(ព្រះសីហនុ)៖ រថយន្តទំនើបចង្កូតស្តាំមួយគ្រឿងម៉ាក ALPHARD ពាក់ស្លាលេក្លែងក្លាយ (ខេមរភូមិន្ទ០២-២.៩៨៧៩) ផលិតឆ្នាំ២០១៦ គ្មានការទទួលស្គាល់ និងចេញឲ្យប្រើប្រាស់ស្លាកលេខ ដោយស្របច្បាប់ពីក្រសួងការពារជាតិ ត្រូវបានកម្លាំងសមត្ថកិច្ចគយចល័តតំបន់៣ ផ្លូវជាតិលេខ៤ នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា សហការជាមួយមន្ត្រីសាខាគយ និងរដ្ឋាករខេត្តព្រះសីហនុ ,នគរបាល, កម្លាំងកងរាជអាវុធហត្ថ ចាប់នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៩ នៅចំណុចក្បែរស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ក្រុង-ខេត្តព្រះសីហនុ។

ប្រតិបត្តិការនេះ ដឹកនាំដោយលោក កែវ អង្កាម ប្រធានស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់៣ រួចនាំយកវត្ថុតាងមករក្សាទុកនៅស្នាក់ការស្រាវជ្រាវ និងបង្ក្រាបអំពើគេចពន្ធតំបន់៣ ស្រុកស្រែអំបិល តាមនីតិវិធីគយ។

គួររំឭកថា នៅខេត្តព្រះសីហនុ គិតចាប់ពីចុងឆ្នាំ២០១៨ រហូតមកដល់ជិតពាក់កណ្តាលខែឧសភា ឆ្នាំ២០១៩នេះ យ៉ាងតិចក៏មានរថយន្តស៊េរីទំនើបៗ ទាំងចង្កូតឆ្វេង និងស្តាំជាង ៥០គ្រឿង ដែលឈ្មួញប្រើប្រាស់ និងនាំចូលគេចពន្ធត្រូវបានសមត្ថកិច្ចគយ និងរដ្ឋាករខេត្តព្រះសីហនុ ក៏ដូចជា គយចល័តតំបន់៣ សហការជាមួយកងកម្លាំងចាប់បាននាំយកទៅរក្សាទុក។

ក្នុងនោះ រថយន្តប្រភេទចង្កូតឆ្វេង តម្រូវឲ្យម្ចាស់ចូលបង់ប្រាក់ពិន័យ និងបង់ពន្ធតាមផ្លូវច្បាប់។ ដោយឡែក ចំពោះរថយន្តចង្កូតស្តាំ ត្រូវបានរឹបអូសយកជាសម្បត្តិរដ្ឋ ដែលករណីខាងលើនេះ ធ្វើតាមការណែនាំចង្អុលបង្ហាញពីលោកបណ្ឌិត គុណ ញឹម ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកគយ និងរដ្ឋាករកម្ពុជា៕

ប្រភព៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]