និស្សិតដ៏វ័យឆ្លាតម្នាក់ ស្លាប់ដោយសារជឿតាម Ai ផ្លាស់ប្ដូរវិធីព្យាបាលជំងឺខ្លួនឯង

//s9.kh1.co/9e/9e081cf2a621cf11d98756a5aed1e7fd04c7a2da.jpeg
តារា & កម្សាន្ដ

 ០១-វិច្ឆិកា-២០២៦ ១១ព្រឹក · ៥ ម៉ោងមុន

នារីម្នាក់ ស្លាប់ដោយសារជឿតាម Ai ផ្លាស់ប្ដូរវិធីព្យាបាលជំងឺខ្លួនឯង

ករណីដ៏គួរឲ្យចាប់អារម្មណ៍មួយបានកើតឡើងទៅលើនារីម្នាក់ ដែលនាងត្រូវបានស្លាប់ដោយមូលហេតុមួយដ៏គួរឲ្យហួសចិត្ត។ ករណីនេះចាប់ផ្ដើមនៅខណៈពេល Bowen Wan កំពុងនិយាយទូរស័ព្ទជាមួយឪពុករបស់នាង នាងស្រាប់តែបាត់មាត់ ឈប់និយាយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ឪពុករបស់នាងបានកត់សម្គាល់ឃើញថា នាងហាក់ដូចជាមានអាការៈប្រកាច់ ដែលជាបញ្ហាសុខភាពមួយនាងធ្លាប់ជួបប្រទះអស់រយៈពេលជាច្រើនឆ្នាំមកហើយ ប៉ុន្តែលើកនេះហាក់ដូចជាមានរយៈពេលយូរជាងធម្មតា។ នៅពេលដែលនាងដឹងខ្លួនឡើងវិញ នាងបាននិយាយថា នាងនឹងជជែកបន្តទៀតនៅពេលក្រោយ បន្ទាប់ពីបានសម្រាករួច។

Bowen Wan
Bowen Wan

ប៉ុន្មានថ្ងៃក្រោយមក នាងលែងឆ្លើយតបនឹងការហៅទូរស័ព្ទទៀតហើយ។ យោងតាមរបាយការណ៍ថ្មីដ៏គួរឱ្យភ្ញាក់ផ្អើលមួយរបស់កាសែត New York Times ដែលផ្អែកលើពាក្យបណ្តឹងមួយដាក់ដោយក្រុមគ្រួសាររបស់ Wan ឪពុកម្តាយរបស់នាងដែលរស់នៅក្នុងប្រទេសចិន បានរៀបចំឱ្យមានគេទៅពិនិត្យមើលស្ថានភាពរបស់នាង។

លោក Qun Wan និងភរិយាបាននិយាយថា ពួកគេបានមើលតាមរយៈការហៅជាវីដេអូ នៅពេលដែលមិត្តភក្តិម្នាក់បានប្រទះឃើញវិស្វករផ្នែកសូហ្វវែរវ័យ ៣១ ឆ្នាំរូបនេះ ស្លាប់នៅក្នុងអាផាតមិនរបស់នាងនៅទីក្រុង Seattle។

នាង Bowen Wan អាយុ ៣១ ឆ្នាំ ត្រូវបានគេប្រទះឃើញស្លាប់ ដោយសារផលវិបាកនៃជំងឺឆ្កួតជ្រូក។

ឪពុកម្តាយរបស់នាងមិនអាចយល់បានទេថាមានរឿងអ្វីកើតឡើងលើកូនស្រីរបស់ពួកគេ។ ចំពោះមូលហេតុផ្លូវការនៃការស្លាប់របស់ Wan កាលពីខែកុម្ភៈ គឺបណ្តាលមកពីផលវិបាកនៃជំងឺឆ្កួតជ្រូក (epilepsy) ដែលជាស្ថានភាពសុខភាពមួយនាងធ្លាប់គ្រប់គ្រងបានយ៉ាងល្អអស់រយៈពេលជាងមួយទសវត្សរ៍មកហើយ។

Bowen Wan និងឪពុកម្ដាយ
Bowen Wan និងឪពុកម្ដាយ

ជំងឺឆ្កួតជ្រូកមិនមែនជារឿងកម្រនោះទេ ដោយវាប៉ះពាល់ដល់មនុស្ស ១ នាក់ ក្នុងចំណោម ២៦ នាក់ ក្នុងអំឡុងពេលនៃជីវិតរបស់ពួកគេ។ ផលវិបាកដ៏ធ្ងន់ធ្ងរបំផុតមួយគឺ ការស្លាប់ភ្លាមៗដោយមិនបានគ្រោងទុកចំពោះអ្នកជំងឺឆ្កួតជ្រូក (ហៅកាត់ថា SUDEP) ដែលនេះគឺជាអ្វីដែលបានកើតឡើងចំពោះ Wan។ ក្នុងចំណោមមនុស្សពេញវ័យដែលមានជំងឺឆ្កួតជ្រូក ១.០០០ នាក់ គឺមាន ១ នាក់ ដែលស្លាប់ដោយសារករណី SUDEP នេះ។

