ភាគ​ច្រើនគិត​ថា​ មាន​សុខភាព​ល្អ​ទាល់​តែ​​ប្រឹង​ថែ​ខ្លាំង​ ចំណាយ​ពេល​ និង​លុយ​ច្រើន​។ តែ​ធាតុ​ពិត​យើង​អាច​​យក​ចិត្ត​ទុក​ដាក់​លើ​សុខភាព​ ផ្តល់​ក្តី​ស្រលាញ់​ឲ្យ​ខ្លួន​ឯង​​បាន​ដោយ​មិន​ទៅ​ចាំ​បាច់​ចំណាយ​ច្រើន។ តាម​រយៈ​​គេ​ហទំព័រ​ Bright Side បាន​ណែ​នាំ​ជា​គន្លឹះ​​​តូច​ៗ​សាមញ្ញ​​ៗ​ តែ​អាច​ថែ​សុខភាព​បាន​​​ល្អ​ប្រសើរ៖

១- ទឹក​​ទំពាំង​បាយ​ជូរ​​ស្រស់​អាច​ជួយ​​បំបាត់​រោគ​ប្រកាំង ​(ឈឺ​មួយ​ចំហៀង​ក្បាល​)

បើ​​​​ឈឺ​ក្បាល​ វិធី​ធម្មជាតិ​អាច​​ជួយ​​បាន។ អាការៈ​ឈឺ​ក្បាល​ភាគ​ច្រើន​កើត​ដោយ​សារ​​សមាសធាតុ​​ក្នុង​ខួរ​ក្បាល​ ដូច​ជា សេរ៉ូតូនីន​​​គ្មាន​តុល្យភាព​។ ដោយ​សារ​ទំពាំង​បាយ​ជូរ​សម្បូរ​ជាតិ​​វីតាមីន A, C និង​ B2 ហើយ​ជា​ពិសេស​វីតាមីន​ B2 មាន​ឈ្មោះ​ម៉្យាង​ទៀត​ហៅ​ថា Riboflavin ដែល​ជួយ​ព្យាបាល​​​​អាការៈ​ឈឺ​ក្បាល​ ឬ​ប្រកាំង​​បាន​។

២- ញ៉ាំ​ត្រី​សាល់ម៉ុន​​​​ជួយ​​​ឲ្យ​​សក់​​​​​លូត​លាស់​ភ្លឺ​រលោង សុខភាព​ល្អ​

សាច់​ត្រី​សាល់​ម៉ុន​សម្បូរ​​​​វីតាមីន​ D និង​អូមេហ្កា​៣ ដែល​ជា​ខ្លាញ់​ល្អ​​សំខាន់​សម្រាប់​រក្សា​សក់​យើង​​ឲ្យ​មាន​សំណើម​​។ ​អូមេហ្កា​​ក្នុង​ត្រី​សាល់ម៉ុង​នេះ​​ ជួយ​​​រក្សា​ស្បែក​ក្បាល​ ផ្តល់​សំណើម និង​សម្អាត​រន្ធ​តូច​ៗ​នៃ​ស្បែក​ក្បាល​ឲ្យ​មាន​សុខភាព​ល្អ​។

៣- ទឹក​ក្រូច​ឆ្មារ អាច​ជួយ​ឲ្យ​ស្រក​គីឡូ​

មិនមែន​រឿង​ថ្មី​ទេ ប៉ុន្តែ​មាន​គ្នា​យើង​ខ្លះ​អត់​ទាន់​ដឹង​​ថា​ ទឹក​ក្រូច​ឆ្មារ​មាន​ប្រសិទ្ធភាព​​ល្អ​​សម្រាប់​សុខភាព​​ ទោះ​វា​មិន​សូវ​ឆ្ងាញ់​ដូច​ទឹក​ក្រូច ឬ​ភេសជ្ជៈ​ប៉ូវ​កម្លាំង​ផ្សេង​ៗ​។ ទឹក​ក្រូច​ឆ្មារ​ និង​អំបិល​​​​អាច​ជួយ​​បណ្តេញ​សារធាតុ​ពុល​ពី​ក្នុង​ខ្លួន​​ ហើយ​គីឡូ​ក៏​ស្រក។​ ​​ទឹក​ក្រូច​ឆ្មារ​​​ជួយ​ជំរុញ​​ដំណើរ​បម្លែង​អាហារ​ជា​ថាម​ពល ដែល​ជួយ​ឲ្យ​រាង​កាយ​អ្នក​ប្រើ​ប្រាស់​ថាម​ពល​បាន​ល្អ និង​មិន​​ទាម​ទារ​កាឡូរី​បន្ថែម​ទៀត​។

