ឪពុកកូនមួយគូ នៅក្នុងភូមិអង្គរក្រៅ ឃុំគោកចក ខេត្តសៀមរាប បានជីកប្រទះឃើញរូបចម្លាក់ទេពធីតាឈរមួយអង្គ (ទំនងជារចនាប័ទ្មឃ្លាំង ក្នុងអំឡុងដើមសតវត្សរ៍ទី១១) នៅឯសួនខាងក្រោយផ្ទះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សរូបចម្លាក់ធ្វើពីថ្មភក់នេះមានកម្ពស់ប្រហែល ៧០ សង់ទីម៉ែត្រ ប៉ុន្តែស្ថិតក្នុងស្ថានភាពខូចខាត ដោយផ្នែកក្បាល ជើង និងដៃស្តាំត្រូវបានបាក់ដាច់ចេញពីគ្នា (ទោះជាយ៉ាងណាក៏ដោយ បំណែកទាំងនោះត្រូវបានរកឃើញនៅកន្លែងជាមួយគ្នា)។

មន្ត្រីមូលដ្ឋានបានថ្លែងអំណរគុណដល់ឪពុកនិងកូនប្រុសរូបនេះ ដែលបានរាយការណ៍អំពីការរកឃើញរបស់ពួកគេ ព្រមទាំងបានអំពាវនាវដល់សាធារណជនឱ្យរាយការណ៍ជូនអាជ្ញាធរពាក់ព័ន្ធ ប្រសិនបើរកឃើញវត្ថុបុរាណផ្សេងទៀត។

បច្ចុប្បន្ន អ្នកជំនាញកំពុងធ្វើការពិនិត្យដើម្បីបញ្ជាក់ថា តើរូបចម្លាក់ទេពធីតានេះជារបស់ពិតឬយ៉ាងណា។ ការរកឃើញវត្ថុបែបនេះតម្រូវឱ្យមានការពិនិត្យយ៉ាងយកចិត្តទុកដាក់បំផុត ព្រោះបច្ចុប្បន្ននេះមានការផលិតវត្ថុត្រាប់តាមវត្ថុបុរាណ ដោយអ្នកផលិតបានយកវត្ថុទាំងនោះទៅកប់ក្នុងដីរយៈពេលយូរ ឬត្រាំក្នុងអាស៊ីតនីទ្រិក (nitric acid) ដើម្បីធ្វើឱ្យវាមើលទៅហាក់ដូចជាមានអាយុកាលចាស់បុរាណ។








