ខេត្តបន្ទាយមានជ័យ ៖ ខ្យល់​កន្ត្រាក់​បាន​បន្ត​បំផ្លាញ​លំនៅ​ដ្ឋា​ន​របស់​ប្រជាពលរដ្ឋ​នៅ​ក្នុង​ខេត្តបន្ទាយមានជ័យ ខណៈ​មាន​មេឃ​ភ្លៀង​លាយឡំ​ជាមួយ​ផ្គរ​រន្ទះ និង​ខ្យល់ ។ នៅ​ល្ងាច​ថ្ងៃ​ទី​០១ ខែឧសភា ឆ្នាំ​២០១៩ ផ្ទៃមេឃ​មាន​ភ្លៀង​ផ្គរ​រន្ទះ និង​លាយឡំ​ជាមួយ​ខ្យល់​បក់​បោក​យ៉ាង​ខ្លាំង បណ្តាល​ឲ្យ​ផ្ទះសម្បែង​ប្រជាពលរដ្ឋ​រួម​ទាំង​សាលាឃុំ​សាលារៀន និង​តូប​លក់ដូរ​ចំនួន​៥​ស្រុក​-​ក្រុង បាន​រង​នូវ​ការ​ខូចខាត សរុប​ចំនួន​៩៦​ខ្នង រន្ទះបាញ់​មនុស្ស​ស្លាប់​ម្នាក់ របួស​ម្នាក់ និង​រង​គ្រោះ​ដោយសារ​មីន​របួស​ដាច់​ជើង​ម្នាក់ ។ នេះ​បើ​យោង​តាម​របាយការណ៍​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ​ដែល​បាន​បង្ហាញ​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​០២ ខែឧសភា ឆ្នាំ​២០១៩​នេះ ។

របាយការណ៍​បាន​បញ្ជាក់​ថា ស្រុក​-​ក្រុង ដែល​រង​នូវ​ការ​ខូចខាត​ផ្ទះសម្បែង​នោះ​មាន​១-​ស្រុក​ព្រះនេត្រព្រះ ខូចខាត​ចំនួន​២​ខ្នង (​របើក​ដំបូល​) មាន​រន្ទះបាញ់​មនុស្ស​ស្លាប់​ម្នាក់​ឈ្មោះ គឹ​ម ពេ​ទ ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ នៅ​ភូមិ​ស្រះ​ខ្ទុំ ឃុំ​បុ​ស្បូវ ស្រុក​ព្រះនេត្រព្រះ ខណៈ​ពេល​ជន​រង​គ្រោះ​ទៅ​ដាក់​អង្គុប​សត្វ​កណ្តុរ នៅ​ចម្ងាយ​ពី​ភូមិ​២.០០០​ម៉ែត្រ ។ ២-​ស្រុក​ថ្មពួក​ខូចខាត​ចំនួន​៤៤​ខ្នង (​របើក​ដំបូលផ្ទះ​ចំនួន​៤៣​ខ្នង តូប​១​ខ្នង​) មាន​រន្ទះបាញ់​អង់​តែ​ន​ឆ្លង​ចរន្ត បណ្តាល​ឆក់​របួស​មនុស្ស​ម្នាក់​ឈ្មោះ​ហាន សួន ភេទ​ស្រី អាយុ​៦៣​ឆ្នាំ នៅ​ថ្មី​កណ្តាល ឃុំ​ភូមិ​ថ្មី ស្រុក​ថ្មពួក និង​ម្នាក់​ទៀត​ដើរ​ជាន់​មីន​ផ្ទុះ បណ្តាល​ឲ្យ​របួស​ដាច់​ជើង​ម្ខាង ខណៈ​ពេល​ដើរ​បេះ​បន្លែ នៅ​ចំណុច​ជិត​ព្រំដែន ឈ្មោះ​ដុក ស្រី​ពៅ ភេទ​ស្រី អាយុ​៣៣​ឆ្នាំ នៅ​ភូមិ​តា​ម៉ាំង ឃុំ​គោក​រមៀត ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ ។ ៣-​ស្រុក​អូរ​ជ្រៅ ខូចខាត​ចំនួន​៤៨​ខ្នង (​របើក​ដំបូលផ្ទះ​៤៦​ខ្នង សាលាឃុំ​ខ្នង សាលារៀន​១​ខ្នង​) ។​៤ -​ក្រុង​សិរី​សោភ័ណ​ចំនួន​១​ខ្នង (​របើក​ដំបូល​) ។​៥ -​ស្រុក​ស្វាយចេក ខូចខាត ១​ខ្នង​(​របើក​ដំបូល​) ។

នៅ​ថ្ងៃ​ទី​០២​ខែឧសភា ឆ្នាំ​២០១៩​នេះ ដោយ​ទទួល​បាន​បទបញ្ជា​ពី​លោក​ឧត្តមសេនីយ៍ទោ​អាត់ ខែ​ម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ ។ លោក​វរសេនីយ៍ទោ​សែ​ស វិបុល​អធិការ​នគរបាល​ស្រុក​អូរ​ជ្រៅ និង លោក​វរសេនីយ៍ត្រី គុយ យ៉ា​ន អធិការ​ស្តីទី​ស្រុក​ថ្មពួក​បាន​ដឹកនាំ​កម្លាំង​ចុះ​ជួយ​រុះរើ​ដើរ​ប្រមូល​ស័ង្កសី​ដែល​ហោះហើរ​ទុកដាក់ និង​ជួសជុលផ្ទះ​សម្បែង​ជូន​ប្រជាពលរដ្ឋ​ឡើង​វិញ ចំណែក​បណ្តា​ស្រុក​ក្រុង​មួយ​ចំនួន​បន្ត​ជួសជុលផ្ទះ​ដែល​ខូចខាត​ពី​មុន​នៅ​មិន​ទាន់​ជួសជុល​ផង​ដែរ ៕

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]