៤- ធ្វើ​​ក្រចក​ឲ្យ​ស​​ ដោយ​ប្រើ​​ថ្នាំ​ដុស​ធ្មេញ​​​​

មាន​បញ្ហា​​ក្រចក​ឡើង​​​លឿង​មិន​សូវ​ស្អាត ប៉ុន្តែ​ថ្នាំ​ដុស​ធ្មេញ​ក្បែរ​ខ្លួន​អាច​ប្រើ​ការ​បាន។ នេះ​ក៏​ដោយ​សារ​តែ​ថ្នាំ​ដុស​ធ្មេញ​មាន​ជាតិ​​ប្រតូអ៊ីន​សម្រាប់​ការពារ​​ធ្មេញ​ ហើយ​ក្រចក​​ក៏​ត្រូវ​បាន​រាប់​បញ្ចូល​ដែរ​។ ​យើង​​អាច​​សាក​ល្បង​លាប​ថ្នាំ​ដុស​ធ្មេញ​លើ​ក្រចក ទុក​ចោល​រយៈ​ពេល​ ១​ នាទី នឹង​ឃើញ​ពី​ប្រសិទ្ធភាព។

៥- ញ៉ាំ​អាហារ​ពេល​ព្រឹក​ កន្លះ​ម៉ោង​ក្រោយ​​​ភ្ញាក់​ពី​គេង​

ក្រោក​ពី​​ព្រឹក​​ មាន​អារម្មណ៍​ថា​មិន​​​ចង់​ញ៉ាំ​អី​នោះ​ទេ តែ​វា​ជា​កំហុស​ដ៏​ធំ​មួយ​​ ពេល​យើង​ចង់​ស្រក​ទម្ងន់ ឬ​រក្សា​ទម្ងន់​ឲ្យ​នៅ​ថេរ។ ផ្អែក​តាម​ការ​ណែនាំ​របស់​អ្នក​ជំនាញ​​​នៃ​វិទ្យាស្ថាន​ស្រាវជ្រាវ ​​​និង​គ្រប់​គ្រង​ហានិភ័យ​​ឡើង​ទម្ងន់​សហរដ្ឋអាមេរិកថា ការ​ញ៉ាំ​អាហារ​ពេល​ព្រឹក​ជួយ​ឲ្យ​យើង​​ឆ្អែត​បាន​យូរ​ និង​បង្ការ​​មិន​ឲ្យ​ឃ្លាន​អាហារ​ផ្តេស​ផ្តាស ឬ​ញ៉ាំ​ច្រើន​​នៅ​ពេល​ថ្ងៃ​។

៦- ដុស​ធ្មេញ​​​​ ដោយ​​មាន​​ផ្លែ​ឈើ​

ស្នាម​ញញឹម​​ជា​ថាម​ពល​រាក់​ទាក់​​ដ៏​ទាក់​ទាញ តែ​បើ​​​មាន​ធ្មេញ​ឡើង​លឿង​ ក៏​មិន​ហ៊ាន​បញ្ចេញ​ស្នាម​ញញឹម​នេះ​បាន​ដែរ​។ បន្លែ និង​ផ្លែ​ឈើ សម្បូរ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ ដូច​នេះ​វា​អាច​កម្ចាត់​ស្នាម​លឿង​​ចេញ​ពី​ធ្មេញ​យើង​បាន​យ៉ាង​ល្អ​។ ​យើង​​អាច​ប្រើ​​ដូច​ជា​ ផ្លែ​ស្រ្ត៊ប៊ើរី​ ផ្លែ​ប៉ោម និង​ក្រូច សម្រាប់​ដុស​ធ្មេញ​បាន។

៧- ញ៉ាំ​កាហ្វេ​ជួយ​​​ថង់​ប្រមាត់​

ទោះ​បី​​កាហ្វេ​​ ពេល​ខ្លះ​ផ្តល់​គុណ​វិបត្តិ​ដល់​សុខភាព​ តែ​វា​ក៏​មាន​​គុណសម្បត្តិ​​ឲ្យ​យើង​វិញ​ដែរ​។ គុណសម្បត្តិ​ គឺ​កាហ្វេ​សុទ្ធ​​​ធម្មជាតិ​អាច​ជួយ​ឲ្យ​​ថង់​ប្រមាត់មាន​សុខភាព​​ល្អ។ យោង​តាម​ការ​ស្រាវជ្រាវ​បង្ហាញ​ថា កាហ្វេ​​​ជំរុញ​ឲ្យ​ថង់​ប្រមាត់​មាន​ចលនា​កន្ត្រាក់ ហើយ​ចលនា​នេះ​មាន​ប្រយោជន៍​ដែល​បង្ការ​មិន​ឲ្យ​មាន​ក្រួស​ ឬ​គ្រាប់​តូច​ល្អិត​ៗ​ផ្សេង​ៗ​ប្រមូល​ផ្តុំ​បង្ក​ជា​គ្រាប់​ក្រួស​ធំៗ​ក្នុង​ថង់​ប្រមាត់​បាន​។ ដូច​នេះ​ ការ​ញ៉ាំ​កាហ្វេ​ក្នុង​បរិមាណ​សម​ល្មម​ អាច​ជួយ​​​បាន​។​​​​​​

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]