ខេត្តព្រៃវែង ៖ ដូចកោះសន្តិភាពបានទុកមែន ឃាតកម្មបែបនេះមិនយូរទេ ឃាតករនឹងត្រូវវែកមុខយ៉ាងពិតប្រាកដ ។ ពេលនេះ ចាប់ខ្លួនបានហើយ ក្រោយស្រាវជ្រាវយ៉ាងដុតដៃដុតជើង អស់រយៈពេល១ថ្ងៃ ២យប់ នៅវេលាម៉ោង៧និង១៥នាទីព្រឹកថ្ងៃទី១០ ឧសភា កម្លាំងកងរាជអាវុធហត្ថខេត្តកណ្តាល និង
ខេត្តព្រៃវែងបានសហការគ្នាឃាត់ខ្លួនជនសង្ស័យជាឃាតករសម្លាប់នារីម្នាក់ នៅក្នុងផ្ទះសំណាក់រំចង់ ដែលស្ថិតនៅទីប្រជុំជនអ្នកលឿងបានហើយ នៅចំណុចឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។
នៅវេលាម៉ោង៣រសៀលថ្ងៃដដែលនោះ កម្លាំងសមត្ថកិច្ចក៏បាននាំខ្លួនជនសង្ស័យ យកមកឱ្យធ្វើត្រាប់ បង្ហាញពីសកម្មភាពរបស់ខ្លួន ដែលបានសម្លាប់នារីរងគ្រោះ ក្រោមការចោមរោមមើលយ៉ាងកកកុញ ពីសំណាក់ប្រជាពលរដ្ឋ នៅទីតាំងកើតហេតុផងដែរ ។ អ្វីដែលកត់សម្គាល់នោះ គឺឃាតករសារភាពថា ឃើញនាងមានពាក់ចិញ្ចៀន ខ្សែដៃ និងខ្សែ.កដែរ ប៉ុន្តែខ្លួនមិនបានយកទេ គឺសម្លាប់នាងរួច ក៏ប្រញាប់ប្រញាល់គេចខ្លួនតែម្តង ។ ដូច្នេះ អលង្ការរាប់តម្លឹងទាំងនោះមិនដឹងនៅលើអ្នកណាទេ?តែយ៉ាងណានោះ ចម្លើយពិតឬមិនពិត នឹងធ្វើការស្រាវជ្រាវបន្តទៀត ។
លោកវរសេនីយ៍ត្រី ផាត់ សុជោត ប្រធានមន្ទីរយុត្តិធម៌ កងរាជអាវុធហត្ថខេត្តព្រៃវែងបានឱ្យដឹងថា ប្រតិបត្តិការនេះ ធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ ឈួន គឹមសាន្ត មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រៃវែង ក្រោមការសម្របសម្រួលដោយលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រៃវែង និងខេត្តកណ្តាល និងមានការសហការរវាង អាវុធហត្ថលើផ្ទៃប្រទេស ខេត្តកណ្តាល និងព្រៃវែង ទើបឈានដល់ការកំណត់មុខសញ្ញា និងឃាត់ខ្លួនជនសង្ស័យបាន ។
លោកបញ្ជាក់ថា ជនសង្ស័យដែលត្រូវឃាត់ខ្លួននេះ ឈ្មោះ ជា ជាង ភេទប្រុស អាយុ30ឆ្នាំ មានទីលំនៅក្នុងភូមិជ្រោយដង ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល មានមុខរបរជាកម្មកររោងចក្រ ហើយត្រូវបានឃាត់ខ្លួននៅហ្នឹងផ្ទះរបស់ខ្លួនតែម្តង ។ ប្រភពដដែលនេះ បានបញ្ជាក់ប្រាប់ថា ក្រោយពេលចាប់ខ្លួន នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា រូបគេពិតជាបានធ្វើសកម្មភាពរឹត.កសម្លាប់នារីរងគ្រោះឈ្មោះ ផែ ស្រីម៉ាក់ ពិតមែន ដោយសារតែមានទំនាស់ជាពាក្យសម្តី រហូតឈានដល់ការប្រតាយប្រតប់គ្នា នៅក្នុងបន្ទប់ផ្ទះសំណាក់ ។
