ភ្នំពេញ ថ្ងៃទី 11 ខែវិច្ឆិកា ឆ្នាំ2026 – ធនាគារ ខេប៊ីប្រាសាក់ និងក្រុមហ៊ុន Smart Axiata បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីប្រកាសភាពជាដៃគូយុទ្ធសាស្ត្រ ក្នុងគោលបំណងជំរុញការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីឌីជីថលនៅកម្ពុជា តាមរយៈការពង្រឹងដំណោះស្រាយទូទាត់ប្រាក់តាមប្រព័ន្ធឌីជីថល ការផ្តល់សេវាហិរញ្ញវត្ថុប្រកបដោយនវានុវត្តន៍ និងគំនិតផ្តួចផ្តើមនានាលើការតភ្ជាប់ឌីជីថល សម្រាប់អាជីវកម្ម និងអ្នកប្រើប្រាស់ទូទាំងព្រះរាជាណាចក្រកម្ពុជា។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នានេះ បានប្រព្រឹត្តទៅនៅសណ្ឋាគារ Hyatt Regency Phnom Penh នាថ្ងៃព្រហស្បតិ៍ ទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦ ដោយមានការចុះហត្ថលេខាពី លោក រី វណ្ណា ប្រធាននាយកប្រតិបត្តិ ធនាគារ ខេប៊ីប្រាសាក់ និងលោក Ritesh Kumar Singh នាយកប្រតិបត្តិ ក្រុមហ៊ុន Smart Axiata ក្រោមសក្ខីភាពរបស់ លោក Jongmin LEE ប្រធានក្រុមប្រឹក្សាភិបាល ធនាគារ ខេប៊ីប្រាសាក់ ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំ និងក្រុមការងារមកពីស្ថាប័នទាំងពីរផងដែរ។

ភាពជាដៃគូនេះ បានរួមបញ្ចូលគ្នានូវជំនាញ និងបទពិសោធន៍ដ៏ទូលំទូលាយផ្នែកហិរញ្ញវត្ថុ ព្រមទាំងបណ្តាញប្រតិបត្តិការធនាគារទូទាំងប្រទេសរបស់ធនាគារ ខេប៊ីប្រាសាក់ ជាមួយនឹងជំនាញរបស់ក្រុមហ៊ុន Smart Axiata លើការតភ្ជាប់ឌីជីថល ដំណោះស្រាយសម្រាប់សហគ្រាស និងនវានុវត្តន៍ឌីជីថល។ តាមរយៈកិច្ចសហការនេះ ស្ថាប័នទាំងពីរមានគោលបំណងបង្កើតបទពិសោធន៍ឌីជីថលកាន់តែរលូន និងងាយស្រួលប្រើប្រាស់ ព្រមទាំងចូលរួមគាំទ្រដល់ការធ្វើបរិវត្តកម្មឌីជីថលនៅកម្ពុជា។

ក្រោមកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រនេះ ភាគីទាំងពីរនឹងស្វែងយល់ពីឱកាសនៃកិច្ចសហការលើផ្នែកសំខាន់ៗជាច្រើន រួមមាន៖ ភាពជាដៃគូក្នុងការទូទាត់ និងប្រព័ន្ធអេកូឡូស៊ីឌីជីថល សេវាធនាគារសាជីវកម្ម សេវាបើកប្រាក់បៀវត្ស និងសេវាធនាគារសម្រាប់បុគ្គលិក ឱកាសក្នុងការផ្តល់ប្រាក់កម្ចី ព្រមទាំងជំនាញផ្នែកឌីជីថល និងបច្ចេកវិទ្យារបស់ Smart។
