អង់គ្លេស៖ អាចចាត់ទុកបានថា ជារឿងមួយដ៏ចៃដន្យ និងកម្រមានបំផុត ដែលគូស្នេហ៍សញ្ជាតិអង់គ្លេសមួយគូ បានកើតនៅថ្ងៃខែឆ្នាំតែមួយ និងពេទ្យតែមួយ លុះធំឡើងនិស្ស័យបានជួបគ្នា និងធ្លាក់ក្នុងអន្លង់ស្នេហ៍ រហូតបច្ចុប្បន្ននេះកំពុងតែមានគម្រោងជិតចូលរោងការឆាប់ៗនេះទៀតផង។

លោក Tom និង នាង Shauna

គូស្នេហ៍នេះត្រូវបានគេស្គាល់ឈ្មោះថា លោក Tom Maguire និង នាង Shauna Gracey ដែលបច្ចុប្បន្នពួកគេទាំងពីរមានអាយុ ២៦ឆ្នាំ។

បើរម្លឹកពីអតីតកាល លោក Tom និងនាង Shauna បានកើតនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ១៩៩២ នៅមន្ទីរពេទ្យ Billinge Hospital ។ អ្វីដែលគួរឲ្យភ្ញាក់ផ្អើលទៀតនោះ ពួកគេទាំងពីរថែមទាំង រស់នៅតំបន់ជាមួយគ្នាថែមទៀត។ ពោលគឺ ចម្ងាយផ្ទះគ្នាប្រមាណជា ៤គីឡូម៉ែត្រប៉ុណ្ណោះ ក្នុងតំបន់ Wigan ទីក្រុង Greater Machester ប្រទេសអង់គ្លេស ប៉ុន្តែពួកគេពុំដែលស្គាល់ ឬបានជួបមុខគ្នាឡើយ។

លោក Tom និង នាង Shauna

វាអាចចាត់ទុកបានថាជានិស្ស័យ ដោយសារតែ កាលពីកំឡុងឆ្នាំ២០១០ ពោលគឺ កាលណោះអាយុ១៨ឆ្នាំ អ្នកទាំងពីរក៏ត្រូវបានមិត្តភក្តិដែលស្គាល់ៗគ្នា បានជួយណែនាំទៅវិញទៅមក នៅក្នុងការចូលរួមពិធីបុណ្យ Boxing Day មួយ ប្រចាំឆ្នាំ។

នៅក្នុងយប់នោះ Shauna នាងបានស្លៀកពាក់តែងខ្លួនបែបតុក្កតា Mini Mouse ខណៈឯលោក Tom វិញ បានស្លៀកពាក់តែងខ្លួនបែប Ninja ។

នៅគ្រានោះ លោក Tom ពិតជាចាប់អារម្មណ៍ទៅលើ Shauna យ៉ាងខ្លាំង ដោយនៅក្នុងចិត្តលោកពិតជាលួចស្រលាញ់ និងធ្លាក់ក្នុងអន្លង់ស្នេហ៍លើនាងតែម្តង។ ប៉ុន្តែអ្វីដែលគួរឲ្យខូចចិត្តបន្តិចនោះ Shauna នាងបែរជា ធុញទ្រាន់ មិនចូលចិត្ត ហើយក៏មិនចាប់អារម្មណ៍លើលោក Tom នោះឡើយ។

រឹតតែឈឺចាប់ទៀតនោះ Shauna នាងថែមទាំងបាននិយាយនៅពេលចប់កម្មវិធីថា នាងពិតជាមិនចង់ឃើញមុខអាប៉ិហ្នឹងម្តងទៀតទេ។

លោក Tom និង នាង Shauna

និស្ស័យមិនទាន់ត្រូវបានបញ្ចប់ត្រឹមនេះ រយៈពេលប្រហែលជា ២ខែក្រោយមក អ្នកទាំងពីរក៏ស្រាប់តែបានជួបគ្នាដោយចៃដន្យម្តងទៀត នៅគ្រាដែលចេញក្រៅញ៉ាំអីនៅយប់មួយ រហូតផឹកស្រាស្រវឹង និងជ្រុលថើបគ្នាមួយខ្សឺតថែមទៀត។

