបាន កុមារីម្នាក់ ឈ្មោះ ហួត ផា អាយុ១០ឆ្នាំ នៅភូមិកាឡាន់ ស្រុកវ៉ើនសៃ បានស្លាប់ដោយជំងឺគ្រុនឈាមនេះ៕

ប្រភព៖ Fresh News

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]