(កំពង់ធំ)៖ នៅតំបន់ភូមិសាស្ត្រក្រានដែក ដែលជាតំបន់ចម្ការចម្ងាយពីភូមិប៉ុន្មានជាង ២គីឡូម៉ែត្រ មានករណីស្លាប់មនុស្ស ៣នាក់ ឪពុកម្ដាយ និងកូនតូច ដោយសារគ្រោះធម្មជាតិរន្ទះបាញ់ ១គ្រាប់។ ហេតុការណ៍នេះ បានកើតឡើងកាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៩ នៅក្នុងភូមិជាំផ្កា ឃុំឈើទាល ស្រុកសណ្ដាន់ ខេត្តកំពង់ធំ។

សមត្ថកិច្ចនគរបាលមូលដ្ឋាន បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី២៥ ខែឧសភានេះថា ជនរងគ្រោះជាប្តីឈ្មោះ ខូយ ឡែន អាយុ២៨ឆ្នាំ ប្រពន្ធឈ្មោះ ជា ហ៊ន អាយុ២៧ឆ្នាំ និងកូនប្រុសអាយុ៣ឆ្នាំ ឈ្មោះ ឡេង ឆេងលិ។ អ្នកទាំង៣ រស់នៅក្នុងភូមិជាំផ្កា ឃុំឈើទាល ស្រុកសណ្ដាន់ ខេត្តកំពង់ធំ។

តាមការបញ្ជាក់របស់សមត្ថកិច្ច បានឲ្យដឹងទៀតថា លោកស្រី ប៊ិន ម៉ៃ ត្រូវជាបងថ្លៃរបស់សព ខូយ ឡែន បានរៀបរាប់ថា កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង៧ ប្អូនថ្លៃរបស់ខ្លួនឈ្មោះ ខូយ ឡែន ប្រពន្ធនិងកូន បាននាំគ្នាទៅដាំដំឡូងបង្ហើយ នៅឯចម្ការតំបន់ក្រានដែក ដែលជាទីកន្លែងកើតហេតុ។ លុះល្ងាចឡើង មិនឃើញពួកគេត្រឡប់ទៅផ្ទះវិញសោះ។

បើតាមលោកស្រី ប៊ិន ម៉ៃ លោកស្រីស្មានថាពួកគាត់ ស្នាក់នៅឯចម្ការ។ រហូតដល់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៩ នៅតែមិនឃើញពួកគេទៅផ្ទះទៀត លោកស្រី ប៊ិន ម៉ៃ ក៏ទៅតាមមើលនៅឯចម្ការ។

លោកស្រី បន្តថា ពេលទៅដល់ចម្ការភ្លាម លោកស្រីឃើញពួកគេទាំងបីនាក់ ដេកស្លាប់នៅក្រោមដើមស្វាយក្នុងចម្ការតែម្តង។ លោកស្រីមានការភិតភ័យខ្លាំងណាស់ ក៏ត្រឡប់ទៅផ្ទះវិញប្រាប់សាច់ញាតិពីដំណឹងនេះ និងបានរាយការណ៍ទៅអាជ្ញាធរភូមិផងដែរ។

តាមការបញ្ជាក់របស់សមត្ថកិច្ច បានឲ្យដឹងបន្ថែមថា ក្នុងករណីស្លាប់នេះ គឺសាកសពទាំងបីមានលក្ខណៈធុំក្លិនរលួយ ហើយសន្និដ្ឋានថាបណ្តាលមកពីរន្ទះបាញ់។ ក្រោយពីពិនិត្យរួច សមត្ថកិច្ចបានប្រគល់សាកសពទៅឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

ប្រភព៖ Fresh News

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]