វាច្រើនតែកើតឡើងនៅពេលយប់ ឬក្នុងអំឡុងពេលគេង ហើយជាញឹកញាប់គេតែងឃើញអ្នកជំងឺដេកផ្កាប់មុខ ដូចករណីរបស់ Wan ដែរ។ វិធីដ៏ល្អបំផុតដើម្បីការពារ SUDEP គឺការគ្រប់គ្រង និងកាត់បន្ថយការប្រកាច់ ដែល Qun Wan យល់ថា កូនស្រីរបស់គាត់បាននិងកំពុងអនុវត្តតាមរយៈការប្រើប្រាស់ថ្នាំ។

លោក Qun Wan បាននិយាយថា ក្រោយមកគាត់បានរកឃើញថា នៅប៉ុន្មានថ្ងៃនិងប៉ុន្មានម៉ោងមុនពេលនាងស្លាប់ កូនស្រីរបស់គាត់បានសួរយោបល់ពី ChatGPT អំពីវិធីគេចពីការតាមដានរបស់គ្រូពេទ្យ ដើម្បីកាត់បន្ថយការប្រើប្រាស់ថ្នាំដែលជួយរក្សាជីវិតរបស់នាង។

ទោះបីជានាងបានបង្ហាញក្តីបារម្ភអំពីការចុះខ្សោយនៃថាមពល និងសមត្ថភាពនៃការគិតរបស់នាងក៏ដោយ ក៏កម្មវិធីជជែកកម្សាន្តតាមបញ្ញាសិប្បនិម្មិត (chatbot) នោះត្រូវបានគេរាយការណ៍ថា បានប្រាប់ Bowen Wan ម្តងហើយម្តងទៀតឱ្យ «ព្យាយាមតស៊ូ» ហើយថែមទាំងបានសរសើរនាងដែលបានរកវិធីគេចពីការត្រួតពិនិត្យរបស់គ្រូពេទ្យទៀតផង។

«Bowen Wan បានបង់ថ្លៃចំពោះការសម្រេចចិត្ត [របស់ OpenAI] ដោយយកជីវិតរបស់នាងទៅប្តូរ» នេះបើតាមការលើកឡើងរបស់មេធាវីតំណាងគ្រួសារជនរងគ្រោះ នៅក្នុងពាក្យបណ្តឹងមួយកាលពីថ្ងៃអង្គារ ដែលចោទប្រកាន់ថា OpenAI (ក្រុមហ៊ុនបង្កើត ChatGPT) និងនាយកប្រតិបត្តិរបស់ខ្លួន គឺលោក Sam Altman បានបង្កឱ្យមានការស្លាប់ដោយអយុត្តិធម៌។

លោក Drew Pusateri អ្នកនាំពាក្យរបស់ក្រុមហ៊ុន OpenAI បានប្រាប់កាសែត Times ថា វាគឺជា «ស្ថានភាពដ៏សោកសៅបំផុត»។

លោក Pusateri បានសង្កត់ធ្ងន់ថា ម៉ូដែល (GPT-4o) ដែល Wan បានប្រើប្រាស់នោះ គឺលែងមានឱ្យប្រើប្រាស់ទៀតហើយ បន្ទាប់ពីវាត្រូវបានគេរិះគន់ថា តែងតែយល់ស្របតាមអ្នកប្រើប្រាស់ហួសហេតុពេក និងបានជួយសម្រួលដល់ការធ្វើអត្តឃាត។

លោក Pusateri បានមានប្រសាសន៍ថា៖ «ទោះបីជា ChatGPT មិនអាចជំនួសការថែទាំសុខភាពពីគ្រូពេទ្យបានក៏ដោយ ក៏យើងជឿជាក់ថា បច្ចេកវិទ្យា AI អាចដើរតួនាទីក្នុងការជួយមនុស្សឱ្យយល់កាន់តែច្បាស់អំពីព័ត៌មានសុខភាព ស្វែងយល់ពីការធានារ៉ាប់រង និងប្រព័ន្ធថែទាំសុខភាពដ៏ស្មុគស្មាញ ព្រមទាំងជួយរៀបចំខ្លួនមុនពេលទៅជួបពិគ្រោះជាមួយអ្នកជំនាញផ្នែកសុខភាព»៕

ប្រភព៖ New York Post

Oeng Dalin
D.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T