ពីភាពមិនប្រាកដប្រជាទៅកាន់ឱកាសថ្មីៗ ៖ ណាហ្គាវើលដ៍បេះដូងសប្បុរស ជួយឧបត្ថម្ភគាំទ្រយុវជនជួបការលំបាក ៦០ នាក់តាមរយៈកម្មវិធីជួយសង្គ្រោះយុវជនដែលប្រឈមនឹងហានិភ័យ

//s9.kh1.co/7f/7fb68d47fb8f5061af6e2b14cfa9342e761335f0.png
សង្គម

 ១៣-វិច្ឆិកា-២០២៦ ១០ព្រឹក · ៣ ម៉ោងមុន

ពីភាពមិនប្រាកដប្រជាទៅកាន់ឱកាសថ្មីៗ ៖ ណាហ្គាវើលដ៍បេះដូងសប្បុរស ជួយឧបត្ថម្ភគាំទ្រយុវជនជួបការលំបាក ៦០ នាក់តាមរយៈកម្មវិធីជួយសង្គ្រោះយុវជនដែលប្រឈមនឹងហានិភ័យ

រាជធានីភ្នំពេញ ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ៖ គ្រោះថ្នាក់ចរាចរណ៍មួយក្នុងឆ្នាំ២០១៩ បានផ្លាស់ប្ដូរជីវិតរបស់យុវជន អ៊ិន សុផាន់ណា កាលពីគាត់នៅវ័យជំទង់។ យុវជនមកពីខេត្តកំពតរូបនេះ ត្រូវដើរទាំងខ្វិនជើងខណៈអនាគតរបស់គាត់ស្ថិតនៅក្នុងភាពមិនច្បាស់លាស់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

“មុនពេលមានគ្រោះថ្នាក់ចរាចរណ៍ ខ្ញុំជាមនុស្សម្នាក់ដែលមានភាពជឿជាក់ និងពោរពេញដោយក្តីស្រមៃ។ ប៉ុន្តែបន្ទាប់ពីកើតហេតុភ្លាម ខ្ញុំបានក្លាយជាមនុស្សដែលមានភាពភ័យខ្លាចក្នុងការចេញទៅខាងក្រៅ និងមិនហ៊ាននៅជិតអ្នកដទៃឡើយ” នេះជាការរៀបរាប់របស់ សុផាន់ណា ដែលបច្ចុប្បន្នមានអាយុ២២ ឆ្នាំ។

ទស្សនវិស័យរបស់គាត់ បានចាប់ផ្តើមផ្លាស់ប្ដូរនៅពេលគាត់បានចូលរួមក្នុងកម្មវិធីសិក្សាស្នាក់នៅរយៈពេល ២០ ខែដែលទទួលបានការឧបត្ថម្ភគាំទ្រមួយផ្នែកពីកម្មវិធីជួយសង្គ្រោះ “យុវជនដែលប្រឈមនឹងហានិភ័យ” របស់ណាហ្គាវើលដ៍បេះដូងសប្បុរស។ តាមរយៈដំណើរនេះ គាត់មិនត្រឹមតែស្វែងរកឃើញកន្លែងសម្រាប់រៀនសូត្រប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងទទួលបាននូវមិត្តភាព និងការលើកទឹកចិត្តដើម្បីកសាងភាពជឿជាក់លើខ្លួនឯងឡើងវិញផងដែរ។

“ខ្ញុំសូមថ្លែងអំណរគុណចំពោះណាហ្គាវើលដ៍បេះដូងសប្បុរសដែលបានជួយឧបត្ថម្ភសម្រាប់ការសិក្សារយៈពេលមួយឆមាសដល់រូបខ្ញុំ” នេះជាការរៀបរាប់របស់ សុផាន់ណា។ គាត់បានបន្តថា “ការជួយជ្រោមជ្រែងនេះ បានកាត់បន្ថយបន្ទុកហិរញ្ញវត្ថុក្នុងគ្រួសាររបស់ខ្ញុំ និងជួយឱ្យខ្ញុំអាចបន្តការសិក្សាទៅមុខទៀតបាន។ អ្វីដែលកាន់តែសំខាន់ជាងនេះទៅទៀតនោះ គឺវាបានផ្តល់ក្តីសង្ឃឹមដល់រូបខ្ញុំនៅចំពេលដែលខ្ញុំត្រូវការវាបំផុត”។

