ចិន៖ បុរសជនជាតិចិនម្នាក់ បានធ្វើឲ្យគ្រូពេទ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយបានពិនិត្យនិងរកឃើញថា មានសត្វពីងពាងសំងំរស់នៅក្នុងត្រចៀករបស់គាត់។

បុរសរងគ្រោះខាងលើនេះ ត្រូវបានគេស្គាល់ឈ្មោះថា លោក Li មកពីខេត្ត Jiangsu ប្រទេសចិន។

លោក Li បានទៅមន្ទីរពេទ្យដើម្បីធ្វើការពិនិត្យ

បើយោងតាមប្រភពសារព័ត៌មានបានឲ្យដឹងថា នៅក្នុងថ្ងៃកើហេតុ ពោលគឺកាលពីព្រឹកថ្ងៃអាទិត្យ សប្តាហ៍កន្លងទៅនេះ នៅគ្រាដែលលោក Li កំពុងតែដើរតាមផ្លូវទៅកន្លែងធ្វើការ លោកក៏ស្រាប់តែមានអារម្មណ៍ថា មានអ្វីម្យ៉ាងហោះចូលក្នុងត្រចៀករបស់លោក។ ប៉ុន្តែលោកក៏បានគិតថា ប្រហែលជាមិនមានអ្វីធំដុំនោះទេ ហើយលោកនឹងរុកឆ្កឹះយកវាចេញមកវិញ នៅពេលដែលលោកទៅដល់អូហ្វីស (ឬកន្លែងធ្វើការ)។

ប៉ុន្តែផ្ទុយទៅវិញ ការព្យាយាមរុកឆ្កឹះដើម្បីឲ្យអ្វីម្យ៉ាង ដែលជាប់គាំងនៅក្នុងត្រចៀករបស់គាត់នោះចេញមកក្រៅវិញ គឺលោកនៅតែមិនអាចធ្វើវាបានឡើយ ដោយចំណាយពេល២ម៉ោង ជាហេតុធ្វើឲ្យអាការលោកហាក់ឈឺក្បាល និងមានអារម្មណ៍ថា រមាស់ស្កៀបៗនៅក្នុងត្រចៀកស្ទើតែទ្រាំមិនបាន។ ក្រោយមកលោក Li ក៏បានសម្រេចចិត្តទៅមន្ទីរពេទ្យតែម្តង ដើម្បីសុំជំនួយពីគ្រូពេទ្យ។

ពីងពាងក្នុងត្រចៀកលោក Li

លោក Li បានទៅមន្ទីរពេទ្យ Affiliated Hospital of Yangzhou University Medical School ក្នុងទីក្រុង Yangzhou ខេត្ត Jiangsu ហើយគ្រូពេទ្យក៏បានធ្វើការពិនិត្យនៅក្នុងត្រចៀករបស់គាត់ ដោយប្រើប្រាស់ឧបករណ៍ពេទ្យដើម្បីថតឆ្លុះមើល (Microscope)។ ជារឿងដ៏ភ្ញាក់ផ្អើលនោះ ក្រោយធ្វើការពិនិត្យគ្រូពេទ្យក៏បានរកឃើញថា មានសត្វពីងពាងមួយក្បាល កំពុងតែសំងំរស់និងធ្វើសម្បុកនៅក្នុងត្រចៀករបស់គាត់។

ភ្លាមៗក្រោយពិនិត្យឃើញបែបនេះ គ្រូពេទ្យឈ្មោះ Zhang Pan នៅមន្ទីរពេទ្យខាងលើនេះ ក៏បានប្រញាប់ប្រញាល់ប្រើប្រាស់ឧបករណ៍ពេទ្យ ដើម្បីបណ្ដេញនិងចាប់យកកូនពីងពាងនោះចេញពីត្រចៀកលោក Li តែម្តង។

លោកគ្រូពេទ្យ Zhang Pan

លោកគ្រូពេទ្យ Zhang Pan បាននិយាយថា ពីងពាងមួយក្បាលនោះ សំងំរស់នៅក្នុងត្រចៀករបស់អ្នកជំងឺ Li ហើយវាបានវារផ្លាស់ទីយ៉ាងលឿន ដែលជាហេតុធ្វើឲ្យលោកពិបាកបន្តិចដែរ នៅក្នុងការប្រើប្រាស់ឬផ្លាស់ប្តូរឧបករណ៍ពេទ្យឲ្យបានភ្លាមៗ ដើម្បីចាប់យកវាចេញមកវិញ។ ប៉ុន្តែទោះយ៉ាងណា ទីបំផុតប្រតិបត្តិការមួយនេះនៅតែជោគជ័យ ហើយអ្នកជំងឺក៏ពុំបានរងរបួសអ្វីនោះឡើយ។

យ៉ាងណាមិញ នេះក៏ជាសារព្រមានមួយទៅដល់មហាជនទូទៅ ឲ្យបង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់បំផុត ជុំវិញនឹងបរិយាកាសខាងក្រៅ ការហូបចុក ឬកន្លែងសម្រាក ត្រូវមានការពិនិត្យមើលឲ្យបានត្រឹមត្រូវ ចៀសវាងមានសត្វល្អិតតូចៗណាមួយមើលមិនឃើញ ឆ្លៀតឱកាសប៉ះពាល់រាងកាយ កុំឲ្យដូចករណីបុរសរងគ្រោះខាងលើនេះ៕

ទស្សនាវីដេអូខាងក្រោម៖ 

ពីងពាងក្នុងត្រចៀកលោក Li

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]