ដឹង​ថា​មាន​ផ្ទៃ​ពោះ​ភ្លាម មិន​ថា​ប្តី ឬ​ប្រពន្ធ​ សុទ្ធ​តែ​រំភើប។ យ៉ាង​ណាស្រីៗ​ហាក់​មាន​ក្តី​បារម្ភ​ច្រើន​ពេល​ទៅ​ជួប​ពេទ្យ ព្រោះ​ពេទ្យ​អាច​ណែនាំ​ឲ្យ​ធ្វើ​នេះ​ធ្វើ​នោះ ចាក់​វ៉ាក់​សាំង និង​ពិនិត្យ​សុខភាព​ផ្សេងៗ។ ប៉ុន្តែ​នៅ​មាន​រឿង​មួយ​ទៀត យើង​គួរ​ដឹងពេល​ពពោះ ស្រាប់​តែសុដន់​ប្រែប្រួល​ខុស​ប្រក្រតី ​យើង​គួរ​ធ្វើ​តេស្ត​ទាំង​នេះ ដើម្បី​ប្រាកដ​ថា​យើង​គ្មាន​មហារីក​សុដន់ ព្រោះ​អាច​ប៉ះ​ពាល់​ដល់​កូន​ក្នុង​ផ្ទៃ។

១- រោគ​សញ្ញា​មហារីក​សុដន់​ពេល​ពពោះ​

ជាទូទៅដុំ​នៅ​ក្នុង​សុដន់​អំឡុង​ពេល​ពពោះ មិន​មែន​ជា​ដុំ​មហារីក​ទេ ប៉ុន្តែ​មហារីក​សុដន់​អំឡុង​ពេល​មាន​ផ្ទៃ​ពោះ លេច​ចេញ​ដំបូងក៏​ជា​ដុំ​មួយ​ដែរ។ យើង​គួរ​ប្រាប់​ពេទ្យ ​បើ​សង្ស័យ​មាន​​ដុំ​អ្វី​មួយ​កើត​មាន​ក្នុង​សុដន់។ គ្រូពេទ្យ​នឹង​យក​ចិត្ត​ទុក​ដាក់​លើ​ដុំ​នោះ ហើយ​ណែនាំ​យើង​ទៅ​ធ្វើ​តេស្ត​ពិនិត្យ​មើល​ដើម្បី​ឲ្យ​ប្រាកដ​ថា ជាដុំ​មហារីក ឬ​ជា​អ្វី​ឲ្យ​ប្រាកដ។ កុំ​ពន្យារ​រហូត​ដល់​សម្រាល​រួច ឬ​រង់​ចាំ​ដល់​ឈប់​បំបៅ​ដោះ​កូន​អី រក​ឃើញ​កាន់​តែ​លឿនជួយ​យើង​មាន​ឱកាស​កាន់​តែ​ច្រើនព្យាបាល​ជា​សះ​ស្បើយ។ ពេទ្យ​នឹង​រៀប​ផែន​ការ​ព្យាបាល​សមស្រប មិន​ប៉ះពាល់​ដល់​កូន​យើង​ទេ ខណៈ​តេស្ត​សំខាន់​មួយ​ចំនួន​ក៏​ត្រូវ​បាន​ណែ​នាំ​សម្រាប់​យើង​ផង​ដែរ។

២- តេស្ត​ថត​មើល​សុដន់​ដោយ​កាំរស្មី (Mammogram)

តេស្ត Mammogram ដើម្បី​ថត​ពិនិត្យ​សុដន់ គឺ​ត្រូវ​បាញ់​កាំរស្មី​កម្រិត​ទាប ដើម្បី​ចាប់​យក​រូបភាព​នៅ​ក្នុង​សុដន់។ កាំរស្មី​ត្រូវ​ចាញ់​ចំ​តែ​សុដន់​ប៉ុណ្ណោះ បែប​នេះ​មិន​ប៉ះពាល់​ដល់​កូន​ក្នុង​ផ្ទៃ​ទេ។ ​យើង​ត្រូវធ្វើ​តេស្ត​នេះ បើ​មាន​រោគ​សញ្ញា​ដូច​ជា៖
– ស្ទាប​ឃើញ​មានដុំ​ក្នុង​សុដន់​
– មាន​ហូរ​ឈាម ឬ​សារធាតុ​រាវ​ប្លែក​ហូរ​ចេញ​ពីចុង​សុដន់​
– ស្បែក​សុដន់​ប្រែប្រួល​ខុស​ប្រក្រតី
– លេច​ចេញ​រោគសញ្ញា​ដទៃ​ផ្សេង​ទៀត​
ប្រសិន​បើ​អ្នក​គ្មាន​រោគសញ្ញា​ខាងលើ​នេះ​ ក៏​មិន​ណែនាំ​ឲ្យ​ធ្វើ​តេស្ត​នេះ​ដែរ។

