បាត់ដំបង៖ ចៅកែស្រីរកស៊ី ប្តូរប្រាក់ និងវេប្រាក់ដ៏ល្បី និងមានទ្រព្យសម្បត្តិ យ៉ាងច្រើននៅទីរួមខេត្ត បាត់ដំបង បានរត់គេចខ្លួន បាត់ទៅបរទេស ក្រោយពីបាន ជំពាក់ប្រាក់ គេរាប់សែនដុល្លារ ប៉ុន្តែ ក្រោយពេលដែល ម្តាយបានដាក់ មេប្រូចបាត់ទៅ សមត្ថកិច្ចបានធ្វើការ ឃាត់ខ្លួន កូនប្រុសទី២ ខណៈកំពុងអង្គុយប្រឡង ឆមាសទី១ ថ្នាក់ទី១២ នៅវិទ្យាល័យ ព្រះមុនីវង្ស កាលពីវេលាម៉ោង១១ ថ្ងៃទី២០ ខែមីនា ឆ្នាំ២០១២។

យោងតាមមន្រ្តី អ.ហ ខេត្តបាត់ដំបង បានឲ្យដឹងថា យុវជន ភូ វីថារិទ្ធ អាយុ១៨ឆ្នាំ ត្រូវបានកម្លាំង កងរាជអាវុធហត្ថខេត្ត ឃាត់ខ្លួន ខណៈកំពុង អង្គុយប្រឡង ឆមាសទី១ ក្នុងវិទ្យាល័យ ព្រះមុនីវង្ស ដោយសារតែមានការ ជាប់ពាក់ព័ន្ធ និងមុខរបរជាមួយម្តាយ ហើយបាន ជំពាក់ ប្រាក់គេរាប់សែនដុល្លារ។

មន្រ្តី អ.ហ បានបន្តថា ស្រ្តីជាម្តាយ របស់យុវជនរូបនេះ មានឈ្មោះ ប៉ែន ពីរស់ អាយុ៤៣ ឆ្នាំ រស់នៅភូមិ២០ឧសភា សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង កាលពីដើមខែមីនា ឆ្នាំ២០១២ បានរត់គេចខ្លួនបាត់ តាមព្រលានយន្តហោះ នៅទីក្រុង បាងកក។

ការឃាត់ខ្លួនយុវជនរូបនេះ បានធ្វើឡើងតាមដីកា របស់សាលាដំបូង ខេត្តបាត់ដំបង។ តែទោះជាយ៉ាងណា សមត្ថកិច្ចបានបញ្ជាក់ថា កូនប្រុសទី១ ដែលកំពុងសិក្សានៅ មហាវិទ្យាល័យ ក្នុងរាជធានីភ្នំពេញ មិនបានឃាត់ខ្លួននោះទេ ពីព្រោះមិន ជាប់ ពាក់ព័ន្ធ។ មន្រ្តី អ.ហ បានបន្តទៀតថា ស្រ្តី ប៉ែន ពីរស់ ជាអ្នករកស៊ី ប្តូរ និងវេប្រាក់ ដ៏មានឈ្មោះល្បី និងមានទ្រព្យសម្បត្តិ យ៉ាងច្រើន នៅក្រុងបាត់ដំបង ប៉ុន្តែរកស៊ី យូៗទៅ ស្រាប់តែជំពាក់ ប្រាក់គេ រាប់សែនដុល្លារ ទើបជនរងគ្រោះ បានដាក់ពាក្យ បណ្តឹងទៅតុលាការ ហើយឈានដល់ការ ចាប់ខ្លួន កូនប្រុសជំនួសម្តាយតែម្តង៕

ដោយ៖ ជាយក្រុង

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]