ច្បាស់ណាស់អ្នកណាមិនធ្លាប់ឈឺស្មា សុខៗក្រោកពីគេងស្រាប់តែជាប់ស្មាលើកដៃសឹងមិនរួច ប៉ុន្តែគ្នាយើងខ្លះមានបញ្ហាឈឺសន្លាក់ស្មារ៉ាំរ៉ៃក៏មាន។ ឈឺស្មាមិនត្រឹមតែរំខានខ្លាំងទេ ថែមទាំងប៉ះពាល់ការងារប្រចាំថ្ងៃទៀតផង បើអ៊ីចឹងចង់ដឹងពីមូលហេតុ និងវិធីដោះស្រាយ ដោយគ្រាន់តែសាកវិធីហាត់ប្រាណពិសេស ៥ យ៉ាងនេះអាចជួយបាន។
១- មូលហេតុបង្កឲ្យជាប់សន្លាក់ស្មា
បញ្ហាជាប់សន្លាក់ស្មា (Frozen shoulder Syndrome) ជាបញ្ហាសុខភាពម្យ៉ាង ដោយសារមានការរលាកនៅលើសន្លាក់ឆ្អឹងស្មារួមមាន បញ្ហាសរសៃតង់ដុង សរសៃពួរ (Ligaments) សាច់ដុំ ឆ្អឹងមូល និងប្រហោងឆ្អឹងសន្លាក់ (Socket joint)។ ដោយសារសរីរាង្គទាំងនេះមានការរលាក ទើបធ្វើឲ្យយើងឈឺចាប់ពេលធ្វើចលនា បើសិនជាគ្មានការព្យាបាលត្រឹមត្រូវស្ថានភាពជំងឺនឹងកាន់តែធ្ងន់ទៅៗ។
នៅមិនទាន់ដឹងច្បាស់ពីមូលហេតុនាំឲ្យជាប់សន្លាក់ស្មានៅឡើយទេ ប៉ុន្តែមានកត្តាប្រឈមខ្លះនាំឲ្យមានបញ្ហានេះដូចជា៖
– កត្តាអាយុ៖ ម៉ាក់ប៉ា អ៊ំៗ មានអាយុចន្លោះពី ៤០-៦០ ឆ្នាំ ជួបប្រទះជំងឺឈឺស្មានេះញឹកញាប់បំផុត។
– កត្តាភេទ៖ ៧០% ក្នុងចំណោមករណីជាប់សន្លាក់ស្មាទាំងអស់ ត្រូវគេដឹងថា កើតលើស្រីៗ។
– កត្តាវេជ្ជសាស្ត្រ៖ ជំងឺមួយចំនួន ធ្វើឲ្យប៉ះពាល់ដល់មេតាបូលីសដូចជា ជំងឺទឹកនោមផ្អែម កើនឡើងឬ ថយចុះអ័រម៉ូនក្រពេញទីរ៉ូអ៊ីត បញ្ហាគ្រប់គ្រងប្រព័ន្ធចរន្តឈាមខ្សោយ និងជំងឺរបេង។
អាការៈបែបនេះធ្វើឲ្យជីវិតយើងជួបការលំបាកច្រើន យ៉ាងណា ដើម្បីព្យាបាល ឬបង្ការកុំឲ្យមានបញ្ហាសន្លាក់ គ្នាយើងគ្រាន់តែហាត់ប្រាណតាមវិធីសាមញ្ញៗមួយចំនួននៅតាមផ្ទះក៏អាចជួយបានដូចគ្នា។
២- លំហាត់ប្រាណល្អបំផុតបើមានសន្លាក់ស្មា
– ហាត់ប្រាណលាតសន្ធឹង និងបង្វិលស្មា (Pendulum Stretch)៖ វិធីហាត់ប្រាណមួយនេះ គ្នាយើងត្រូវឈរហើយផ្អែកទ្រេតបន្តិច ទល់ជាមួយកៅអី ឬតុ ដើម្បីទប់លំនឹង ដោយទុកដៃឈឺព្យួរចុះក្រោម រួចយោលដៃឈឺចុះឡើងៗតាមចលនារាងរង្វង់។ អនុវត្តឲ្យបាន ១០ជុំ ប៉ុន្តែហាត់តែម្ដងប៉ុណ្ណោះក្នុងមួយថ្ងៃ។ នៅពេលអាការៈជំងឺកាន់តែប្រសើរ យើងអាចបន្ថែមទម្ងន់ក្នុងដៃដើម្បីពង្រឹងសន្លាក់ស្មា។
– ហាត់ប្រាណតាមចលនា Double shoulder Circles៖ វិធីនេះងាយធ្វើបំផុត ដោយគ្រាន់តែដាក់ដៃទាំងពីរនៅលើស្មា រួចធ្វើចលនាបង្វិលស្មាជារាងរង្វង់។ អាចស្រមៃថា យកកែងដៃយើងមកគូសជារង្វង់ ធ្វើចលនាដដែលៗឲ្យបាន ២០ ដងជារាងរង្វង់ស្របតាមទិសទ្រនិចនាឡិកា រួចធ្វើ ២០ ដងទៀតបញ្ច្រាសទិសទ្រនិចនាឡិកាវិញម្ដង។
– ហាត់តាមបែប Towel stretch៖ លំហាត់ប្រាណបែបនេះត្រូវប្រើដៃឈឺនៅទីតាំងខាងលើកាន់ក្រមា ឬកន្សែងពោះគោមួយបោះទៅក្រោយខ្នង ដោយដៃម្ខាងទៀតចាំចាប់ពីក្រោម ហើយទាញចុះទាញឡើងដុសសម្អាតខ្នង។ គួរធ្វើបែបនេះឲ្យបានពី ១០-២០ ដង/ថ្ងៃ។
– ហាត់ប្រាណរបៀប Wall Slides៖ ឈរទល់មុខជញ្ជាំង លាសន្ធឹងដៃ និងដាក់បាតដៃលើជញ្ជាំង បន្ទាប់មករុញដៃយឺតៗទៅលើ រួចចុះមកក្រោមវិញ។ ត្រូវចាំថា ធ្វើចលនាយឺតបំផុត ដើម្បីកុំឲ្យឈឺចាប់ និងធ្វើដដែលៗឲ្យបាន ១៥ ដង រៀងរាល់ថ្ងៃ។
– លំហាត់ Cross Body Stretch៖ ហាត់ប្រាណបែបនេះ ត្រូវប្រើដៃមិនឈឺ លើកកែងដៃឈឺ រួចទាញថ្នមៗមករកដើមទ្រូង។ លាដៃឲ្យត្រង់រយៈពេល ១៥-២០ វិនាទី បន្តធ្វើបែបនេះអោយបាន ១០-២០ ដង/ថ្ងៃ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]