ខេត្តកំពង់ស្ពឺ ៖ យុវតីម្នាក់បានបាត់ខ្លួនពីផ្ទះដោយគ្មានដំណឹង ធ្វើអោយឪពុកកាន់រូបថតទៅរកសមត្ថកិច្ចអោយជួយស្រាវជ្រាវតាមរក និងសូមអោយកូនស្រីវិលត្រឡប់មកផ្ទះវិញ ដោយឪពុកម្តាយអះអាងថា ទោះបីជាមានរឿងអ្វីក៏លើកលែងអោយដែរ។
សមត្ថកិច្ចនគរបាលស្រុកសំរោងទងបានអោយដឹងថា កាលពីវេលាម៉ោង៩ព្រឹកថ្ងៃទី៤ មិថុនា ២០១៩ មានបុរសម្នាក់ឈ្មោះ ឡុង សាត អាយុ ៥៥ឆ្នាំ រស់នៅភូមិអង្គតានន ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍រលាំងគ្រើលថាបានបាត់កូនឈ្មោះ សួន ស្រីតា ភេទស្រី អាយុ១៩ឆ្នាំ ។
តាមប្រភពពីឪពុកយុវតីដែលបាត់ខ្លួនខាងលើបានរៀបរាប់ថា កាលពីវេលាម៉ោង២រសៀលថ្ងៃទី២ មិថុនា ២០១៩ កូនស្រីរបស់គាត់បានជិះម៉ូតូមួយគ្រឿង ម៉ាកហុងដា ធុនC125 ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៨ ពាក់ផ្លាកលេខ កំពង់ស្ពឺ ១I-៧៤៦៨ ចេញពីផ្ទះដោយប្រាប់ពួកគាត់ជាឪពុកម្ដាយថា ទៅដូរម្សៅលាបមុខមួយភ្លែត ហើយក៏ជិះម៉ូតូចេញទៅបាត់។
តាមប្រភពដដែលបានបន្តថា ចាប់តាំងពីនោះមក កូនស្រីមិនបានត្រឡប់មកផ្ទះវិញនោះទេ ធ្វើអោយពួកគាត់ជាឪពុកម្តាយមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះសុវត្ថិភាពរបស់កូនស្រី ព្រោះនាងមានវ័យក្មេងអាចចាញ់បោកការលួងលោមរបស់ជនខិលខូច ហើយការបាត់ខ្លួនកូនស្រីនេះរហូតមកដល់ថ្ងៃទី៤ មិថុនា ឆ្នាំ២០១៩ មិនទាន់ឃើញត្រឡប់មកដល់ផ្ទះនៅឡើយ ។
តាមប្រភពដដែលបានបន្តទៀតថា បើទោះជាយ៉ាងនេះក្តី ក្នុងនាមពួកគាត់ជាឪពុកម្តាយសូមអោយកូនវិលត្រឡប់មកផ្ទះវិញ បើទោះជាមានរឿងអ្វីកើតឡើងចំពោះកូន ក៏ពួកគាត់ជាឪពុកម្តាយមិនប្រកាន់ទោសពៃរ៍អ្វីឡើយ។
ពាក់ព័ន្ឋនឹងករណីបាត់យុវតីម្នាក់ខាងលើនេះដែរ លោកឧត្តមសេនីយ៍ទោសម សាមួន ស្នងការនគរបាលខេត្តបានបញ្ជាក់ថា រហូតមកដល់ថ្ងៃទី៦ មិថុនា ឆ្នាំ២០១៩នេះ នៅមិនទាន់ឃើញនាងវិលមកផ្ទះវិញនៅឡើយទេ៕
ប្រភព៖ កោះសន្តិភាព
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]