សុផាន់ណា ជួយអភិវឌ្ឍជំនាញកុំព្យូទ័រដល់សិស្សជំនាន់ក្រោយដោយចែករំលែកនូវចំណេះដឹង និងបទពិសោធន៍ដែលគាត់ទទួលបាន
សុផាន់ណា ជួយអភិវឌ្ឍជំនាញកុំព្យូទ័រដល់សិស្សជំនាន់ក្រោយដោយចែករំលែកនូវចំណេះដឹង និងបទពិសោធន៍ដែលគាត់ទទួលបាន

សុផាន់ណា គឺជាយុវជនជួបការលំបាកម្នាក់ក្នុងចំណោមយុវជនសរុប ៦០ នាក់ ដែលទទួលបានការឧបត្ថម្ភគាំទ្រចាប់តាំងពីឆ្នាំ២០២៤ ដោយណាហ្គាវើលដ៍បេះដូងសប្បុរសដែលជាផ្នែកនិរន្តរភាព និងទំនួលខុសត្រូវសង្គមរបស់ក្រុមហ៊ុនណាហ្គាវើលដ៍។ តាមរយៈកម្មវិធីជួយសង្គ្រោះ “យុវជនដែលប្រឈមនឹងហានិភ័យ” របស់ខ្លួន ណាហ្គាវើលដ៍បេះដូងសប្បុរស បានផ្តល់ការឧបត្ថម្ភគាំទ្រមួយផ្នែក ឬពេញលេញដល់យុវជនជួបការលំបាកមកពីតាមបណ្តាខេត្តនានាទូទាំងប្រទេសដើម្បីចូលរួមក្នុងកម្មវិធីសិក្សាស្នាក់នៅរយៈពេល ២០ ខែដែលរៀបចំឡើងដោយអង្គការ AHHA Education។ កម្មវិធីនេះ រួមបញ្ចូលការបណ្តុះបណ្តាលភាសាអង់គ្លេស និងជំនាញកុំព្យូទ័រជាមួយនឹងការអភិវឌ្ឍចរិតលក្ខណៈ ការធ្វើការជាក្រុម និងការដោះស្រាយបញ្ហាដើម្បីរៀបចំសិស្សឱ្យត្រៀមខ្លួនសម្រាប់ឱកាសនាពេលអនាគត។ បន្ទាប់ពីបញ្ចប់ការសិក្សា ពួកគេនឹងទទួលបានវិញ្ញាបនបត្រទទួលស្គាល់ដោយក្រសួងអប់រំ យុវជន និងកីឡា។

“យើងជឿជាក់ថា យុវជនគ្រប់រូបស័ក្តិសមទទួលបានឱកាសក្នុងការរៀនសូត្រ និងកសាងអនាគតមួយដ៏ប្រសើរ” នេះជាការលើកឡើងរបស់លោក Pern Chen នាយកគ្រប់គ្រងខុទ្ទកាល័យនាយកប្រតិបត្តិក្រុមហ៊ុនណាហ្គាវើលដ៍។ លោកបានបន្តថា “ការលំបាកផ្នែកហិរញ្ញវត្ថុ ជួនកាលអាចក្លាយជារបាំងរារាំងឱកាសទាំងនោះ។ តាមរយៈកម្មវិធីនេះ យើងសង្ឃឹមថានឹងអាចជួយសម្រាលបន្ទុកនេះបានមួយផ្នែកព្រមទាំងជួយឱ្យយុវជនទទួលបាននូវជំនាញ និងទំនុកចិត្តដែលពួកគេត្រូវការដើម្បីបន្តឈានទៅមុខ”។

សម្រាប់កញ្ញា ឈិត ធារី អាយុ ២០ ឆ្នាំដែលជាសិស្សមកពីខេត្តព្រះសីហនុ បានឱ្យដឹងថា ការទទួលបានការឧបត្ថម្ភពេញលេញនេះ បានផ្លាស់ប្ដូរការយល់ឃើញចំពោះខ្លួនឯង និងអនាគតរបស់ខ្លួន។