៣- ឆ្លុះ​អេកូ​សុដន់​

តេស្ត​មួយ​នេះ ពេទ្យ​នឹង​ប្រើ​រលក​សម្លេង ដើម្បី​ចាប់​យក​រូបភាព​ពី​ក្នុង​សុដន់។ ​ជា​ទូទៅ​ ពេទ្យ​ធ្វើ​អេកូសុដន់​មុន​ថត​កាំរស្មី។ អេកូ​សុដន់អាច​ឲ្យគ្រូពេទ្យ​ដឹងថា​មាន​ដុំសាច់ ឬ​ដុំទឹក ប៉ុន្តែ​មិនអាច​ដឹងថាជា​ដុំ​មហារីក ឬ​មិន​មែន​នោះ​ទេ។ គ្រូពេទ្យ​អាច​នឹង​ណែនាំ​ឲ្យ​យើង​ឆ្លុះ​អេកូ​នៅ​ពេល​ដុំ​ដោះ​រឹង​ពេក តែ​ពេទ្យ​មិនអាច​មើល​ឃើញ​ដោយ​ថត​កាំរស្មី​បាន។ ឆ្លុះ​អេកូពុំ​មានផល​ប៉ះពាល់អ្វី​ទាំង​អស់។

៤- ច្រឹប​សាច់​សុដន់​យក​ទៅ​ពិសោធន៍

បើ​លទ្ធផល​ថត​ឃើញ​ថាមាន​ដុំ​មិន​ប្រក្រតី​ ពេទ្យ​នឹងធ្វើតេស្តច្រឹបសាច់សុដន់ ​ដោយប្រើ​ឧបករណ៍​មួយ​ចំនួនដូចជា​ ម្ជុល កាំបិត​ដើម្បី​ច្រឹប​សាច់នៅ​តំបន់​សង្ស័យ​យក​ទៅ​ពិនិត្យដោយ​មីក្រូទស្សន៍។ ការ​ច្រឹប​សាច់​ត្រូវ​ប្រើថ្នាំ​ស្ពឹក​បន្តិច​នៅ​តំបន់​ត្រូវច្រឹប ប៉ុន្តែ​ថ្នាំ​ស្ពឹកក៏​គ្មាន​ផល​ប៉ះពាល់​អ្វី​ដល់​កូន​ក្នុង​ផ្ទៃ​ដូចគ្នា។ ក្រោយ​ពេល​ច្រឹប​សាច់​រួច យើង​អាច​ទៅ​ផ្ទះ​វិញ​ធម្មតា។ ការប្រើ​ម្ជុល​ច្រឹប​សាច់មាន​សុវត្ថិភាព​ជាង​កាត់​យក​សាច់​ទាំង​ដល់ ព្រោះ​កាត់​យក​សាច់​ទៅ​ពិសោធន៍ងាយ​ឆ្លង​រោគ ហើយ​ទឹកដោះ​ក៏​ងាយ​ហូរ​ចូល​ទៅ​កន្លែង​កាត់​នោះ​ដែរ។

៥- ថតអឹមរ៉ាយ (MRI)

បើ​សង្ស័យ​ដុំ​នោះ​ជា​ដុំមហារីក ពេទ្យ​នឹង​ចាប់​ផ្តើម​ប្រើ​ម៉ាស៊ីន​ស្កេន MRI (Magnetic resonance imaging)។ ទោះ​បី​ការ​សិក្សា​បញ្ជាក់​ថាគ្មានផល​ប៉ះពាល់អ្វី​ក៏ដោយ ប៉ុន្តែ​យើង​គួរ​សួរ​នាំ​ពេទ្យ​ឲ្យបាន​ច្បាស់​មុន​ធ្វើ​តេស្ត​នេះ។ វិធី​ធ្វើ​តេស្ត​ដើម្បី​រក​មើល​មហារីក​សុដន់​ខាងលើសុទ្ធ​តែជា​អាច​ជួយ​ធ្វើរោគវិនិច្ឆ័យ​បាន​អំឡុង​ពេល​មាន​ផ្ទែពោះ និង​មិនប៉ះពាល់​ដល់​កូនក្នុង​ផ្ទៃ​យើង​ទេ។

ក្នុង​ករណី​មាន​សំណួរ​ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​បញ្ហា​សុខភាព​អ្នក​ ជម្រើស​ល្អ​បំផុតសូមពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Groupមិន​ចេញ​វេជ្ជបញ្ជា​ មិន​ធ្វើ​រោគ​វិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]