ចិន៖ អាចចាត់ទុកបានថា ជារឿងមួយដ៏សំណាងបំផុត ដែលទារកទើបនឹងកើតម្នាក់ (កូនប្រុស) ត្រូវបានជួយសង្គ្រោះទាន់ពេលវេលា ក្រោយត្រូវម្តាយចិត្តអប្រិយបង្កើតហើយ ច្រកដាក់ក្នុងថង់យកទៅចោលក្នុងធុងសំរាម។

ហេតុការណ៍នេះ បានកើតឡើងកាលពីយប់ថ្ងៃសុក្រ សប្តាហ៍មុននេះ ស្ថិតក្នុងទីក្រុង Xiamen ខេត្ត Fujian ប្រទេសចិន។

បង្កើតកូនហើយ យកទៅចោលក្នុងធុងសំរាម

បើយោងតាមប្រភពសារព័ត៌មាន បានឲ្យដឹងថា នៅក្នុងថ្ងៃកើតហេតុនោះ ស្រ្តីជាម្តាយមិនត្រូវបានគេបង្ហាញអត្តសញ្ញាណខាងលើនេះ ត្រូវបានប្រទះឃើញដោយបុគ្គលិកអនាម័យម្នាក់ ដែលនៅពេលនោះនាងស្លៀកពាក់ឈុតគេង និងបានយួរថង់ខ្មៅមួយយកទៅចោលនៅក្នុងធុងសំរាម។

បុគ្គលិកអនាម័យហាក់មានការសង្ស័យ ទៅនឹងសកម្មភាពរបស់នាង ហើយក៏បានសួរនាំនាងផងដែរ។ ប៉ុន្តែនាងបានឆ្លើយតបវិញថា ក្នុងថង់នេះគ្មានស្អីទេ គ្រាន់តែឆ្កែងាប់មួយក្បាលតែប៉ុណ្ណោះ។

ប៉ុន្តែបើទោះបីជាយ៉ាងណាក្តី បន្ទាប់ពីនាងចាកចេញទៅ បុគ្គលិកអនាម័យខាងលើនេះ ហាក់មិនអស់ចិត្ត ក៏បានស្រាយថង់នោះមើល ក៏ស្រាប់តែប្រទះឃើញទារកទើបនឹងកើតជាប់ទាំងទងសុក មានប្រឡាក់សុទ្ធតែឈាមនៅក្នុងនោះ ដែលបង្កជាការភ្ញាក់ផ្អើលតែម្តង។

ទារករងគ្រោះ

ប្រភពដដែលបានឲ្យដឹងទៀតថា ក្រោយកើតហេតុ ទារករងគ្រោះក៏ត្រូវបានគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ (Xiamen Social Welfare Institute) ដើម្បីទទួលការព្យាបាល និងមើលថែទាំផងដែរ។ ចំណែកឯ ស្រ្តីជាម្តាយរូបនោះវិញ ក៏ត្រូវបានប៉ូលិសធ្វើការចាប់ឃាត់ខ្លួន។

យ៉ាងណាមិញ ក្រោយធ្វើការឃាត់ខ្លួន ស្រ្តីជាម្តាយចិត្តខ្មៅខាងលើ បាននិយាយថា នាងគឺជាពលករចំណាកស្រុកម្នាក់។ នាងបានសារភាពថា នាងពិតជាបានបោះបង់កូនដែលទើបនឹងកើតនេះពិតមែន បន្ទាប់ពីនាងបានសម្រាលដោយខ្លួនឯង នៅក្នុងបន្ទប់ទឹក ក្នុងបន្ទប់ស្នាក់នៅរបស់នាង។

ស្រ្តីជាម្តាយរូបនេះ ពុំបានប្រាប់លម្អិតជុំវិញនឹងការមានផ្ទៃពោះរបស់នាងនោះទេ។ នាងគ្រាន់តែបញ្ជាក់ប្រាប់ថា នាងមិនអាចធ្វើជាម្តាយទោល ហើយក៏ពុំមានលទ្ធភាពគ្រប់គ្រាន់នៅក្នុងការចិញ្ចឹមបីបាច់កូននោះដែរ។

បង្កើតកូនហើយ យកទៅចោលក្នុងធុងសំរាម

គួរឲ្យដឹងផងដែរថា ប៉ូលិសក៏កំពុងតែធ្វើការស៊ើបអង្កេតបន្ថែមលើករណីនេះផងដែរ។ ខណៈដែលស្រ្តីជាម្តាយរូបនេះ គេមិនច្បាស់ទេថា អាចនឹងត្រូវប្រឈមមុខនឹងការចោទប្រកាន់ជាផ្លូវការ ឬយ៉ាងណានោះទេ។ ប៉ុន្តែបើយោងតាមច្បាប់ព្រហ្មទណ្ឌរបស់ប្រទេសចិន ឪពុកម្តាយដែលបោះបង់ចោលកូនៗ អាចនឹងត្រូវប្រឈមមុខនឹងការជាប់ពន្ធនាគាររហូតដល់៥ឆ្នាំ។

ប៉ុន្តែទោះយ៉ាងណាក៏ដោយ ក្នុងករណីខ្លះត្រូវបានគេដឹងថា ពួកគេ (ឪពុកម្តាយ) តែងត្រូវបានទទួលការពិន័យ ដោយមន្រ្តីប៉ូលិសក្រៅសំណាញ់ច្បាប់ផងដែរ៕

តើសម្រាប់ប្រិយមិត្តវិញយល់យ៉ាងណាដែរ?  

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]