តាមរយៈកិច្ចសហការនេះ ស្ថាប័នទាំងពីរនឹងស្វែងរកឱកាសក្នុងការផ្ដល់ជូនភាពងាយស្រួលជូនអតិថិជនកាន់តែប្រសើរ តាមរយៈការរួមបញ្ចូលសេវាកម្មឌីជីថលរបស់ក្រុមហ៊ុន Smart ជាមួយនឹងនវានុវត្តន៍ផ្នែកហិរញ្ញវត្ថុរបស់ធនាគារ ខេប៊ីប្រាសាក់ ដែលអនុញ្ញាតឱ្យអតិថិជនអាចប្រើប្រាស់សេវាប្រកបដោយគុណភាពរបស់ស្ថាប័នទាំងពីរបានយ៉ាងងាយស្រួល។

ជាមួយគ្នានេះ ភាពជាដៃគូនេះមានគោលបំណងពង្រីកសេវាធនាគារសាជីវកម្ម ដោយផ្តល់លទ្ធភាពទទួលបានសេវាធនាគាររួមមាន គណនីបើកប្រាក់បៀវត្ស សេវាឥណទាន ប័ណ្ណឥណទាន និងដំណោះស្រាយហិរញ្ញវត្ថុផ្សេងៗទៀត ស្របតាមលក្ខខណ្ឌដែលបានព្រមព្រៀងគ្នា។ ស្ថាប័នទាំងពីរក៏នឹងស្វែងយល់ពីលទ្ធភាពក្នុងការបង្កើតដំណោះស្រាយប្រកបដោយនវានុវត្តន៍ និងឱកាសផ្តល់ហិរញ្ញប្បទាននានា ដើម្បីគាំទ្រដល់កំណើនអាជីវកម្ម និងលើកកម្ពស់លទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុផងដែរ។
លើសពីនេះ ស្ថាប័នទាំងពីរនឹងស្វែងយល់ពីកិច្ចសហប្រតិបត្តិការដោយប្រើប្រាស់ជំនាញរបស់ក្រុមហ៊ុន Smart Axiata ក្នុងវិស័យទូរគមនាគមន៍ ការតភ្ជាប់ឌីជីថល ដំណោះស្រាយសម្រាប់សហគ្រាស និងនវានុវត្តន៍ឌីជីថល។ ក្នុងដំណាក់កាលដំបូង កិច្ចសហការនេះនឹងផ្តោតលើការរៀបចំការតភ្ជាប់បណ្តាញសម្រាប់សាខាមួយចំនួនរបស់ធនាគារ ខេប៊ីប្រាសាក់ ដើម្បីជាមូលដ្ឋានគ្រឹះសម្រាប់ការពង្រីកកិច្ចសហការលើហេដ្ឋារចនាសម្ព័ន្ធឌីជីថលក្នុងវិសាលភាពកាន់តែទូលំទូលាយនាពេលអនាគត។

តាមរយៈសកម្មភាពទីផ្សាររួម គំនិតផ្តួចផ្តើមក្នុងការបង្កើនទំនាក់ទំនងជាមួយអតិថិជន និងការរួមបញ្ចូលសេវាធនាគារជាមួយសេវាទូរគមនាគមន៍ ភាពជាដៃគូនេះត្រូវបានរំពឹងថានឹងបង្កើនភាពងាយស្រួល ផ្ដល់បទពិសោធន៍របស់អតិថិជនកាន់តែប្រសើរ និងបង្កើតឱកាសអាជីវកម្មថ្មីៗបន្ថែមទៀតសម្រាប់ស្ថាប័នទាំងពីរ។
កិច្ចសហការយុទ្ធសាស្ត្រនេះបង្ហាញពីការប្តេជ្ញាចិត្តរួមរបស់ធនាគារ ខេប៊ីប្រាសាក់ និងក្រុមហ៊ុន Smart Axiata ក្នុងការជំរុញនវានុវត្តន៍ ពន្លឿនការទទួលយកបច្ចេកវិទ្យាឌីជីថល និងបង្កើតគុណតម្លៃបន្ថែមជូនអតិថិជន។ តាមរយៈការរួមបញ្ចូលសេវាហិរញ្ញវត្ថុ និងការតភ្ជាប់ឌីជីថល ស្ថាប័នទាំងពីរមានគោលបំណងចូលរួមចំណែកក្នុងការកសាងប្រទេសកម្ពុជាដែលមានបរិយាបន្ន ការតភ្ជាប់កាន់តែទូលំទូលាយ និងការរីកចម្រើនជំរុញដោយដោយឌីជីថល។
លោក រី វណ្ណា ប្រធាននាយកប្រតិបត្តិ ធនាគារ ខេប៊ីប្រាសាក់ បានមានប្រសាសន៍ថា៖
