ខេត្តកំពង់ឆ្នាំង ៖ សាឡា​ង​ចម្លង​ដ​ទទឹង​របស់ក្រុមហ៊ុន​អាជីវកម្ម​ដ​ទទឹង ពី​ទីរួមខេត្ត​កំពង់ឆ្នាំងទៅ​​ស្រុក​កំពង់លែង មានការ​មមារញឹក​ដឹក​ចម្លងអ្នកដំណើរ​ជា​ខ្លាំង ក្នុង​នោះ​រថយន្ត​ជា​ច្រើន​គ្រឿងត្រូវ​បាន​ដឹក​ឆ្លងកាត់​តាម​កំពង់ចម្លង​មួយ​នេះ​ដែរ ដើម្បី​បាន​ធ្វើ​ដំណើរ​ផ្លូវ​កាត់​ពី​ខេត្តកំពង់ឆ្នាំង​ ទៅ​ខេត្តកំពង់ធំ និង​ពី​ខេត្តកំពង់ធំ​ មក​ខេត្តកំពង់ឆ្នាំង ។

ទន្ទឹម​នឹង​នេះ ក៏​មាន​ម្ចាស់​រថយន្ត​ដែល​ធ្វើ​ដំណើរឆ្លងកាត់​តាម​កំពង់ចម្លង​ខាងលើ សំណូមពរ​ឱ្យ​ម្ចាស់​អាជីវកម្ម​បញ្ចុះតម្លៃ​ថែម​ទៀត ។ ម្ចាស់​រថយន្ត​ទាំងនោះ​និយាយ​ថា សព្វ​ថ្ងៃនេះរថយន្ត​ជា​លក្ខណៈ​គ្រួសារ​មួយ​គ្រឿង​ថ្លៃ​២៨.០០០រៀល ​ឬ​ស្មើនឹង​៧​ដុល្លារ ពួក​គាត់​សំណូមពរ​ឱ្យ​មានការ​បញ្ចុះ​ថ្លៃ​ជាង​នេះ​បន្តិច​ត្រឹមតែ​២​ម៉ឺន​រៀល ​ឬ​ស្មើនឹង​៥​ដុល្លារ​បាន​​ហើយ ។

ពួក​គាត់​លើក​ឡើង​ថា ចម្ងាយ​ផ្លូវ​ពី​ទីរួមខេត្ត​កំពង់ឆ្នាំង ទៅ​ស្រុក​កំពង់លែង​កាន់តែ​ខិត​ជិត​ណាស់​ដែរ ព្រោះ​ដោយសារ​ក្រសួង​សារ​ធា​រណការ​បាន​ជីកព្រែក​កាត់​២​កន្លែង ដើម្បី​ធ្វើ​ជា​ផ្លូវទឹក​កាត់​ត្រង់ឱ្យ​ការ​ធ្វើ​ដំណើរ​បាន​ឆាប់រហ័ស ចំណេញ​ពេលវេលា ហើយ​ក៏​លែង​ធ្វើ​ដំណើរ​តាម​ផ្លូវ​វាង​ដូច​មុនទៀត​ដែរ ដោយហេតុ​នេះ​ហើយ​ពួក​គាត់​សំណូមពរ​ឱ្យ​ចុះថ្លៃ​ជាង​នេះ​បន្តិច​។

ជុំវិញ​ការ​ទាមទារ​ចុះថ្លៃ​នេះ​ដែរ ម្ចាស់​ដ​ចម្លងលោក ប៊ុ​ន ណា​វឌ្ឍន៍ បាន​ប្រាប់​ឱ្យ​ដឹង​ កាលពី​រសៀល​ថ្ងៃ​ទី​១៤ ខែឧសភា​ថា កាល​ចាប់ផ្តើម​មុន​ដំបូង​រថយន្ត​មួយ​គ្រឿង​ យក​ថ្លៃ​រហូត​ដល់​៥០​ដុល្លារ​ឯណោះ ។ ប៉ុន្តែ​ក្រោយមក មាន​ផ្លូវ​កាត់ ដែល​ជីក​ដោយ​ក្រសួង​សារ​ធា​ណ​ការ​និង​ដឹក​ជញ្ជូន គួប​ផ្សំ​នឹង​សំណួ​ម​ពរ​ផង មន្ទីរ​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ បាន​កំណត់​ឱ្យ​យក​ត្រឹម​៦​ម៉ឺន​រៀល ​ក្នុង​រថយន្ត​លក្ខណៈ​គ្រួសារ​មួយ​គ្រឿង ។

