អាមេរិក៖ ក្មេងស្រីពិការដៃតាំងពីកំណើតម្នាក់ បានឈ្នះការប្រកួតឆ្លាក់អក្សរនៅក្នុងសហរដ្ឋអាមេរិក កំពុងតែធ្វើឱ្យមហាជនមានការចាប់អារម្មណ៍នឹងនាងជាខ្លាំង។

យោងតាមប្រភពច្បាស់ការណ៍មួយ បានរាយការណ៍ថា ក្មេងស្រីនេះមានឈ្មោះ Sara Hinesley ស្រុកកំណើតក្នុងប្រទេសចិន ហើយនាងកើតមក គឺគ្មានដៃតាំងពីកំណើតមកម្ល៉េះ។

ថ្វីបើកើតមកគ្មានដៃដូចគេ ក៏ក្មេងស្រីវ័យ ១០ឆ្នាំរូបនេះ មិនបានបោះបង់ចោលខ្លួនឯងនោះដែរ ពោលគឺថ្មីៗនេះនាងបានឈ្នះការប្រកួតឆ្លាក់សរសេរថ្នាក់ជាតិមួយនៅសហរដ្ឋអាមេរិក។

ក្មេងស្រី Sara ត្រូវបានក្រុមគ្រួសារអាមេរិកមួយ យកនាងទៅចិញ្ចឹមកាលពីជាង ៤ឆ្នាំមុន។ នៅពេលមកសហរដ្ឋអាមេរិកជាលើកដំបូង នាងមិនចេះភាសាអង់គ្លេសនោះទេ កុំថាឡើយសរសេរអក្សរទៀតនោះ។ ប៉ុន្តែនាងរៀនចេះភាសាអង់គ្លេសបានលឿន ព្រោះតែបងស្រីនាងឈ្មោះ Veronica ជួយបង្រៀននាង។

យូរៗទៅ សិស្សថ្នាក់ទី៣ម្នាក់នេះក៏បានអភិវឌ្ឍន៍របៀបសរសេរដោយខ្លួននាងផ្ទាល់ ដោយការយកដៃទាំងគូដាក់ឱបជាប់ប៊ិច ឬខ្មៅដៃដើម្បីសរសេរអក្សរ។ នាងមិនដែលពាក់ដៃសិប្បនិម្មិតនោះទេ ហើយម្តាយចិញ្ចឹមរបស់នាងបាននិយាយថា នាងតែងតែបដិសេធមិនត្រូវការជំនួយក្នុងការធ្វើកិច្ចការណាមួយនោះទេ។

ក្មេងស្រី Sara Hinesley

អ្វីដែលពិសេសនោះគឺថា ក្មេងស្រី Sara ម្នាក់នេះ បានឈ្នះការប្រកួតឆ្លាក់អក្សរថ្នាក់ជាតិក្នុងឆ្នាំ២០១៩ ហើយនាងទទួលបានពានរង្វាន់ Nicholas Maxim ដែលពានរង្វាន់ពិសេសនេះ គឺសម្រាប់សិស្សណាម្នាក់ ដែលមានទេពកោសល្យក្នុងការធ្វើអ្វីមួយដ៏អស្ចារ្យ បើទោះបីជាកាយសម្បទាន ឬខួរក្បាលរបស់ពួកគេមិនពេញលេញដូចជាមនុស្សដទៃទៀតក៏ដោយ។

ក្មេងស្រី Sara បានប្រាប់ក្រុមសារព័ត៌មានថា៖

«រឿងដែលខ្ញុំមិនអាចធ្វើបាន ខ្ញុំនឹងព្យាយាមរកវិធីណាមួយដែលខ្ញុំអាចធ្វើវាបាន ហើយខ្ញុំនឹងព្យាយាមធ្វើវាឱ្យទាល់តែបាន។ ខ្ញុំគ្រាន់តែព្យាយាមធ្វើឱ្យអស់លទ្ធភាព និងផ្តោតក្នុងការធ្វើវាតែប៉ុណ្ណោះ ហើយនេះក៏បានសម្រេចដូចបំណងពិតមែន» ។

អក្សរឆ្លាក់របស់ក្មេងស្រី Sara

ដូច្នេះ ការតាំងចិត្តរបស់ក្មេងស្រីម្នាក់នេះពិតជាគួរឱ្យកោតសរសើរពិតមែន។ សូមប្រិយមិត្តចាំថា ដរាបណានៅមានជីវិត ដរាបនោះនៅមានក្តីសង្ឃឹម។ ដូច្នេះសូមកុំបោះបង់ចោលជីវិត ឬក៏ក្តីសម្រៃរបស់អ្នកអី។ ឱ្យតែមានការតាំងចិត្ត និងខិតខំធ្វើកិច្ចការណាមួយឱ្យអស់លិទ្ធភាព នោះលទ្ធផលដែលទទួលបាន ប្រាកដជាល្អប្រសើរជាក់ជាពុំខាន៕

ចង់ជ្រាបច្បាស់ទស្សនាវីដេអូខាងក្រោម៖

ក្មេងស្រី Sara Hinesley

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]