ជនសង្ស័យបានបន្តទៀតថា រូបគេ និងនារីរងគ្រោះ គឺជាសង្សានឹងគ្នា ទោះបីមានប្តីប្រពន្ធនិងកូនរៀងៗខ្លួនក្តី ហើយនៅពេលកើតហេតុ ពួកគេមានបំណងចូលទៅរួមមេត្រីតាមទម្លាប់ធម្មតា ដែលតែងតែណាត់ជួបគ្នាជារឿយៗ ប៉ុន្តែលើកនេះមិនទាន់បានអីផង ស្រាប់តែនារីរងគ្រោះបង្ខំឱ្យរូបគេលែងប្រពន្ធ ចំណែករូបនាងក៏លែងប្តី ដើម្បីបានរួមរស់នឹងគ្នាជាប្តីប្រពន្ធពេញសិទ្ធិ តែរូបគេមិនព្រម ទើបកើតទៅជាជម្លោះប្រតាយប្រតប់គ្នារហូតដល់រូបគេត្រូវបង្ខំចិត្តរឹតក សម្លាប់នាងតែម្តងទៅ ។
ឃាតករសារភាពទៀតថា ឃើញនាងមានពាក់ចិញ្ចៀន ខ្សែដៃ និងខ្សែ.កដែរ ប៉ុន្តែខ្លួនមិនបានយកទេ គឺសម្លាប់នាងរួច ក៏ប្រញាប់ប្រញាល់គេចខ្លួនតែម្តង ។ ដូច្នេះ អលង្ការរាប់តម្លឹងទាំងនោះមិនដឹងនៅលើអ្នកណាទេ? ។ នារីរងគ្រោះឈ្មោះ ផែ ស្រីម៉ាក់ អាយុ២៥ឆ្នាំ មានទីលំនៅ ភូមិព្រែកបាក់ ឃុំព្រែកទម្លាប់ ស្រុកលើកដែក ខេត្តកណ្តាល មានប្ដីជាមន្ត្រីកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលមុននេះច្រឡំថា អាវុធហត្ថស្រុកលើកដែក ។
សមត្ថកិច្ចបានឲ្យដឹងថា នារីរងគ្រោះបានស្លាប់យ៉ាងអាណោចអាធ័ម ក្នុងបន្ទប់ផ្ទះសំណាក់រំចង់ បន្ទាប់ពីជនសង្ស័យយកខ្សែកាបូបរឹត.កសម្លាប់ ហើយជិះម៉ូតូគេចខ្លួន កាលពីរសៀលថ្ងៃទី៨ ឧសភា ក្នុងឃុំអ្នកលឿង ស្រុកពាមរក៍ ខេត្តព្រៃវែង ។ ការវែកមុខឃាតករមួយចំអិនកំពិសនេះ ដោយសារតែគេបានស្គាល់អត្តសញ្ញាណស្ត្រីរងគ្រោះ ហើយក៏ឈានដល់ការរកឃើញអត្តសញ្ញាណជនដៃដល់ តាមរយៈទូរស័ព្ទដែលបានទាក់ទងគ្នា ហើយវាកាន់តែច្បាស់ថា សម្រាប់គ្រួសារស្ត្រីរងគ្រោះពិតជាមានអ្នកស្គាល់ជននេះ។
ក្រោយពីការចាប់ខ្លួនឃាតករបានភ្លាម បានធ្វើឱ្យមហាជនមានការភ្ញាក់ផ្អើលដោយសារមិននឹកស្មានថា ស្ត្រីរងគ្រោះជាស្រីស្អាតម្នាក់ បែរជាលួចលាក់ស្នេហាជាមួយជនរូបនេះសោះ បើប្រៀបឋានៈប្តីជាមន្ត្រីអាវុធហត្ថ និងប្រុសសហាយជាកម្មករ វាខុសគ្នាឆ្ងាយទៅហើយ ។ ប៉ុន្តែមិនអាចវាយតម្លៃសម្បកក្រៅបានទេ ដោយសារតែនាងមិនត្រឹមតែលួចលាក់ស្នេហាជាមួយបុរសរូបនេះទេ តែក៏បានជំរុញឱ្យលែងប្រពន្ធ ហើយខ្លួននាងក៏លែងប្តី ដើម្បីមកសាងស្នេហ៍ពេញមុខពេញមាត់ ។ សួរថា តើល្បែងស្នេហាចិត្តរយពាន់បែបនេះ មានលទ្ធផលបែបណា ?
ប្រភព៖ កោះសន្តិភាព
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]