“អង្គការ AHHA Education គឺជាការចាប់ផ្តើមថ្មីមួយសម្រាប់រូបខ្ញុំ។ ខ្ញុំសូមថ្លែងអំណរគុណចំពោះណាហ្គាវើលដ៍បេះដូងសប្បុរសដែលបានជឿជាក់លើរូបខ្ញុំ និងផ្តល់ការឧបត្ថម្ភគាំទ្រដល់ការសិក្សារបស់ខ្ញុំ”នេះជាការរៀបរាប់របស់កញ្ញា ធារី។

តាមរយៈកម្មវិធីសិក្សារយៈពេល ២០ ខែ ធារី (ខាងឆ្វេង) បានកសាងផ្នត់គំនិតវិជ្ជមាន ពង្រឹងលក្ខណៈសម្បត្តិព្រមទាំងប្រកាន់ខ្ជាប់នូវគុណតម្លៃដែលជួយជ្រោមជ្រែងដល់ការអភិវឌ្ឍខ្លួនរបស់គាត់
តាមរយៈកម្មវិធីសិក្សារយៈពេល ២០ ខែ ធារី (ខាងឆ្វេង) បានកសាងផ្នត់គំនិតវិជ្ជមាន ពង្រឹងលក្ខណៈសម្បត្តិព្រមទាំងប្រកាន់ខ្ជាប់នូវគុណតម្លៃដែលជួយជ្រោមជ្រែងដល់ការអភិវឌ្ឍខ្លួនរបស់គាត់

តាមរយៈកម្មវិធីនេះ ធារី បានពង្រឹងសមត្ថភាពភាសាអង់គ្លេស និងជំនាញកុំព្យូទ័ររបស់ខ្លួនព្រមទាំងមានទំនុកចិត្ត និងវិន័យខ្ពស់ជាងមុន។ បទពិសោធន៍នេះ បានផ្លាស់ប្ដូរការយល់ឃើញរបស់កញ្ញាអំពីតម្លៃនៃការអប់រំ។

“បទពិសោធន៍ផ្ទាល់ខ្លួនរបស់ខ្ញុំ បានបង្រៀនឱ្យខ្ញុំដឹងថា ការអប់រំមិនមែនត្រឹមតែជាការក្រសោបយកចំណេះដឹងប៉ុណ្ណោះទេ” កញ្ញាបានបន្ថែមទៀតថា “ការអប់រំ អាចផ្លាស់ប្ដូររបៀបនៃការគិត របៀបនៃការប្រព្រឹត្តព្រមទាំងរបៀបដែលយើងមើលឃើញអនាគតរបស់យើងផងដែរ”។

ធារី មានក្ដីស្រមៃចង់ក្លាយជាមេធាវីម្នាក់។ ទោះបីនាងដឹងថានឹងមានបញ្ហាប្រឈមយ៉ាងណានៅខាងមុខក៏ដោយ ប៉ុន្តែបច្ចុប្បន្ន នាងមានទំនុកចិត្តជាងមុនក្នុងការជម្នះរាល់ឧបសគ្គទាំងនោះ។

“ខ្ញុំនឹងបន្តខិតខំរៀនសូត្រ ប្រឹងប្រែងធ្វើការ និងនាំយកចំណេះដឹងព្រមទាំងជំនាញដែលទទួលបានទៅជួយគ្រួសារ និងសហគមន៍របស់ខ្ញុំ” នេះជាការរៀបរាប់របស់កញ្ញា។

ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០០ អង្គការ AHHA Education បានរួមបញ្ចូលនូវការអប់រំចរិតលក្ខណៈ បំណិនជីវិត និងការអនុវត្តជាក់ស្ដែងដើម្បីពង្រឹងសមត្ថភាពយុវជនដែលជួបការលំបាកឱ្យមានម្ចាស់ការលើជីវិតរបស់ខ្លួន និងចូលរួមចំណែកជួយដល់សង្គមជាតិ។ កម្មវិធីសិក្សាស្នាក់នៅរបស់អង្គការនេះ ត្រូវបានពង្រីកបន្ថែមពី ២០ ខែទៅ ២៤ ខែដោយបញ្ចូលនូវវគ្គចុះកម្មសិក្សា និងអនុវត្តការងារជាក់ស្ដែងរយៈពេល ៤ ខែដើម្បីផ្ដល់បទពិសោធន៍ការងារនៅទីកន្លែងធ្វើការផ្ទាល់។

