ធ្លាប់​ឆ្ងល់​អត់ស្រីៗ​ភាគ​ច្រើន​ពពោះ ពិសេស​បន្ទាប់​ពី​ខែ​ទី ៦ ក្រោយ​ដឹង​មាន​បេប៊ី ស្រាប់​តែ​ផ្ចិត​លៀន​ចេញ​មក​ក្រៅ គ្នា​យើង​ខ្លះ​មាន​អារម្មណ៍​ថាអាក្រក់​មើល​ណាស់​ត្រូវអត់? ហើយ​ខ្លះ​ទៀតអាច​នឹង​ភ័យ​ស្លន់​ស្លោរ​ក៏មាន។ ចុះមាន​ដឹង​ថា​ហេតុ​អី​បាន​អ៊ី​ចឹង? បើ​ចង់​ដឹង “Hello គ្រូពេទ្យ” នឹង​ប្រាប់​ឲ្យ​ខ្ទេច​ពេល​នេះ​តែ​ម្តង។

១- ម៉េច​បាន​ម៉ាក់ៗ​ខ្លះ​ផ្ចិត​លៀន​មក​ក្រៅ?

ផ្ចិត​ជាស្លាក​ស្នាម​មួយ បន្សល់​ទុក​តាម​រយៈ​ការ​កាត់​ទង​ផ្ចិត​ក្រោយ​យើង​ទាំង​អស់​គ្នា​ចាប់​កំណើត​ម៉ាក់​យើង។ ផ្ចិត​មនុស្ស​ម្នាក់ៗ គឺ​មាន​រូប​រាង​ខុស​គ្នា គ្នា​យើង​ខ្លះ​មាន​ផ្ចិត​លឹប ខ្លះ​ទៀត​មាន​ផ្ចិត​លៀន​ចេញ​មក​ក្រៅ។ អំឡុង​ពេល​ពពោះ បើ​ពោះ​រីក​ធំ​យ៉ាង​ឆាប់​រហ័ស ជា​មូលហេតុ​ជម្រុញ​ឲ្យ​ស្បែក​ផ្ចិត​លៀន​ចេញ​ក្រៅ តែ​មិន​កើត​មាន​គ្រប់​គ្នា​នោះ​ទេ។ យ៉ាងណា​ផ្ចិត​ម៉ាក់ៗ លេច​ឡើង​នៅ​ចុង​ត្រីមាស​ទី២ ​ជា​ពេល​ពោះ​ចាប់ផ្ដើម​លូតលាស់​លឿន​ជាង​មុន។

២- ក្បាល​ផ្ចិត​លៀន​ចេញ​ក្រៅ​គួរ​បារម្ភ​អត់?

ផ្ចិត​លៀន​ចេញ​ក្រៅ​អំឡុង​ពេល​មាន​ផ្ទៃពោះអាច​និយាយ​បាន​ថា ជារឿង​ធម្មតា​ទៅ​ហើយគ្មាន​អី​គួរ​ឲ្យ​បារម្ភ​ទេ ព្រោះ​ថា​​ទំហំ​ពោះរីក​ធំ ដោយសារ​បេប៊ី​ក្នុង​ផ្ទៃ​កំពុង​លូតលាស់​ពេញ​រូប​ពេញ​រាង​បន្តិច​ម្តងៗ។ ប៉ុន្តែ​ផ្ចិត​ផុស​ចេញ​មក​ក្រៅ ក៏​អាច​ជា​សញ្ញា​ព្រមាន​កើត​ជំងឺ​ក្លន​លូន​ដែរ។ បើ​អ្នក​មាន​អារម្មណ៍​ឈឺចាប់​ និង​មាន​ជាលិកា​ហើម​នៅ​តំបន់​ផ្ចិត​ វា​ទំនង​ជា​កើតលៀន​ផ្ចិត​។ ជំងឺ​នេះច្រើន​កើត​លើ​បេប៊ី ​ប៉ុន្តែ​ក៏​ធ្លាប់​ប្រទះ​ឃើញកើត​មាន​លើ​ស្រីៗ​មាន​ផ្ទៃពោះ​ដូច​គ្នា ហើយ​អាច​និយាយ​បាន​ថា គ្នា​យើង​កំពុង​ពពោះ​លេច​ចេញ​សញ្ញា​បែប​នេះ គឺ​ដោយ​សារ​យើង​កើត​ជំងឺ​លៀន​ផ្ចិត​តាំង​ពី​កើត​មក​ម្ល៉េះ។ ជំងឺ​លៀន​ផ្ចិត ដោយ​សារ​មាន​ញ្ហា​ក្នុង​រន្ធ​តូច​មួយ​នៅ​ជញ្ជាំង​ពោះអាច​ជា​សះស្បើយ​ដោយ​ខ្លួនឯង ដោយសារ​ជាលិកា​នឹង​លូតលាស់​បិទ​រន្ធ​បន្តិច​ម្ដងៗ។

