កន្លង​មក​យើង​ធ្លាប់​​ដឹង​ថា ទឹក​ផ្លែ​ឈើ​ជា​ជម្រើស​ល្អ​​មួយ​​ ល្អ​ជាង​ភេសជ្ជៈ​ប៉ូវ​កម្លាំង​ ភេសជ្ជៈ​ផ្អែម​ៗ​ជា​ច្រើន​ទៀត តែ​យ៉ាង​ណា​មិ​ញ​ ការ​ស្រាវជ្រាវ​ថ្មី​ទើប​បង្ហាញ​ថា​​ ការ​ញ៉ាំ​​​ទឹក​ផ្លែ​ឈើ​ច្រើន ក៏​នឹង​ជួប​ហានិភ័យ​ដល់​អាយុ​ជីវិត​ដែរ បើ​ញ៉ាំ​ច្រើន​ហួស​ប្រមាណ​។

ក្រុម​ការងារ​សាកលវិទ្យាល័យ​ Emory សហការ​ជា​​មួយ​ សាកលវិទ្យាល័យ​ Cornellនៅ​សហរដ្ឋអាមេរិក​បាន​សិក្សា​លម្អិត​លើក​​ដំបូង​​​ដោយ​ប្រៀប​ធៀប​​គុណវិបត្តិ​នៃ​​ ទឹក​ផ្លែ​ឈើ​ និង​ភេសជ្ជៈ​ផ្អែម​ៗ​ (ទឹក​ក្រូច​ ទឹក​តែ​ក្រូច​ឆ្មារ​…) ដែល​មាន​ទំនាក់​ទំនង​ហានិភ័យ​ដល់​សុខភាព​។ ការ​ស្រាវ​ជ្រាវ​បាន​រក​ឃើញ​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ថា ការ​ញ៉ាំ​ទឹក​​ផ្លែ​ឈើ​សុទ្ធ​​ចំណុះ​ត្រឹម​តែ ៣៤០​មិល្លីលីត្រ​​ក្នុង​មួយ​ថ្ងៃ អា​ច​បង្ក​​ឲ្យ​មាន​អត្រា​ឆាប់​ស្លាប់​ប្រមាណ​ ២៤​% ជា​មួយ​គ្នា​នេះ ក្នុង​ចំណុះ​៣៤០​ មិល្លីលីត្រ​​ដូច​គ្នា​ នៃ​ភេសជ្ជៈ​ជាតិ​ស្ករ​ផ្អែម​ៗ អាច​បង្ក​​ហានិភ័យ​អត្រា​ឆាប់​ស្លាប់​មុន​អាយុ ៦​%​។

លទ្ធល​នៃ​ការ​សិក្សា​ខាង​លើ​​ បាន​ផ្អែក​ទៅ​លើ​ទិន្នន័យ​ដែល​បាន​ប្រមូល​មក​ជាង​៦​ឆ្នាំ ដោយ​ការ​តាម​ដាន​ទៅ​លើ ទម្លាប់​ញ៉ាំ​ភេសជ្ជៈ​​​របស់​យុវជន​ស្ម័គ្រ​ចិត្ត​​ប្រមាណ ១៣ ០០០​នាក់ ហើយ​ការ​តាម​ដាន​ធ្វើ​ឡើង​ដោយ​តាម​រយៈ​​ការ​បំពេញ​ក្រដាស​សំណួរ​​​ជា​ប្រចាំ​របស់​​​​ក្រុម​អ្នក​ស្រាវជ្រាវ​​។

អ្នក​​ជំនាញ​ពី​ក្រុម​ការងារ​ស្រាវជ្រាវ​​បាន​ឲ្យ​ដឹង​ថា ជា​ធម្មតា ប្រភេទ​ភេស្ជៈ​ផ្លែ​ឈើ​ដែល​មាន​ជាតិ​ស្ករ Fructose (ជាតិ​ស្ករ​មាន​ក្នុង​ផ្លែ​ឈើ ទឹក​ឃ្មុំ​) ក៏​អាច​​បង្ក​ភាព​ស៊ាំ​អាំង​ស៊ុយ​លីន​ដំណើរ​ការ​ខុស​ប្រក្រតី ក៏​ដូច​ជា​ជម្រុញ​ឲ្យ​ អ័រម៉ូន​​ឲ្យ​បង្កើន​ភាព​ធាត់​ជុំ​វិញ​រាង​កាយ។ ដូច្នេះ​ ទាំង​ភេសជ្ជៈ​ជាតិ​ផ្អែម ក៏​ដូច​ជាទឹក​​ផ្លែ​​ឈើ​ដែរ អាច​បង្កើន​​ហានិភ័យ​ជំងឹ​បេះដូង និង​ទឹក​នោម​ផ្អែម​ដូចគ្នា​។

ពាក់​ព័ន្ធ​នឹង​បញ្ហា​ខាង​លើ​នេះ ក្រុម​អ្នក​ជំនាញ​​​សុខភាព​មក​ពី​មូលនិធិ​សុខភាព​ជាតិ​នៃ​ចក្រភព​​​​​​អង់គ្លេស បាន​ណែ​នាំ​ជម្រើស​​​​​សម្រាប់​អ្នក​ចូល​ចិត្ត​ផ្លែ​ឈើ ដោយ​ការ​បរិភោគ​ផ្ទាល់ ជំនួ​ស​ឲ្យ​​ការ​ញ៉ាំ​ភេសជ្ជៈ​​ទឹក​ផ្លែ​ឈើ​ក្រឡុក ឬ​ទឹក​ផ្លែ​ឈើ​ស្រស់​ក្នុង​បរិមាណ​ច្រើន​ក្នុងមួយ​ថ្ងៃ។ អ្នក​ជំនាញ​ក៏​បាន​​ណែ​នាំ​ផង​ដែរ ឲ្យ​កម្រិត​ការ​ញ៉ាំទឹក​ផ្លែ​ឈើ​ស្រស់​ដើម្បី​សុខភាព គឺ​ត្រឹម​តែ ១៥០មិល្លីលីត្រ ប៉ុណ្ណោះ​ក្នុង​១​ថ្ងៃ។

លោក​វេជ្ជបណ្ឌិត Gunter Kuhnle អ្នក​ជំនាញ​សុខភាព និង​ជា​សាស្រ្តាចារ្យ​សាកលវិទ្យាល័យ​ Reading ចក្រសភព​អង់គ្លេស​បាន​និយាយ​ថា៖

«ការ​សិក្សា​នេះ ពិត​ជា​មាន​សារៈសំខាន់​មែន​ទែន ទោះ​បី​​ទឹក​ផ្លែ​ឈើ ត្រូវ​គេ​មើល​ឃើញ​ថាល្អ​សម្រាប់​សុខភាព​ជាង​ភេសជ្ជៈ​ជាតិ​ស្ករ តែ​វា​ក៏​​ផ្តល់​សារធាតុ​ស្ករ​ច្រើន​ពេក​ផង​​ដែរ។ នៅ​អង់គ្លេស​ពេល​នេះ គេ​​ណែ​នាំ​ឲ្យ​ញ៉ាំ​ត្រឹម​តែ ១៥០​មិល្លី ក្នុង​១​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ថ្ងៃ តែ​ជម្រើស​កាន់​តែ​​ល្អ​​​ទៀត​នោះ​គឺញ៉ាំ​ផ្លែ​ឈើផ្ទាល់​តែ​ម្តង​»៕ ​​​​

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត​ សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទផ្តល់សិទ្ធិដោយ Hello Krupet 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]