ក្រោយមក Shauna ក៏មានអារម្មណ៍មួយថា ហាក់មានចិត្តទៅលើលោក Tom វិញផងដែរ ប៉ុន្តែនាងក៏នៅតែព្យាយាមគេចៗ។ រហូតមកដល់ក្នុងកំឡុង ខែមេសា ឆ្នាំ២០១១ ទីបំផុតទំនាក់ទំនងដ៏រឹងរូសមួយនេះ ក៏បានក្លាយទៅជាស្នេហាពេញទី និងបានប្រកាសឲ្យគេឯងបានដឹងឮជាផ្លូវការផងដែរ។ ហើយក្រោយមក ទើបពួកគេក៏បានសួរនាំពីគ្នា និងបានដឹងថា ពួកគេបានកើតនៅក្នុងថ្ងៃខែឆ្នាំ និងនៅមន្ទីរពេទ្យតែមួយជាមួយគ្នា យ៉ាងគួរឲ្យភ្ញាក់ផ្អើល។

ជាការពិតណាស់ បើគិតមកទល់ពេលនេះ ទំនាក់ទំនងស្នេហាជិត ៨ឆ្នាំ (គិតពី២០១១មក) ប្រៀបបីដូចជាក្នុងរឿងព្រេងនិទាននេះ នៅទីបំផុត Tom និង Shauna ក៏បានសម្រេចចិត្តចាប់ដៃគ្នានឹងរៀបការជាផ្លូវការ នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៩ ឆាប់ៗខាងមុខនេះផងដែរ។

លោក Tom និង នាង Shauna

ជុំវិញនឹងរឿងរ៉ាវនេះ Shauna នាងក៏បានរៀបរាប់ប្រវត្តិពីមុនឲ្យដឹងដែរថា ពីមុនមកនាងពិតជាធុញទ្រាន់ជ្រេនឹងលោក Tom ខ្លាំងណាស់ ព្រោះតែចូលចិត្តមកញ៉ែញ៉ងនាង។ ប៉ុន្តែគាត់បែរជានៅតែរឹងរូស ហើយថាចង់នៅក្បែរ រស់នៅជាមួយនាង និងប្រាប់នាងថា គាត់ស្រលាញ់នាងខ្លាំងណាស់។ នាងក៏បានប្រាប់គាត់វិញថា រាប់អានគ្នាត្រឹមមិត្តទៅបានហើយ ព្រោះនាងមិនចាប់អារម្មណ៍លើគាត់នោះឡើយ។ លុះរំលងទៅច្រើនខែ ស្រាប់តែមានយប់មួយ ពេលនាងចេញក្រៅញ៉ាំអី ក៏ស្រាប់តែប្រទះឃើញ Tom ដោយចៃដន្យ ដោយគាត់ពិតជាហាក់ប្លែកស្អាតជាងមុន ធ្វើឲ្យនាងលាន់មាត់សរសើរ និងបាក់ចិត្តចាប់អារម្មណ៍លើគាត់វិញតែម្តង។ ហើយទើបចាប់តាំងពីពេលនោះមក នាងក៏មានទំនាក់ទំនងជាហូរហែជាមួយនឹងលោក Tom រហូតមកទល់ឥឡូវនេះតែម្តង។

លោក Tom និង នាង Shauna

គួរឲ្យដឹងផងដែរថា លោក Tom Maguire បច្ចុប្បន្នគឺជាវិស្វករ ចំណែកឯនាង Shauna Gracey វិញ គឺជាគិលានុបដ្ឋាយិកាម្នាក់ (មើលថែទាំកុមារ)។ រឿងរ៉ាវស្នេហារបស់អ្នកទាំងពីរ ក៏បានធ្វើឲ្យមហាជនជាច្រើន មានការចាប់អារម្មណ៍ និងសរសើរពីការតស៊ូរបស់ពួកគេ រហូតមានថ្ងៃនេះផងដែរ៕

តើសម្រាប់ប្រិយមិត្តវិញយល់យ៉ាងណាដែរ?  

នាង Shauna កាលនៅតូច
លោក Tom កាលនៅតូច
លោក Tom និង នាង Shauna
លោក Tom និង នាង Shauna

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]