ក្រោយ​មក​ទៀត ក៏​មាន​សំណួ​ម​ពរ​ពី​ប្រជាពលរដ្ឋ​ជា​ថ្មី​ ឱ្យ​បញ្ចុះតម្លៃ​ជា​ថ្មី​ទៀត ទើប​ខាង​មន្ទីរសេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​កំណត់​ឱ្យ​ចុះថ្លៃ​ដល់​ទៅ​២៨.០០០​រៀល ​ស្មើនឹង​៧​ដុល្លារ ហើយ​ក្រុមហ៊ុន​របស់​លោក​ក៏​យល់ព្រម​តាម ។ ពេល​នេះ ​ចង់​បញ្ចុះ​ថ្លៃ​ជាង​នេះ​ទៀត​មិន​អាច​ទៅ​រួច​ទេ ណា​ថ្លៃប្រេង ថ្លៃ​កម្មករ គឺ​ច្រើន​មិន​អាច​ចុះថ្លៃ​បាន​ឡើយ​។

លោក បុ​៊​ន ណា​វឌ្ឍន៍ បញ្ជាក់​ថា កាល​មុន​បាន​កំណត់​ពេលវេលា​ចេញដំណើរ​មួយ​ថ្ងៃ​៨​ជើង​ដោយ​៤​ជើង​ទៅ​៤​ជើង​មក ។ ប៉ុន្តែ​សព្វថ្ងៃ​មានអ្នក​ធ្វើ​ដំណើរ​ច្រើន ទើប​ក្រុមហ៊ុន​របស់​លោកដឹក​ជញ្ជូន​គ្មាន​កំណត់​ម៉ោង​ពេល​ទេ ពេញ​គឺ​ចេញដើម្បី​ឱ្យទាន់​ការ​ធ្វើ​ដំណើរ​របស់​បងប្អូន ។ ម្យ៉ាងវិញទៀត បាន​កំណត់​បិទ​ការ​ដឹក​ជញ្ជូន​នៅ​ម៉ោង​៦​ល្ងាច ប៉ុន្តែ​ដល់​ម៉ោង​នេះ​បើ​នៅ​មាន​អ្នក​ធ្វើ​ដំណើរ​ច្រើន​ក៏​ត្រូវ​ដឹក​ជញ្ជូន​ជូន​ពួក​គាត់​ដែរ ។

ទោះជា​យ៉ាងនេះ​ក្តី ប្រជាពលរដ្ឋ​នៅ​តែ​ស្នើ​សុំ​ឱ្យ​អាជ្ញាធរ​ខេត្ត និង​មន្ត្រី​ជំនាញ​ជួយ​បញ្ចុះ​ថ្លៃ​ត្រឹម​៥​ដុល្លារ​ឬ​ស្មើនឹង​២​ម៉ឺន​រៀល​បាន​ហើយ ។ ចំណែក​ថ្លៃ​មនុស្ស​ម្នាក់​១​ពាន់​រៀល ម៉ូតូ​១​គ្រឿង ថ្លៃ​១.៥០០​រៀល គឺ​មិន​មាន​បញ្ហា​ទេ ។

គួរ​រំឭក​ថា កាលពី​ពេល​ថ្មី​ៗ​នេះ ក្នុង​ការ​បើក ពិធីបុណ្យ​ទន្លេ​នៅ​ខេត្តកំពង់ឆ្នាំង សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី បាន​សម្រេច​ឱ្យធ្វើ​ស្ពាន​និង​ផ្លូវ ឆ្លងកាត់​ពី​ទីរួមខេត្ត​កំពង់ឆ្នាំង​ទៅ​ខេត្តកំពង់ធំ​ហើយ ។ គម្រោង​នេះ​នឹង​ចាប់​ផ្តើម​នៅ​ចុងឆ្នាំ២០១៩​ខាង​មុខ​នេះ ហើយ​យ៉ាង​យូរ​៥​ឆ្នាំ​ខាង មុខ​ទៀត កម្ពុជា​នឹង​មាន​ស្ពាន​វែង​ជាងគេ​នៅ​ក្នុង​ប្រទេស ដែល​ដល់​ពេល​នោះ​អ្នកស្រុក​កំពង់លែង​ក៏​ដូច​ជា​ប្រជាពលរដ្ឋ​ទូទៅ​លែង​លំបាក​ដូច​សព្វថ្ងៃ​ទៀត​ហើយ ៕ ​

ប្រភព : កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]