«យើងខ្ញុំមានសេចក្តីរីករាយយ៉ាងខ្លាំងដែលបានបង្កើតភាពជាដៃគូយុទ្ធសាស្ត្រនេះជាមួយក្រុមហ៊ុន Smart Axiata ដែលជាក្រុមហ៊ុនផ្តល់សេវាទូរគមនាគមន៍ និងសេវាឌីជីថលនៅកម្ពុជា។ តាមរយៈការរួមបញ្ចូលជំនាញ និងបទពិសោធន៍ផ្នែកហិរញ្ញវត្ថុ ព្រមទាំងបណ្តាញប្រតិបត្តិការធនាគារទូទាំងប្រទេសរបស់ធនាគារ ខេប៊ីប្រាសាក់ ជាមួយនឹងសមត្ថភាពដ៏រឹងមាំផ្នែកការតភ្ជាប់ឌីជីថល និងបច្ចេកវិទ្យារបស់ក្រុមហ៊ុន Smart យើងមើលឃើញនូវឱកាសដ៏សំខាន់ជាច្រើនក្នុងការផ្តល់ជូនអតិថិជន និងដៃគូអាជីវកម្មនូវដំណោះស្រាយដែលកាន់តែងាយស្រួល ទូលំទូលាយ និងប្រកបដោយនវានុវត្តន៍។ តាមរយៈកិច្ចសហការនេះ យើងមានគោលបំណងជំរុញការទូទាត់បែបឌីជីថល ពង្រីកសេវាហិរញ្ញវត្ថុ និងសិក្សាស្វែងរកឱកាសថ្មីៗផ្នែកសេវាធនាគារឌីជីថល និងហិរញ្ញប្បទានអាជីវកម្ម។ យើងជឿជាក់ថា ភាពជាដៃគូនេះនឹងបង្កើតគុណតម្លៃដ៏មានអត្ថន័យសម្រាប់ស្ថាប័នទាំងពីរ ព្រមទាំងចូលរួមចំណែកដល់ការធ្វើបរិវត្តកម្មឌីជីថលនៅកម្ពុជា និងការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលដែលមានការតភ្ជាប់កាន់តែទូលំទូលាយ និងបរិយាបន្ន»។
លោក Ritesh Kumar Singh នាយកប្រតិបត្តិ ក្រុមហ៊ុន Smart Axiata បានមានប្រសាសន៍ថា៖
«នៅក្រុមហ៊ុន Smart យើងជឿជាក់ថា ភាពជាដៃគូប្រកបដោយអត្ថន័យ គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់ក្នុងការជម្រុញ និងពន្លឿនអនាគតឌីជីថលរបស់កម្ពុជា។ កិច្ចសហការជាមួយធនាគារ ខេប៊ីប្រាសាក់ នាពេលនេះ សបញ្ជាក់ពីការរួមបញ្ចូលគ្នារវាងសេវាហិរញ្ញវត្ថុដ៏គួរឱ្យទុកចិត្ត និងការតភ្ជាប់ឌីជីថលដ៏មានសក្តានុពល ដើម្បីបង្កើតបទពិសោធន៍អតិថិជនកាន់តែរលូន និងសម្បូរបែបសម្រាប់អតិថិជន ក៏ដូចជាអាជីវកម្មនានា។ ស្របពេលដែលសេវាហិរញ្ញវត្ថុកំពុងវិវត្តទៅជាការប្រើប្រាស់អនឡាញកាន់តែច្រើន ការតភ្ជាប់បណ្តាញដ៏រឹងមាំ និងមានសុវត្ថិភាពខ្ពស់ នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការបើកផ្លូវទៅកាន់ការទទួលបានសេវាកម្ម ការធ្វើប្រតិបត្តិការ និងការបង្កើតនវានុវត្តន៍ថ្មីៗ។ យើងទាំងពីរមើលឃើញពីសក្តានុពលដ៏ធំធេងក្នុងការរួមគ្នាជំរុញការទូទាត់ឌីជីថល ពង្រឹងប្រព័ន្ធអេកូឡូស៊ីឌីជីថល និងរួមចំណែកដល់ការរីកចម្រើនប្រកបដោយចីរភាពនៃសេដ្ឋកិច្ចឌីជីថលនៅកម្ពុជា»។
អំពីធនាគារ ខេប៊ីប្រាសាក់ ម.ក
