តើអ្នកដឹងទេថា វិបត្តិផ្លូវចិត្តធ្ងន់ធ្ងរអាចបំផ្លាញជីវិតមនុស្សម្នាក់ និងគ្រួសារទាំងមូល ប្រសិនបើមិនទទួលបានការព្យាបាលត្រឹមត្រូវ? នេះជារឿងរ៉ាវពិតដ៏ខ្លោចផ្សារបស់នារីវ័យក្មេងអាយុ ២៣ ឆ្នាំម្នាក់ នៅខេត្តសៀមរាប៖
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សកាលរៀនថ្នាក់ទី១០ នាងមានជម្លោះវាយតប់ជាមួយមិត្តភក្តិ ហើយក៏បានឈប់រៀនដើម្បីរៀបការ។ ជាអកុសល ក្រោយសម្រាលកូនបាន ៤៥ ថ្ងៃ នាងបានគេងសង្កត់កូនប្រុសរបស់នាងស្លាប់ដោយអចេតនា។ ព្រោះតែភាពភ័យខ្លាច នាងបានយកសពកូនទៅកប់ទាំងយប់ រហូតមានការសង្ស័យ និងឈានដល់ការគាស់សពធ្វើកោសល្យវិច័យ និងឡើងតុលាការ។ ទោះបីជាតុលាការលើកលែងបទចោទប្រកាន់ ព្រោះនាងនិយាយត្រឡប់ត្រឡិនមិនដឹងរឿងរ៉ាវក៏ដោយ ប៉ុន្តែស្រមោលអតីតកាល និងវិបត្តិផ្លូវចិត្តនៅតែតាមលងបន្លាចនាងជានិច្ច។

ក្រោយត្រឡប់មកពីធ្វើការនៅប្រទេសថៃ និងសម្រាលកូនទី២ រោគសញ្ញាចិត្តវិកលរបស់នាងបានរំខានយ៉ាងខ្លាំងនៅក្នុងអំឡុងខែមីនា ឆ្នាំ២០២៦។ នាងនិយាយម្នាក់ឯងឥតឈប់ ខ្លឹមសារត្រឡប់ត្រឡិន មិនដឹងខុសត្រូវ និងមិនពាក់ព័ន្ធនឹងការពិត (ជឿថានាងបានជួបតារាកូរ៉េ និងដិតដាមនឹងអាវសិស្សវិទ្យាល័យ)។ ការព្យាបាលនៅមណ្ឌលសុខភាពហាក់មិនមានភាពធូរស្បើយ និងមានផលរំខានពីថ្នាំ ទើបធ្វើឱ្យគ្រួសារសម្រេចចិត្តចងច្រវាក់នាងភ្ជាប់នឹងសរសរផ្ទះ។

ក្រោយទទួលបានកិច្ចអន្តរាគមន៍ និងការព្យាបាលជំងឺផ្លូវចិត្តយ៉ាងយកចិត្តទុកដាក់ពី អង្គការធីភីអូកម្ពុជា (TPO Cambodia) ប្រមាណជាពីរខែ ដោយមានការចូលរួមគាំទ្រពីអាជ្ញាធរភូមិឃុំ និងអ្នកជិតខាង អាការចិត្តវិកលបានប្រសើរឡើងច្រើន និយាយដឹងខុសត្រូវ រហូតម្តាយអាចដោះច្រវាក់ចេញពីសរសរផ្ទះ។ នៅអំឡុងខែទី៣ នាងបានធូរស្បើយទាំងស្រុង និងទទួលបានសេរីភាពពេញលេញ អាចចូលមករួមរស់ក្នុងគ្រួសារ និងសហគមន៍ជាធម្មតាវិញ!

ជំងឺផ្លូវចិត្ត មិនមែនជាអំពើអាបធ្មប់ ឬជាការខូចខាតដែលមិនអាចកែប្រែបានឡើយ។ អ្នកជំងឺផ្លូវចិត្តត្រូវការការព្យាបាលផ្នែកវេជ្ជសាស្ត្រត្រឹមត្រូវ និងការយល់ចិត្ត គាំទ្រពីមនុស្សជុំវិញខ្លួន មិនមែនការរើសអើង ឬការឃុំឃាំងនោះទេ។
សូមចូលរួមចែករំលែកដើម្បីលើកកម្ពស់ការយល់ដឹងអំពីសុខភាពផ្លូវចិត្តនៅក្នុងសហគមន៍យើងទាំងអស់គ្នា!
អត្ថបទដោយ៖ អង្គការរក្សាកុមារ