“យើងសូមវាយតម្លៃខ្ពស់ចំពោះកិច្ចសហការជាដៃគូជាមួយណាហ្គាវើលដ៍បេះដូងសប្បុរស។ ការឧបត្ថម្ភពេញលេញ និងមួយឆមាសរបស់ណាហ្គាវើលដ៍បេះដូងសប្បុរស បានរួមចំណែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយបន្ទុកហិរញ្ញវត្ថុរបស់សិស្សានុសិស្សដែលជួបការលំបាកព្រមទាំងជួយគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់យើងក្នុងការលើកកម្ពស់គុណភាពបង្រៀននៅតាមសាលារៀនរបស់យើងនៅតាមបណ្តាខេត្តផងដែរ” នេះជាការលើកឡើងរបស់លោក CD Singh សហស្ថាបនិក និងជានាយកអន្តរជាតិរបស់អង្គការ AHHA Education ។

សិស្សានុសិស្ស អបអរសាទរដល់ដំណើរសិក្សារបស់ពួកគេនៃកម្មវិធីជួយសង្គ្រោះយុវជនដែលប្រឈមមុខនឹងហានិភ័យជាមួយក្រុមការងារណាហ្គាវើលដ៍បេះដូងសប្បុរស និងអង្គការ AHHA Education
សិស្សានុសិស្ស អបអរសាទរដល់ដំណើរសិក្សារបស់ពួកគេនៃកម្មវិធីជួយសង្គ្រោះយុវជនដែលប្រឈមមុខនឹងហានិភ័យជាមួយក្រុមការងារណាហ្គាវើលដ៍បេះដូងសប្បុរស និងអង្គការ AHHA Education

សម្រាប់ សុផាន់ណា ឱកាសក្នុងការបន្តការសិក្សានេះ ក៏បានជំរុញលើកទឹកចិត្តគាត់ឱ្យជួយត្រឡប់ទៅកាន់សហគមន៍វិញផងដែរ។ គាត់មានបំណងចង់ក្លាយជាគ្រូបង្រៀនភាសាអង់គ្លេស និងបង្កើតសាលារៀនផ្ទាល់ខ្លួនមួយនាពេលអនាគតដើម្បីជួយឱ្យយុវជនផ្សេងទៀតអាចទទួលបានការអប់រំ និងកសាងអនាគតមួយដ៏ភ្លឺស្វាង។

អំពីណាហ្គាវើលដ៍បេះដូងសប្បុរស

ណាហ្គាវើលដ៍បេះដូងសប្បុរសដែលត្រូវបានបង្កើតឡើងក្នុងខែមីនា ឆ្នាំ២០១៤ ដោយបុគ្គលិក គឺជាក្រុមការងារទំនួលខុសត្រូវសង្គមរបស់ក្រុមហ៊ុនណាហ្គាវើលដ៍។ ជាមួយការគាំទ្រពេញទំហឹងពីក្រុមហ៊ុន បុគ្គលិកទាំងអស់ត្រូវបានលើកទឹកចិត្តឱ្យស្ម័គ្រចិត្តចំណាយពេលវេលា និងបង្ហាញជំនាញរបស់ពួកគេសម្រាប់គម្រោងផ្សេងៗនៅតាមសហគមន៍។ គម្រោងទាំងនេះផ្តោតលើចំណុចសំខាន់ចំនួន ៤ គឺការលើកកម្ពស់ការអប់រំ ការគាំទ្រដល់សហគមន៍ ការអភិវឌ្ឍកីឡា និងការគាំពារបរិស្ថាន។ ចាប់តាំងត្រូវបានបង្កើតឡើង ណាហ្គាវើលដ៍បេះដូងសប្បុរសបានផ្តល់ឥទ្ធិពលវិជ្ជមានដល់ប្រជាជនកម្ពុជាជិត ១ លាននាក់តាមរយៈសកម្មភាពជាច្រើនដែលឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តកសាងអនាគតកាន់តែភ្លឺស្វាងសម្រាប់ទាំងអស់គ្នា។

សម្រាប់ព័ត៌មានអំពីការផ្សព្វផ្សាយ ឬរូបភាព សូមទាក់ទងទៅកាន់ media@nagaworld.com

Oeng Dalin
D.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T