ភ្នំពេញ៖ នៅពេល ដែលអ្នកធ្វើដំណើរពីស្តុបនាគបាញទឹក បត់ឆ្វេងតាមបណ្តោយផ្លូវវត្តបទុមវតី ប្រមាណជា២០ម៉ែត្រ មើលនៅខាងស្តាំដៃនោះ អ្នកនឹងឃើញ មានរទេះលក់ពងមាន់អាំងផ្សំគ្រឿងពិសេសមួយ ដែលជាកន្លែងលក់ពងមាន់អាំង មានរសជាតិឈ្ងុយឆ្ងាញ់ និងគេតែងល្បីតៗគ្នា។

ជាការពិតណាស់ កន្លងមកប្រិយមិត្តប្រាកដជាធ្លាប់បានញុំានូវ ពងមាន់អាំងផ្សំគ្រឿងពិសេស ដែលគេតែងជិះម៉ូតូដើរលក់តាមដងផ្លូវហើយ ប៉ុន្តែសម្រាប់កន្លែងលក់ពងមាន់អាំងផ្សំគ្រឿងពិសេស នៅជិតស្តុបបាញ់ទឹកមួយនេះវិញ រាល់ពេលយើងធ្វើដំណើរឆ្លងកាត់ទីនោះម្តងៗ គឺយើងតែងសង្កេតឃើញថា មានទាំងម៉ូតូ ទាំងរថយន្ត និងទាំងម៉ូតូកង់បីនានា ទាំងក្មេង ទាំងចាស់ បាននាំគ្នាចតទិញពងមាន់អាំង ក៏ដូចជាសង្វាក់ដ៏មានរសជាតិឈ្ងុយឆ្ងាញ់ នៅឯតូបមួយនេះជាហូរហែតែម្តង។

ជាក់ស្តែង ទន្ទឹមនឹងទទួលបានការគាំទ្រខ្លាំង ដោយមានអតិថិជនចូលទិញ មិនលោះពេលបែបនេះ ចង់ដឹងថា តើម្ចាស់តូបលក់ពងមាន់អាំងមួយនេះ មានតិកនិចពិសេសអ្វីខ្លះ ទើបអាចទាក់ទាញចិត្តអតិថិជន ឲ្យជាប់ចិត្តខ្លាំងបែបនេះ ហើយបើលក់ដាច់ខ្លាំងម្លឹងៗ ចង់ដឹងថាតើមួយថ្ងៃពួកគាត់អាចរកចំណូលប៉ុន្មាន និងលក់ដាច់ពងមាន់អស់ប៉ុន្មានគ្រប់ផងដែរនោះ?

ពងមាន់អាំងផ្សំគ្រឿងពិសេស នៅមុខសួនវត្តបទុមវតី

មកជួបជាមួយនឹង អ៊ំស្រី ចរិយា ដែលអ៊ុំគឺជាម្ចាស់តូបលក់ពងមាន់អាំងផ្សំគ្រឿងពិសេស និងសង្វាកនេះផ្ទាល់តែម្តង។ តួយ៉ាងក្នុងនោះផងដែរ អ៊ំស្រីបាននិយាយរៀបរាប់ថាមកកាន់ ខ្មែរឡូតថា សម្រាប់អាជីពលក់ពងមាន់អាំងនេះ បើគិតមកទល់ពេលនេះ គឺអ៊ំស្រីលក់បានរយៈពេល៥ឆ្នាំហើយ និងតែងតែទទួលបានការកោតសរសើរមិនដាច់ពីមាត់ ពីសំណាក់អតិថិជនពីរសជាតិរបស់វា។

ហើយសព្វថ្ងៃនេះ អ៊ំស្រី ចរិយា មិនត្រឹមតែមានលក់ពងមាន់អាំងផ្សំគ្រឿងពិសេសតែមួយមុខនោះទេ ប៉ុន្តែអ៊ំស្រីក៏មានលក់នូវសង្វាក់ ក៏ដូចជាភេសជ្ជៈផ្សេងៗផងដែរ។ យ៉ាងណាមិញ បើនិយាយអំពីសង្វាក់ឯណេះវិញ គឺអាចនិយាយបានថា លក់ដាច់ខ្លាំងមិនចាញ់គ្នាពីពងមាន់នោះឡើយ ដោយសារតែវាមានរសជាតិឈ្ងុយឆ្ងាញ់ធ្វើថ្មីៗ និងថែមទាំងមានតម្លៃថោកសមរម្យថែមទៀតផង។

អ៊ំស្រី ចរិយា ម្ចាស់តូបសល់ ពងមាន់អាំងផ្សំគ្រឿងពិសេស នៅមុខសួនវត្តបទុមវតី

គួរឲ្យដឹងថា ចំពោះតម្លៃត្រូវបានដឹងថា ពងមាន់អាំងក្នុង១គ្រប់ មានតម្លៃ១០០០រៀល និងសង្វាក់ មួយមានតម្លៃ៥០០រៀលផងដែរ ដោយវាជាតម្លៃដែលសមរម្យបំផុតអាចទទួលយកបាន ដោយសារតែរបស់ទាំងអស់នេះ សុទ្ធសឹងតែធ្វើដោយដៃដោយខ្លួនឯងសុទ្ធសាធ មិនបានទិញរបស់ធ្វើស្រាប់បន្តពីគេឡើយ។

