ខេត្តក្រចេះ ៖ បុរសពិការដោយស្វិតជើងម្ខាងរស់នៅក្នុងឃុំវឌ្ឍនៈ ស្រុកសំបូរម្នាក់ បានកាន់រូបថតជាច្រើនសន្លឹកសួរគេឯង ដើម្បីស្វែងរកប្រពន្ឋ ក្រោយពីស្ត្រីជាប្រពន្ឋបានបាត់ខ្លួនពីផ្ទះគ្មានដំណឹងអស់រយៈពេលជាង១សប្តាហ៍មកហើយនោះ។
តាមប្រភពព័ត៌មានពីបុរសជាជនពិការដោយស្វិតជើងម្ខាងខាងលើនេះឈ្មោះ តាំង គឹមស្រ៊ាង ហៅញ៉េប អាយុ៥២ឆ្នាំ បានរៀបរាប់ប្រាប់ឱ្យដឹងនៅថ្ងៃទី២៤ មេសា នេះថា ប្រពន្ឋរបស់គាត់ឈ្មោះ សួន សុភ័ណ្ឌ អាយុ៣៨ឆ្នាំ បានចេញបាត់ពីផ្ទះតាំងពីថ្ងៃចូលឆ្នាំចុងក្រោយ (ថ្ងៃទី១៧ មេសា) មកម្ល៉េះ ហើយរហូតមកទល់នឹងពេលនេះនៅមិនទាន់មានដំណឹងនៅឡើយទេ។
តាមប្រភពដដែលបានបន្តថា ការបាត់ខ្លួនរបស់ប្រពន្ឋនេះ គឺគាត់សង្ស័យថាជាអំពើផិតក្បត់ ដោយប្រពន្ឋរបស់គាត់អាចនឹងរត់តាមមនុស្សប្រុសម្នាក់នៅក្នុងភូមិ ។
តាមប្រភពដដែលបានរៀបរាប់ថា គ្រួសាររបស់គាត់មានកូនចំនួន៦នាក់ ក្នុងនោះស្រីចំនួន៣នាក់ ពួកគេកំពុងតែទន្ទឹងរង់ចាំ មើលផ្លូវម្តាយរបស់ខ្លួន ក្រោយបាត់ពីផ្ទះគ្មានដំណឹងអស់រយៈពេលជិត១០ថ្ងៃមកហើយនោះ។
តាមប្រភពពីបុរសជាប្តីបាននិយាយថា ទោះបីជារូបគាត់ពិការដោយស្វិតជើងម្ខាង តែគាត់ខិតខំធ្វើអ្វីគ្រប់បែបយ៉ាងដើម្បីយកកម្រៃមកចិញ្ចឹមប្រពន្ឋកូន។ គាត់ស្រឡាញ់ប្រពន្ឋនិងកូន មិនដែលមានទំនាស់ទាស់ទែងគ្នាធ្ងន់ធ្ងរនោះទេ។ ដោយសារតែភាពស្រឡាញ់ថ្នាក់ថ្នម ទើបប្រពន្ឋរបស់គាត់នៅផ្ទះមិនធ្វើអ្វីធ្ងន់ធ្ងរក្រៅពីតុបតែងខ្លួននិងមើលថែកូនៗឡើយ។
តាមប្រភពពីបុរសជាប្តីបានបន្តទៀតថា គាត់បានចេញពីផ្ទះទៅធ្វើកម្មករស៊ីឈ្នួលឲ្យក្រុមហ៊ុនមួយនៅខេត្តមណ្ឌលគីរីមួយរយៈ ទើបមិនដឹងថាប្រពន្ឋលួចមានទំនាក់ទំនងជាមួយប្រុសឈ្មោលក្នុងភូមិ។ តែរឿងនេះក៏មានអ្នកភូមិជាច្រើននាក់បានលួចប្រាប់គាត់ដែរ តែគាត់ហាក់មិនជឿនោះទេ។ នៅមុនថ្ងៃចូលឆ្នាំ គាត់និងប្រពន្ឋបានកើតមានទំនាស់តិចតួចនឹងគ្នា នៅពេលដែលស្ត្រីជាប្រពន្ឋបានដើរផឹកស៊ីក្នុងភូមិនៅមុនថ្ងៃចូលឆ្នាំដោយផឹកដេកផ្លូវមិនចូលផ្ទះ។
ក្រោយមានទំនាស់គ្នាបានមួយថ្ងៃ ក៏ត្រូវរ៉ូវគ្នាវិញ។ តែក្រោយមកមួយថ្ងៃ ប្រពន្ឋរបស់គាត់មានគំរោងផែនការច្បាស់ និងបានចាកចេញពីផ្ទះទៅបាត់ ធ្វើឱ្យគាត់និងកូនៗដែលមិនដឹងរឿងអ្វីនោះ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។
តាមប្រភពពីបុរសជាប្តីបាននិយាយថា គាត់និងកូនៗបានសម្រេចចិត្តកាន់រូបថតរបស់ប្រពន្ឋជាច្រើនសន្លឹកឆ្លងទូកដរមកខេត្ត ដើម្បីសួរគេឯងស្វែងរកប្រពន្ឋ។ គាត់ចង់ឲ្យប្រពន្ឋរបស់គាត់វិលត្រឡប់មកផ្ទះ និងនិយាយគ្នាឲ្យបានច្បាស់លាស់មុននឹងធ្វើការលែងលះគ្នាឲ្យបានត្រឹមត្រូវ៕
ប្រភព៖ កោះសន្តិភាព
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]