៣- បើ​ដឹង​ថាកើត​ជំងឺ​លៀន​ផ្ចិត​ត្រូវ​ធ្វើ​ម៉េច?

វិធីសាស្ត្រ​ចម្បង ​ត្រូវ​ទុក​ឱ្យសះស្បើយ​ដោយ​ខ្លួន​ឯង តែ​បើ​ស្ថានភាព​ម៉ាក់ៗ​កាន់​តែ​ធ្ងន់ធ្ងរ អាច​នឹង​ឈាន​ដល់​វះកាត់។ យ៉ាង​ណាករណី​នេះកម្រ​នឹង​កើត​មាន​អំឡុង​​ពេល​ពពោះ​ណាស់ ប៉ុន្តែ​បើ​សង្ស័យគ្នា​យើង​គួរ​ស្វែង​រក​ជំនួយ​ផ្នែក​វេជ្ជសាស្ត្រ។

៤- គួរ​ធ្វើ​ម៉េច​ពេល​មាន​អារម្មណ៍​មិន​ស្រួល?

គ្នា​យើង​កំពុង​ពពោះ​ខ្លះ មិន​មាន​ការ​ឈឺចាប់​ផ្ចិត​លើ​ក្បាល​ពោះ​ទេ ប៉ុន្តែ​ខ្លះ​ទៀត អាច​រង​ការ​ឈឺ​ចាប់​ពេល​ពពោះ ហើយ​អាការៈ​ឈឺចាប់​លើ​ផ្ចិត អាច​កើត​មាន​ឡើង​ក្នុង​ដំណាក់​មួយ​ដែល​បេប៊ីក្នុង​ផ្ទៃ​លូតលាស់​លឿន។ ដើម្បី​ជួយ​ឲ្យ​ស្រួល​ជាង​មុនអាច​ប្រើ​ខ្នើយ​កល់​ក្បាល​ពោះ ឬ​ដេក​ផ្អៀង ព្រោះ​អាច​បន្ថយ​អារម្មណ៍​ឈឺ​ចាប់។ ពេល​ឈរ អាច​ប្រើ​ខ្សែ​ក្រាវាត់​សម្រាប់​ស្រីៗ​មាន​ផ្ទៃ​ពោះ​ជា​ជំនួយ ដើម្បី​កាត់​បន្ថយ​អាការៈ​ឈឺ​ខ្នង ឈឺ​ពោះ ហើយ​អាច​ប្រើ​ឡេ​ធម្មជាតិ​ដែល​មាន​សុវត្ថិភាព ឬ​ឡេ​ផលិត​ចេញ​ពី​កាកាវលាប​ត្រង់​ស្បែក​រមាស់ និង​រលាក។

ក្នុង​ករណី​មាន​សំណួរ​ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​បញ្ហា​សុខភាព​អ្នក​ ជម្រើស​ល្អ​បំផុតសូមពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា​ មិន​ធ្វើ​រោគ​វិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]