ចិន៖ នារីជនជាតិចិនម្នាក់ បានរងរបួសដាច់ផ្ទៃមុខ ក្រោយត្រូវសត្វមឹកសងសឹកតោងជាប់មុខបេះមិនចង់ចេញ ដោយសារតែនាងចង់ស៊ីវាទាំងរស់។

បើតាមប្រភពបានឲ្យដឹងថា ស្រីស្អាតរូបស្រស់រងគ្រោះ មិនត្រូវបានបង្ហាញអត្តសញ្ញាណនេះ ត្រូវបានគេស្គាល់ថាគឺជា Blogger មួយរូប ដែលមានរហស្សនាម «Seaside Girl Little Seven» ឬនិយាយយ៉ាងខ្លី នារីដែលចូលចិត្តញ៉ាំអាហារគ្រឿងសមុទ្រ (បង្កងសមុទ្រជាដើម) ព្រោះតែនាងតែងតែបង្ហោះចែកចាយវីដេអូឃ្លីបរយៈពេលខ្លីៗ ទាក់ទងនឹងការញ៉ាំ និងគ្រឿងសមុទ្រ នៅលើបណ្តាញសង្គមចិន Kuaishou ដោយទទួលបានការចាប់អារម្មណ៍ និងគាំទ្រយ៉ាងខ្លាំង។

ស្រីស្អាត Blogger ត្រូវមឹកស៊ីមុខវិញ

ទើបតែថ្មីៗនេះប៉ុណ្ណោះ ដែលស្រីស្អាតរូបនេះ បានបង្ហោះចែកចាយនូវវីដេអូឃ្លីបថ្មីមួយទៀត ពាក់ព័ន្ធទៅនឹងការញ៉ាំមឹកឆៅ (នៅរស់) របស់នាង ប៉ុន្តែជាអកុសល បែរជាជួបរឿងស៊យធំស្ទើរតែដាច់មុខដាច់មាត់ ព្រោះតែត្រូវមឹកវាយបកតោងមុខនាង(ដៃមឹក)ស្អិតជាប់ដូចតុកកែ ដែលធ្វើឲ្យនាងរងការឈឺចាប់យ៉ាងខ្លាំង។

ជាក់ស្តែង តាមរយៈវីដេអូឃ្លីបប្រមាណ ៥០វិនាទី បានបង្ហាញពីសកម្មភាពរបស់ Blogger ស្រីរូបនេះ បានព្យាយាមទាញមឹកដ៏ធំមួយក្បាល ចេញពីមុខរបស់នាង ទាំងស្រែកយំផងអីផង ស្ទើរតែមិនចង់របេះចេញ និងរងការឈឺចាប់ជាខ្លាំង។ គេក៏អាចឮសូរសំឡេងនាង និយាយទាំងឈឺថា មើល៍ចុះ! វាពិតជាតោង ជញ្ជក់ស្អិតមែន។

ស្រីស្អាត Blogger យំ និងបង្ហាញពីស្នាមរបួស

យ៉ាងណាមិញ ឈុតបន្ទាប់ក្នុងវីដេអូឃ្លីប បន្ទាប់ពីនាងបានទាញមឹកចេញពីមុខបានសម្រេច ស្ទើរតែដាច់ខ្យល់ ទាំងវៀចមុខវៀចមាត់នោះ នាងក៏បានបង្ហាញពីស្នាមរបួសមានដាច់ចេញឈាមលើផ្ទៃមុខ ដែលបង្កឡើងក្រោមស្នាដៃមឹកនោះផងដែរ។

នាងបានយំនិងនិយាយថា៖ «ពេលនេះមុខរបស់ខ្ញុំ ខូចអស់ហើយ!»

ជុំវិញនឹងរឿងរ៉ាវនេះ ស្រីស្អាត Blogger ដែលត្រូវបានគេដឹងថា រស់នៅក្នុងទីក្រុង Lianyungang ខេត្ត Jiangsu នេះ ក៏ត្រូវបានអ្នកនិយមលេងបណ្តាញសង្គមមួយចំនួនបញ្ចេញមតិថា នេះជាលទ្ធផលសមមុខនាងហើយ ព្រោះតែនាងចង់ញ៉ាំមឹករស់ ដូច្នេះមឹកក៏ចង់ស៊ីនាងទាំងរស់ដូចគ្នា៕

តើសម្រាប់ប្រិយមិត្តវិញយល់យ៉ាងណាដែរ?

ទស្សនាវីដេអូខាងក្រោម៖  

ស្រីស្អាត Blogger
រូបភាព សត្វមឹក

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]