ម៉ាឡេស៊ី៖ គ្រូគឺជាឪពុកម្តាយទីពីរ ហើយពាក្យនេះពិតជាត្រឹមត្រូវពិតមែន។ អាជីពមួយនេះពិតជាមិនស្រួលនោះទេ ពោលគឺត្រូវចំណាយពេលវេលា កម្លាំង និងធនធានជាច្រើនក្នុងការបណ្តុះក្មេងជំនាន់ក្រោយឱ្យមានអនាគតល្អភ្លឺស្វាង។

ជាក់ស្តែងមានលោកគ្រូបង្រៀនភាសាអង់គ្លេសម្នាក់ឈ្មោះ Cikgu Samuel Isaiah រស់នៅក្នុងប្រទេសម៉ាឡេស៊ី បាននិងកំពុងតែទទួលការចាប់អារម្មណ៍យ៉ាងខ្លាំង បន្ទាប់ពីលោកបានជួយបង្រៀនភាសាអង់គ្លេសដល់ក្មេងជនជាតិដើមភាគតិច ឱ្យស្រលាញ់ការសិក្សានិងទទួលបានលទ្ធផលល្អ បើទោះបីជាលោកត្រូវបានគេប្រាប់ថា មិនចាំបាច់ខំប្រឹងពេកនោះទេ។ 

លោកគ្រូ Cikgu Samuel Isaiah និងសិស្ស

លោកគ្រូ Cikgu Samuel Isaiah បាននិយាយថា៖

«ខ្ញុំដឹងថា ខ្ញុំត្រូវតែផ្លាស់ប្តូរវិធីសាស្រ្តបង្រៀន រួមមាន ហេដ្ឋារចនាសម្ព័ន្ធ បរិយាកាស ផ្នត់គំនិត សៀវភៅសម្រាប់បង្រៀនឱ្យពួកគេចេះប្រើប្រាស់ភាសាអង់គ្លេស មិនមែនគ្រាន់តែរៀនដើម្បីតែប្រលងប៉ុណ្ណោះទេ។ ហើយចុងក្រោយ ខ្ញុំចង់បំផុសឱ្យគេចេះគិតពីមូលហេតុអ្វីបានជាត្រូវស្រលាញ់ការសិក្សា។ ពួកគេគឺជាក្មេង ហើយខ្ញុំប្រៀបដូចជាឪពុករបស់គេអីចឹង ដូច្នេះវាគឺជាតួនាទីរបស់ខ្ញុំក្នុងការបណ្តុះពួកគេឱ្យមានអនាគតភ្លឺស្វាង បើទោះបីជាលំបាកក្តី។»

យោងតាមប្រភពច្បាស់ការណ៍មួយបានឱ្យដឹងថា នៅពេលលោកគ្រូ Cikgu Samuel Isaiah ចាប់ផ្តើមបង្រៀនក្មេងៗជនជាតិដើមភាគតិចដំបូង លោកត្រូវគេប្រាប់ថា មិនចាំបាច់ខំប្រឹងប្រែងបង្រៀនពួកគេខ្លាំងពេកទេ ព្រោះពួកគេមិនចាប់អារម្មណ៍ការសិក្សាឡើយ។ គ្រាន់តែឮភ្លាម លោកពិតជាមានការភ្ញាក់ផ្អើលជាខ្លាំង លោកគ្រូ Cikgu Samuel Isaiah បានប្រាប់ខ្លួនឯងថា លោកនឹងផ្លាស់ប្តូរការគិតរបស់អ្នករាល់គ្នាចំពោះក្មេងៗទាំងនេះ។ ក្រោយមក លោកដឹងថាវាពិតជាលំបាកសម្រាប់លោកក្នុងការឱ្យពួកគេប្រើប្រាស់ភាសាអង់គ្លេសរាល់ថ្ងៃ។ ម្យ៉ាងវិញទៀត សិស្សភាគច្រើនមិនសូវមករៀនថែមទៀត។ អីចឹងតើលោកគ្រូ Cikgu Samuel Isaiah នឹងធ្វើអ្វីទៅ?

