មនុស្សម្នាក់ៗ តែងតែមានចរិតលក្ខណៈមិនដូចគ្នាទេ អ្នកខ្លះកាច អ្នកខ្លះស្លូត អ្នកខ្លះចូលចិត្តនិយាយស្តី ឯអ្នកខ្លះទៀតចូលចិត្តស្ងៀមស្ងាត់ ដែលទាំងអស់នេះជាបុគ្គលិកលក្ខណៈ ដែលមានតាំងពីកំណើត។

ទៀតសោតគ្រប់បុគ្គលិកលក្ខណៈទាំងអស់សុទ្ធតែមានផលល្អនិងអាក្រក់ គុណសម្បត្តិនិងគុណវិបត្តិរៀងៗខ្លួន។ ប៉ុន្តែមតិភាគច្រើនតែងតែគិតថា មនុស្សដែលចូលចិត្តនិយាយស្តី មានចរិតរួសរាយរាក់ទាក់ ជាមនុស្សដែលគួរឲ្យចង់រាប់អាន។ ម្យ៉ាងវិញទៀតគិតថាមនុស្សបែបនេះ មានទំនាក់ទំនងល្អនៅក្នុងសង្គម និងមានមិត្តភក្តិច្រើន។

ចុះបើមនុស្សស្ងៀមស្ងាត់វិញ តើគេមិនមានចំណុចល្អទាល់តែសោះឬក៏យ៉ាងណា?

ជាការពិតណាស់ គ្រប់គ្នាប្រហែលជាអាចមើលរំលងចំណុចមួយនេះ ព្រោះថាមនុស្សស្ងៀមស្ងាត់ ក៏មានចំណុចល្អដូចគ្នា។ ម្យ៉ាងវិញទៀតមនុស្សស្ងៀមស្ងាត់គ្រាន់តែមិនសូវចូលចិត្តនិយាយស្តី មិនសូវបង្ហាញពីអារម្មណ៍របស់ខ្លួន ឲ្យគ្រប់គ្នាបានដឹងតែប៉ុណ្ណោះ ប៉ុន្តែពួកគេមិនបានវាយឬក មិនចរិតឆ្មើងឆ្មៃនោះឡើយ។

ជាក់ស្តែងថ្ងៃនេះផងដែរ នឹងលើកយកចំណុចល្អៗ របស់មនុស្សដែលចូលចិត្តនៅស្ងៀមស្ងាត់មកបកស្រាយ ជូនប្រិយមិត្តទាំងអស់គ្នាដូចខាងក្រោមនេះ៖

១. គ្រប់គ្រងអារម្មណ៍បានល្អ

ភាពស្ងប់ស្ងាត់ត្រូវបានគ្រប់គ្នាទទួលស្គាល់ថា ជាវិធីសាស្ត្រមួយ ដែលអាចឲ្យយើងមានសតិគ្រប់គ្រាន់ ក្នុងការដោះស្រាយបញ្ហាចំពោះមុខ។

ជាការពិតណាស់ មិនថាអ្នកជាមនុស្សដែលមានបុគ្គលិកលក្ខណៈបែបណានោះទេ ប៉ុន្តែនេះជាចំណុចចាំបាច់ និងមានអត្ថប្រយោជន៍បំផុត ដែលមនុស្សគ្រប់រូបគួរតែមាន ព្រោះការចេះគ្រប់គ្រងអារម្មណ៍ខ្លូនឯង ជាពិសេសនៅពេលកំពុងមានកំហឹង គឺជារឿងដែលល្អបំផុត ព្រោះវាអាចជួយកាត់បន្ថយការបង្កជម្លោះជាមួយភាគីម្ខាងទៀត ដែលនាំឲ្យរឿងកាន់តែរាលដាលធំដុំលើសដើម។