ធនាគារ ខេប៊ីប្រាសាក់ ម.ក គឺជាធនាគារពាណិជ្ជឈានមុខគេមួយនៅកម្ពុជា ដែលទទួលបានការគាំទ្រពីធនាគារ KB Kookmin ដែលជាគ្រឹះស្ថានហិរញ្ញវត្ថុឈានមុខគេរបស់ប្រទេសកូរ៉េខាងត្បូង និងជាភាគទុនិកតែមួយគត់របស់ធនាគារ ខេប៊ីប្រាសាក់។ ធនាគារផ្តល់ជូននូវសេវាហិរញ្ញវត្ថុយ៉ាងទូលំទូលាយដល់អតិថិជនបុគ្គល អាជីវកម្ម និងសាជីវកម្ម តាមរយៈបណ្តាញប្រតិបត្តិការទូទាំងប្រទេស និងប្រព័ន្ធធនាគារឌីជីថលរបស់ខ្លួន។ ធនាគារ ខេប៊ីប្រាសាក់ បន្តប្តេជ្ញាផ្តល់ដំណោះស្រាយហិរញ្ញវត្ថុដែលមានភាពងាយស្រួល សុវត្ថិភាព និងប្រកបដោយនវានុវត្តន៍ ដើម្បីគាំទ្រដល់អតិថិជន និងចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា។
អំពី Smart
ក្រុមហ៊ុន Smart Axiata ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Axiata Group Berhad (ប្រទេសម៉ាឡេស៊ី) ផ្តល់ជូននូវសេវាទំនាក់ទំនង 5G និងដំណោះស្រាយបច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍ (ICT) ចម្រុះនៅទូទាំងប្រទេសកម្ពុជា ដោយបម្រើអតិថិជនជាង 8 លាននាក់។ ចាប់តាំងពីឆ្នាំ 2008 មក Smart បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញការអភិវឌ្ឍឌីជីថលរបស់កម្ពុជា តាមរយៈការវិនិយោគលើសេវាតភ្ជាប់បណ្តាញទូរស័ព្ទ ហេដ្ឋារចនាសម្ព័ន្ធបណ្តាញ សេវាកម្មឌីជីថលប្រកបដោយនវានុវត្តន៍ និងដំណោះស្រាយបច្ចេកវិទ្យាសម្រាប់សហគ្រាស។
ជាមួយនឹងការពង្រីកវិសាលភាពបណ្តាញ 5G និងការពង្រឹងសមត្ថភាពផ្តល់ដំណោះស្រាយ ICT ជាបន្តបន្ទាប់ Smart ប្តេជ្ញាផ្តល់សេវាតភ្ជាប់ដែលមានស្ថិរភាព និងភាពជឿជាក់ ជួយជំរុញការរីកចម្រើនផ្នែកឌីជីថលរបស់អាជីវកម្ម និងបង្កើតឱកាសឌីជីថលប្រកបដោយអត្ថន័យសម្រាប់បុគ្គល អាជីវកម្ម និងសហគមន៍។
ក្រោមការគាំទ្រពីក្រុមហ៊ុន Axiata Group Berhad ដែលជាក្រុមហ៊ុនឈានមុខគេមួយនៅអាស៊ីក្នុងវិស័យទូរគមនាគមន៍ និងបច្ចេកវិទ្យា និងជាសហគ្រាសម៉ាឡេស៊ីដ៏សំខាន់មួយដែលទទួលបានវិនិយោគទន់មួយភាគធំពី មូលនិធិទ្រព្យសម្បត្តិអធិបតេយ្យភាពរបស់រដ្ឋាភិបាលម៉ាឡេស៊ី Smart ប្រកាន់ខ្ជាប់អភិបាលកិច្ចល្អ ការអនុវត្តល្អបំផុតតាមស្តង់ដារអន្តរជាតិ និងការរីកចម្រើនប្រកបដោយការទទួលខុសត្រូវ នវានុវត្តន៍ និងចីរភាព។ ដោយឈរលើមូលដ្ឋានគ្រឹះដ៏រឹងមាំនេះ Smart នឹងបន្តចូលរួមគាំទ្រមហិច្ឆតារបស់កម្ពុជា ក្នុងការកសាងសេដ្ឋកិច្ចឌីជីថលដែលមានការតភ្ជាប់កាន់តែទូលំទូលាយ ប្រកបដោយបរិយាបន្ន និងមានសមត្ថភាពប្រកួតប្រជែងកាន់តែខ្ពស់។





