រាជធានីភ្នំពេញ ៖ គិតមកទល់ម៉ោងជាង៣រសៀលថ្ងៃទី២០ ឧសភា ក៏នៅពុំទាន់ដឹងច្បាស់ថា យុវជនពេទ្យធ្មេញរូបនេះ មានរឿងអ្វីនោះទេ ទើបត្រូវឃាតករចូលទៅសម្លាប់ក្នុងផ្ទះពេលកំពុងតែដេកលង់លក់បែបនេះ ដែលកើតឡើងក្នុងផ្ទះជួលបើកពេទ្យធ្មេញ ស្ថិតនៅផ្សារត្រពាំងព្រាយ តាមបណ្តោយផ្លូវលេខ១៥១ ក្នុងភូមិបឹង សង្កាត់ពញ្ញាពន់ ខណ្ឌព្រែកព្នៅ គឺឃើញសុទ្ធតែឈាមដូចថ្លុក។ ប៉ុន្តែសមត្ថកិច្ចមានការសន្និដ្ឋានខ្លះៗដែរ ក្រោយពិនិត្យរួច។
ប្រភពឱ្យដឹងទៀតថា នៅក្នុងហេតុការណ៍រន្ធត់នេះ គឺយុវជនរងគ្រោះអាចមានការប្រតាយប្រតប់គ្នាជាមួយឃាតករ បណ្តាលអោយធ្លាក់ពីលើគ្រែ ហើយដេកស្លាប់ក្នុងថ្លុកឈាមនេះ។ ហើយឃាតករអាចតែម្នាក់ឯងដែរ ចូលតាមទ្វារបង្អួចខាងលិច ធ្វើសកម្មភាពចាក់សម្លាប់ទៅលើជនរងគ្រោះចំទ្រូង ពេលកំពុងតែដេកលង់លក់ ហើយមានការប្រតាយប្រតប់គ្នា ត្រូវឃាតករចាក់ជាច្រើនកាំបិតទៀតរួចគេចខ្លួនតាមទ្វារក្រោយ។
ប្រភពបន្តថា នគរបាលបានពិនិត្យលើសព ឃើញមានស្នាមចាក់ប្រមាណ១០កាំបិត ចំទ្រូង និងខ្នងព្រមទាំងមានរលាកខ្នងទៀត។ ក្រៅពីនោះរកឃើញមានសាំងប្រឡាក់ជាប់ភួយ ដែលសមត្ថកិច្ចមានការសង្ស័យថា ឃាតករបានចាក់សម្លាប់ជនរងគ្រោះហើយ ប៉ុនប៉ងដុតបំផ្លាញសាកសពបំផ្លាញភស្តុតាង តែពុំបានសម្រេច។
តាមនគរបាលមូលដ្ឋានបានថា ជនរងគ្រោះបានបាត់បង់ទូរស័ព្ទ ម៉ាកOPPOមួយគ្រឿង និង កងដៃប្លាទីន១។ នគរបាលបានធ្វើការសន្និដ្ឋានទៀតថា ករណីឃាតកម្មអាចផ្តើមចេញពីគំនុំ ដែលឃាតករអាចជាអ្នកស្គាល់គ្នាចូលយកទៅចាក់សម្លាប់ជនរងគ្រោះ ហើយឆ្លៀតយកសម្ភារតែម្តង។
ទោះបីជាយ៉ាងណា គេពុំដឹងថា ជាគំនុំរឿងអ្វីច្បាស់ឡើយ។ បច្ចុប្បន្ន សពត្រូវបានក្រុមគ្រួសារ នាំយកទៅធ្វើបុណ្យនៅស្រុកកំណើត៕
ប្រភព៖ កោះសន្តិភាព
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]