រូបភាពតំណាង

២. ពូកែលាក់អារម្មណ៍

មនុស្សស្ងៀមស្ងាត់ភាគច្រើនតែងតែមើលទៅដូចជាគ្មានទុក្ខកង្វល់ ព្រោះបើមានរឿងពិបាកចិត្តក៏ពួកគេ មិននិយាយចេញមកឲ្យគ្រប់គ្នាបានដឹងដែរ។ តែផ្ទុយទៅវិញមនុស្សដែលចូលចិត្តនិយាយលេងសើចច្រើន ពេលដែលមានរឿងពិបាកចិត្តពួកគេប្រាកដជាស្ងៀមស្ងាត់មិនសូវនិយាយស្តី ដែលទង្វើរបស់ពួកគេខុសប្លែកពីធម្មតា ហើយមនុស្សនៅជុំវិញខ្លួនក៏ឆាប់ចាប់បាន។ 

យ៉ាងណាមិញទោះបីជា ការលាក់ទុក្ខអារម្មណ៍នៅក្នុងខ្លូន ជាពិសេសរឿងពិបាកចិត្តមិនមែនជារឿងដែលល្អក៏ដោយ ប៉ុន្តែពេលខ្លះមនុស្សម្នាក់ៗតែងតែមានរឿងអាថ៌កំបាំងផ្ទាល់ខ្លួនមួយចំនួន ដែលមិនគួរប្រាប់ទៅកាន់អ្នកដទៃ។  

៣. ទទួលបានការគោរព និងក្រែងចិត្ត

ជាទូទៅនៅពេលដែលយើងបានជួបជាមួយអ្នកណាម្នាក់ ដែលចូលចិត្តនៅតែឯងស្ងាត់ នោះយើងប្រាកដជាមិនហ៊ានទៅរំខាន ឬសួរនាំច្រើននោះទេ។ព្រោះមនុស្សដែលចូលចិត្តនៅស្ងៀមស្ងាត់បែបនេះ ភាគច្រើនតែងទទួលបានការគោរព ខ្លាច និងក្រែងចិត្តពីមនុស្សនៅជុំវិញខ្លួន ព្រោះពួកគេមើលទៅមានចរិតចាស់ទុំ និងកាច មិនស្រួលអាចនឹង ត្រូវពួកគេស្តីបន្ទោសទៀតផង។ 

តែផ្ទុយទៅវិញមនុស្សបែបនេះជាមនុស្សងាយៗ និងគោរពអ្នកដទៃដូចដែលគេគោរពខ្លួនផងដែរ។ តាមពិតទៅគេគ្រាន់តែមិនសូវបញ្ចេញកាយវិការ ឬពាក្យសម្តីដើម្បីឲ្យអ្នកនៅជុំវិញខ្លួនចាប់អារម្មណ៍តែប៉ុណ្ណោះ ប៉ុន្តែពួកគេមិនមានអ្វីគួរឲ្យខ្លាចដូចគ្រប់គ្នាគិតនោះទេ។​

រូបភាពតំណាង

៤. គិតមុននិយាយ

លោកអ្នកដែលសង្កេតទេថា មនុស្សស្ងៀមស្ងាត់ភាគច្រើនមិនសូវមានកំហុសក្នុងការនិយាយស្តីទេ ព្រោះគ្រប់ពាក្យ ដែលគេនិយាយចេញមកសុទ្ធតែម៉ឺងម៉ាត់ មានប្រយោជន៍ ច្បាស់លាស់ និងត្រឹមត្រូវតាមកាលៈទេសៈ។ ទៀតសោតនេះជារឿងសំខាន់ ដែលមនុស្សគ្រប់រូបគួរតែមាន។ 

ជាការពិតណាស់ សម្តីមួយម៉ាត់ៗរបស់មនុស្សគឺមានតម្លៃ យើងមិនអាចចេះតែនិយាយចោលឥតប្រយោជន៍នោះទេ ព្រោះពាក្យសម្តីដែលនិយាយហួសទៅហើយ មិនអាចកែប្រែ ឬត្រឡប់ក្រោយមកនិយាយម្តងទៀតនោះទេ។ ជាធម្មតាការនិយាយស្តីដោយមិនបានគិត រមែងតែនាំបញ្ហាមកដាក់ខ្លួន  ដូចគ្នាទៅនឹងពាក្យចាស់លោកពោលថា «គិតមុនគូរ»​ ជាដើម ។