លោកគ្រូ Cikgu Samuel Isaiah និងសិស្ស

ដំបូង លោកបានផ្លាស់ប្តូរបរិយាកាសសិក្សានៅក្នុងថ្នាក់រៀនរបស់លោក ដោយប្រើប្រាស់ឧបករណ៍តន្រ្តី និងចម្រៀងដើម្បីរៀនភាសាអង់គ្លេស។ ការធ្វើបែបនេះ សិស្សអាចរៀនភាសាអង់គ្លេសបានដោយសប្បាយនិងចូលចិត្តរៀនខ្លាំង។

បន្ថែមពីនេះទៀត លោកបានបង្កើតមូលនិធិនិងបានប្រមូលប្រាក់ជំនួយមួយចំនួន ដើម្បីទិញឧបករណ៍តន្រ្តីឱ្យក្មេងទាំងអស់នេះរៀន។

សកម្មភាពរបស់លោកពិតជាល្បីខ្លាំងមែនទែននៅក្នុងប្រទេសម៉ាឡេស៊ី ដែលធ្វើឱ្យមនុស្សជាច្រើន រួមទាំងតារាក្នុងស្រុកក៏ចាប់អារម្មណ៍ គាំទ្រ និងជួយលោកផងដែរ។

លើសពីនេះទៅទៀត លោកក៏បានបង្កើតគម្រោងមួយឈ្មោះ «Asli E-Pal» ដែលគម្រោងនេះផ្តល់ឱកាសឱ្យសិស្សរបស់លោកធ្វើការទំនាក់ទំនងជាមួយនឹងអ្នកស្ម័គ្រចិត្តជាច្រើនលើលោកតាមរយៈអ៊ីមែល ដោយប្រើប្រាស់ភាសាអង់គ្លេសផងដែរ។

ម្យ៉ាងវិញទៀត លោកតែងតែរកវិធីសាស្រ្តបង្រៀនប្លែកៗដើម្បីទាក់ទាញក្មេងៗជនជាតិដើមភាគតិចទាំងអស់ឱ្យចូលចិត្តការសិក្សា។ នៅពេលចុងសប្តាហ៍ លោកបានលះបង់ពេលវេលាផ្ទាល់ខ្លួន នាំពួកគេទៅរៀនក្រោមដើមឈើទៀត។ សិស្សរបស់លោកចាប់ពី ១០នាក់ រហូតដល់ ៥០នាក់ច្រើនជាហូហែ។ 

លោកគ្រូ Cikgu Samuel Isaiah និងសិស្ស
សិស្សលោកគ្រូ Cikgu Samuel Isaiah

ថ្នាក់រៀនរបស់លោកពោរពេញទៅដោយការសើចសប្បាយ តន្រ្តី កំណាព្យ និងបរិយាកាសអំណោយផលក្នុងការជំរុញនិងទាក់ទាញក្មេងៗជនជាតិដើមភាគតិចទាំងនេះឱ្យស្រលាញ់ការសិក្សាដោយខ្លួនឯងផ្ទាល់។ លោកថែមទាំងបានវាយបំបែកផ្នត់គំនិត និងបញ្ជាក់ប្រាប់មនុស្សរាល់គ្នាថាជាមួយនឹងយុទ្ធសាស្រ្តបង្រៀនត្រឹមត្រូវ ការសិក្សាអាចធ្វើឱ្យអ្នករាល់គ្នាសប្បាយចិត្តបាន។

លោកគ្រូ Cikgu Samuel Isaiah បាននិយាយថា៖

ខ្ញុំជឿថា យើងត្រូវការគរុកោសល្យក្នុងការបង្រៀន។ គរុកោសល្យដ៏សំខាន់នោះ គឺជាសេចក្តីស្រលាញ់ដែលមាននៅក្នុងបេះដូងរបស់យើងនោះហើយ។»

ដូច្នេះ អ្វីៗគ្រប់យ៉ាងសុទ្ធតែអាចជម្នះ នឹងទៅមុខបាន ឱ្យតែយើងមានការតាំងចិត្តខ្ពស់ដែលចេញពីបេះដូងពិតៗរបស់យើង។

ជាមួយនឹងការខិតខំប្រឹងប្រែងរបស់លោក ធ្វើឱ្យសិស្សជនជាតិភាគតិចទាំងអស់នេះប្រលងភាសាអង់គ្លេសជាប់គ្រប់ៗគ្នា ហើយសិស្សភាគច្រើនទទួលបានពិន្ទុ A ថែមទៀត។

ដូច្នេះ យើងពិតជាអរគុណដល់លោកគ្រូ Cikgu Samuel Isaiah ដែលព្យាយាមបង្រៀនសិស្សទាំងអស់នេះដោយអស់ពីចិត្ត ហើយយើងក៏សូមអរគុណដល់គ្រូទាំងអស់ផងដែរ ដែលពួកគាត់បានព្យាយាមបង្រៀនពួកយើង មិនខ្លាចនឿយហត់ ហើយយើងសង្ឃឹមថា អ្នករាល់គ្នានឹងឱ្យតម្លៃ និងចេះស្រលាញ់គ្រូរបស់អ្នកគ្រប់ៗគ្នា៕ 

លោកគ្រូ Cikgu Samuel Isaiah និងសិស្ស
លោកគ្រូ Cikgu Samuel Isaiah

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]