ខេត្តបាត់ដំបង ​៖ សមត្ថកិច្ច​បាន​រាយ​ការ​ណ៍​ថា បុរស​ម្នាក់​ដែល​ស្ថិត​ក្នុង​ស្ថានភាព​ស្រវឹង​ជោកជាំ​ទាំង​ព្រឹក​បែរ​ជាទៅ​​បីកូន​តូច​អាយុ​២​ខួប​​ចុះ​ងូតទឹក​ស្រះ​ខាងក្រោយ​ផ្ទះ ក៏​បណ្ដាល​ឱ្យ​លង់ទឹកស្លាប់​ទាំង​ឪពុក​និង​កូន​យ៉ាង​អាណោច​អ​ធ័​ម​បំផុត ​ភ្ញាក់ផ្អើលនៅ​វេលា​ម៉ោង​៩​ និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១១ ​ឧសភា នេះ​ ស្ថិត​នៅ​​ចំណុច​ភូមិ​ឈូក ឃុំ​បា​សាក់ ស្រុក​រុក្ខ​គិរី​។

សេចក្ដី​រាយ​ការ​ណ៍ឱ្យ​ដឹង​ទៀត​ថា ជន​រង​គ្រោះទាំង២នាក់ ​ឪពុក​ឈ្មោះ​អាន អាង អាយុ​៤២​ឆ្នាំ រីឯ​កូនប្រុស​ឈ្មោះ​អាង វិ​ន​ណា អាយុ​២​ឆ្នាំ​។ ជន​រង​គ្រោះ​ទាំង​២​នាក់​បាន​លង់ទឹក​ស្រះ នៅ​ខាង​ផ្ទះ​របស់​ខ្លួន​ប្រហែល​៦០​ម៉ែត្រ​ ។ សមត្ថកិច្ច​បាន​ស្រង់​សំដី​សាច់ញាតិ​ថា បុរស​ជា​ឪពុក​ទំនង​ស្រវឹងស្រា​ខ្លាំង​ផង ហើយ​បាន​នាំ​កូន​តូច​របស់​ខ្លួន​ចុះ​ហែល​ទឹក តែ​មិនដឹង​ម៉េច​ស្រាប់តែ​លង់ទឹក​ស្លាប់​ទាំង​២ ​​ផ្អើល​ឆោឡោ​ទាំង​ព្រឹក​តែ​ម្ដង​។

បើ​តាម​ព័ត៌មាន​បឋម​​ដែលសមត្ថកិច្ច​បាន​សួរនាំ​ក្រុម​គ្រួសារបាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះជា​ឪពុក​ស្រវឹងស្រា​ទាំង​ព្រឹក ហើយ​ពេល​នោះ​ បាន​នាំ​កូន​តូច​ចុះ​ងូតទឹក​ស្រះ​ខាងក្រោយ​ផ្ទះ តែ​ទំនង​រអិល​ចូល​កន្លែង​ជ្រៅ ខណៈ​បីកូន​តូច​ក្នុង​ដៃ​ផង ទើប​មិន​អាច​ហែល​កើត ឬ អាច​របូត​កូន​ពី​ក្នុង​ដៃ​ទើប​ទើប​នាំ​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​ជីវិត​ទាំង​ឪពុក​ទាំង​កូន​យ៉ាង​រន្ធត់​បែប​នេះ​ ។

សមត្ថកិច្ច​បាន​និយាយ​ដែរ​ថា បើ​តាម​ការ​បំភ្លឺ​ពី​ក្រុម​គ្រួសារ គឺ​គ្រោះថ្នាក់​នេះ​បាន​កើតឡើង​ដោយសារ​ការ​ធ្វេសប្រហែស​របស់​ឪពុក ដែល​ខ្លួន​ស្រវឹង​ហើយ នាំ​កូន​ទៅ​ងូតទឹក​ស្រះ​រហូត​លង់​ស្លាប់​បែប​នេះ​ ។ ទោះ​យ៉ាងណា ក្រោយ​សមត្ថកិច្ច​ជំនាញ​ចុះ​ពិនិត្យ​សព​ជន​រង​គ្រោះ និង​ទីតាំង​កើតហេតុ មន្ត្រី​ជំនាញ​បាន​ធ្វើ​កំណត់ហេតុ​ប្រគល់​សព​ជន​រង​គ្រោះ​ទាំង​២​នាក់ ឲ្យ​ទៅ​ក្រុម​គ្រួសារ​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី​ហើយ​៕

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]