រូបភាពតំណាង

៥. សុភាព

ជាការពិតណាស់អ្នកណាក៏ចូលចិត្តមនុស្សដែលរម្យទម និងមានរបៀបរៀបរយ ទាំងកាយវិការ និងការនិយាយស្តីដែរ ។ ទៀតសោតចំណុចទាំងនេះសុទ្ធសឹងតែជាបុគ្គលិកលក្ខណៈ របស់មនុស្សស្ងៀមស្ងាត់។ 

ចំពោះចំណុចនេះទៀតសោត មិនបានន័យថា មនុស្សដែលចូលចិត្តលេងសើច និងនិយាយស្តីច្រើន ជាមនុស្សដែលមិនសុភាពរាបសារនោះទេ។ ប៉ុន្តែពេលខ្លះការនិយាយលេងសើចច្រើនតែងតែ មានការជ្រុលជ្រួស លើសលស់ខ្វះខាតជារឿងដែលចៀសមិនផុត ជាពិសេសពេលនៅជាមួយចាស់ទុំតែម្តង។ ដូចនេះអ្នកគួរតែរៀបចំឥរិយាបថឲ្យបានត្រឹមត្រូវ និងសមរម្យ។

រូបភាពតំណាង

៦. មានភាពជាអ្នកដឹកនាំ 

ដើម្បីគ្រប់គ្រងមនុស្សមួយក្រុម ឲ្យនៅក្រោមបង្គាប់របស់យើង ចាំបាច់ណាស់គឺយើងត្រូវតែជាមនុស្សដែលម៉ឺងម៉ាត់ ច្បាស់លាស់ និងមានហេតុផល។

ជាក់ស្តែងមនុស្សដែលស្ងៀមស្ងាត់ ពួកគេតែងតែមានគុណសម្បត្តិខាងលើទាំងអស់នេះ។ ម្យ៉ាងវិញទៀត ពួកគេចូលចិត្តស្តាប់ ជាងនិយាយ ហើយពួកគេតែងផ្តល់តម្លៃ និងយកចិត្តទុកដាក់ស្តាប់គ្រប់ពាក្យរបស់អ្នកនៅជុំវិញខ្លួនជានិច្ច ដែលទាំងនេះជាចរិតរបស់អ្នកនាំ ដែលអាចធ្វើឲ្យអ្នកនៅជុំវិញខ្លួនអាចជឿជាក់បាន។

រូបភាពតំណាង

៧. មិត្តភាពពិតប្រាកដ

ប្រសិនបើឲ្យជ្រើសរើសរាប់អានមនុស្សម្នាក់ រវាងអ្នកដែលចូលចិត្តលេងសើច និងអ្នកដែលស្ងៀមស្ងាត់ ច្បាស់ណាស់មតិភាគច្រើនប្រាកដជាជ្រើសរើសអ្នកចូលចិត្តលេងសើច ព្រោះគិតថាគេមិនផ្តល់ភាពរីករាយពេលដែលនៅជុំគ្នា។ 

ជាទូទៅមនុស្សស្ងៀមស្ងាត់ហាក់ដូចជាមិនសូវមានអ្នកណាចង់រាប់អានជិតស្និទ្ធឡើយ ព្រោះគិតថាទោះបីជារាប់អានគ្នា ក៏នៅឆ្ងាយដាច់ដោយឡែកពីគ្នាដដែល។ ដូច្នេះហើយពួកគេមានមិត្តភក្តិតិច ប៉ុន្តែមិត្តភក្តិនីមួយៗដែលគេរាប់អានសុទ្ធតែជាមិត្តពិតប្រាកដ។ មិនថាអ្នករាប់អានគេ ឬអ្នកដែលគេរាប់អាននោះទេ សុទ្ធតែជាមនុស្សដែលល្អ មនុស្សដែលមិនរាប់អានដើម្បីតែផលប្រយោជន៍ផ្ទាល់ខ្លួន។ ម្យ៉ាងវិញ ទៀត មនុស្សស្ងៀមស្ងាត់ពូកែមើលមនុស្សណាស់ ឃើញស្ងាត់ៗ មិនមាត់មិនកមែន ប៉ុន្តែដឹងគ្រប់់យ៉ាងទាំងអស់ បើទោះបីជាអ្នកចង់កុហកគេក៏មិនបានដែរ។  