អ៊ំស្រី ចរិយា បានបន្តទៀតថា សព្វថ្ងៃអ៊ំស្រី និងប្អូនស្រីរបស់គាត់ បានរួមគ្នាដោយបានបែងចែកតួនាទីគ្នា ដោយប្អូនស្រីរបស់អ៊ំស្រី គឺជាអ្នកផ្សំគ្រឿងនិងធ្វើពងមាន់អាំងផ្សំគ្រឿង និងសង្វាកនេះឡើងជារៀងរាល់ថ្ងៃ ចំណែកឯអ៊ំស្រី ចរិយានិងគ្រួសារ មានតួនាទីគឺជាអ្នកលក់ សម្រាប់ប្រាក់ចំណេញ គឺនឹងត្រូវបែងចែកគ្នាទៅតាមនោះផងដែរ។

មិនតែប៉ុណ្ណោះ អ៊ំស្រី ក៏បានបង្ហើបប្រាប់ពីចំនួន នៃការលក់ក្នុង១ថ្ងៃៗថែមទៀតផង ដោយក្នុងនោះ អ៊ំស្រី ចរិយា បានប្រាប់ឲ្យដឹងថា ក្នុងមួយថ្ងៃ បើនិយាយអំពីពងមាន់អាំងផ្សំគ្រឿងពិសេសវិញ គឺលក់ដាច់ចាប់ពីចន្លោះ៧៥០គ្រាប់ ទៅ១០០០គ្រាប់ជារៀងរាល់ថ្ងៃ ចំណែកឯសង្វាក់វិញគឺ ចន្លោះចាប់ពី១០០០សង្វាក់ ឡើងទៅ ជារៀងរាល់ថ្ងៃផងដែរ។

ម្ចាស់តូបលក់ពងមាន់អាងល្បីឈ្មោះនេះ បានបន្ថែមទៀតថា បើទោះបីជាលក់ដាច់បែបនេះយ៉ាងណាក្តី ប៉ុន្តែអ៊ំស្រី មិនទាន់មានបំណងចង់បើកសាខាថ្មីបន្ថែមនៅឡើយនោះទេ ពោលគឺអ៊ំស្រីនៅបន្តលក់លក្ខណៈគ្រួសារបែបនេះ ដោយសារតែអ៊ំស្រីមិនទាន់មានអ្នកជួយជំនួសដៃជើងគ្រប់គ្រាន់នៅឡើយ។

ពងមាន់អាំងផ្សំគ្រឿងពិសេស នៅមុខសួនវត្តបទុមវតី
សង្វាក់

អ៊ំស្រីបានបញ្ជាក់ផងដែរថា ជារៀងរាល់ថ្ងៃអ៊ុំស្រីបានបើកដំណើរការលក់ ចាប់ពីម៉ោង២រសៀលតទៅ រហូតពេលខ្លះ ក៏មានអតិថិជនមកចាំទិញមុនក៏មានផងដែរ។

ដោយឡែក អ្វីដែលពិសេសជាងនេះទៅទៀតនោះ គឺអ៊ំស្រីក៏មានការដឹកជញ្ជូនដល់កន្លែងផ្ទាល់ដោយឥតគិតថ្លៃថែមទៀតផង បើសិនអតិថិជនកម្ម៉ង់ចាប់ពី​២០ទៅ​៣០គ្រាប់ គឺអ៊ំស្រីអាចដឹកជញ្ជូនឲ្យបាន ត្រឹមនៅកន្លែងជិតៗគ្នា ប៉ុន្តែបើសិនជានៅកន្លែងឆ្ងាយ គឺទល់តែកម្ម៉ង់ច្រើនទើបអ៊ំអាចដឹកទៅឲ្យបានផងដែរ។

មិនថាយ៉ាងណា ជាចុងក្រោយនេះផងដែរ អ៊ំស្រី ចរិយា ក៏បានថ្លែងអំណរគុណដល់អតិថិជនទាំងអស់ ដែលតែងតែចូលចិត្តនិងគាំទ្រចូលទិញ ពងមាន់អាំងនិងសង្វាក់របស់អ៊ំស្រីកន្លងមកផងដែរ៕ 

ពងមាន់អាំងផ្សំគ្រឿងពិសេស នៅមុខសួនវត្តបទុមវតី
ពងមាន់អាំងផ្សំគ្រឿងពិសេស នៅមុខសួនវត្តបទុមវតី
ពងមាន់អាំងផ្សំគ្រឿងពិសេស នៅមុខសួនវត្តបទុមវតី
ពងមាន់អាំងផ្សំគ្រឿងពិសេស នៅមុខសួនវត្តបទុមវតី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]