រូបភាពតំណាង

៨. ស្គាល់ខ្លួនឯងច្បាស់

តាមការសិក្សាបង្ហាញឲ្យឃើញថា ការប្រើប្រាស់ពេលវេលាស្វែងយល់ពីខ្លួនឯងច្រើន ធ្វើឲ្យយើងស្គាល់ពីចំណុចខ្លាំង និងចំណុចខ្សោយរបស់ខ្លួនឯងច្បាស់។ 

ជាការពិតណាស់មនុស្សស្ងៀមស្ងាត់ ប្រើពេលនៅជាមួយខ្លួនឯងច្រើន ពោលគឺពួកគេដឹងពីអ្វីដែលគេត្រូវធ្វើ ដឹងពីចំណង់ចំណូលចិត្តរបស់ខ្លួនឯង និងដឹងពីអ្វីដែលគួរសិក្សាបន្ថែម ដែលនេះជាចំណុចមួយ នាំពួកកាន់តែមានទំនុកចិត្ត ភាពជឿជាក់ ដើម្បីដើរទៅរកភាពជោគជ័យយ៉ាងឆាប់រហ័ស។ ដូចនេះការស្គាល់ខ្លួនឯងច្បាស់ គឺមានសំខាន់ណាស់។

រូបភាពតំណាង

៩. មានអារម្មណ៍ធូរស្រាល

អត្ថប្រយោជន៍ដ៏សំខាន់បំផុតនៃភាពស្ងប់ស្ងាត់ គឺថាវាជួយអ្នកឲ្យមានអារម្មណ៍ធូរស្រាល។ តាមការសិក្សាបានបង្ហាញថាមនុស្ស ដែលចំណាយពេលនៅម្នាក់ឯងច្រើន និងរស់នៅក្នុងភាពស្ងប់ស្ងាត់ ភាគច្រើនពួកគេមិនសូវមានគំនិតអវិជ្ជមាននោះទេហើយតែងតែមើលរឿងជុំវិញខ្លួនក្នុងផ្លូវល្អជានិច្ច។ 

ម្យ៉ាងវិញទៀតមនុស្សស្ងៀុមស្ងាត់មិនសូវមានជម្លោះ និងរឿងស្មុគស្មាញជាមួយអ្នកជុំវិញខ្លួនឡើយ ព្រោះពួកគេតែងតែនៅតែម្នាក់ឯង ដោយមិនចង់រវល់ជាមួយរឿងអ្នកដទៃ។ 

រូបភាពតំណាង

យោងតាមការរៀបរាប់ខាងលើបង្ហាញឲ្យឃើញថា បើទោះបីជាគ្រប់បុគ្គលិកលក្ខណៈ ទាំងអសសុទ្ធតែមានគុណសម្បត្តិ និងគុណវិបត្តិរៀងៗខ្លួនក៏ពិតមែន ប៉ុន្តែអ្វីដែលល្អបំផុតសម្រាប់មនុស្សនោះគឺ ការចេះសម្របខ្លួនឲ្យបានសមស្របទៅតាមកាលៈទេសៈ ទើបអាចធ្វើឲ្យអ្នកក្លាយ ជាបុគ្គលម្នាក់ដែលគួរឲ្យចង់រាប់អាន ពីមនុស្សនៅជុំវិញខ្លួន ៕

ប្រភព៖ .thewisdompos | bitcoretech 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]