ធនាគារមួយច្រឡំដាក់ឲ្យគណនីនារីម្នាក់ចាយលុយដោយឥតកំណត់ ចាយអស់ជិត៥លានដុល្លារទើបធនាគារដឹង (រឿងពិត)

//s9.kh1.co/4e/4e542a424d82a6ffaa4a09aadc34cb91ec7288f4.png
សង្គម

 ១៩-តុលា-២០២៦ ២ល្ងាច · ១៨ ម៉ោងមុន

ធនាគារមួយច្រឡំដាក់ឲ្យគណនីនារីម្នាក់ចាយលុយដោយឥតកំណត់ ថែមទាំងមិនមានទោសទៀត

ករណីចម្លែកមួយបានកើតឡើងនៅឆ្នាំ ២០១៤ ដោយនិស្សិតសាកលវិទ្យាល័យម្នាក់នៅប្រទេសអូស្ត្រាលី បានរកឃើញថាគណនីធនាគាររបស់នាងមានលក្ខណៈពិសេសមួយដ៏មិនគួរឱ្យជឿ នាងអាចដកប្រាក់រាប់លានដុល្លារពីកុងធនាគាររបស់ខ្លួនដោយគ្មានព្រំដែន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជំនួសឱ្យការរាយការណ៍អំពីកំហុសនេះ នាងបែរជាយកលុយនោះទៅដើរទិញទំនិញយ៉ាងសប្បាយរីករាយទៅវិញ។

Christin Jiaxin Lee ដែលជានិស្សិតជនជាតិម៉ាឡេស៊ី សិក្សាផ្នែកវិស្វកម្មគីមីនៅទីក្រុងស៊ីដនី ត្រូវបានធនាគារ Westpac ផ្តល់សិទ្ធិឱ្យដកប្រាក់លើសពីសមតុល្យដែលមាន (overdraft) ដោយគ្មានដែនកំណត់ ដោយមិនដឹងខ្លួន។ កំហុសនេះបានកើតឡើងតាំងពីឆ្នាំ ២០១២ មកម្ល៉េះ ប៉ុន្តែនាងបានចាប់ផ្តើមប្រើប្រាស់វា ២ ឆ្នាំបន្ទាប់ពីដឹង។

https://s9.kh1.co/__image/w=650,h=487,q=100/43/43783a7e7e10f8aa6da934de526062f07585184e.jpeg

អ្វីដែលបានកើតឡើងបន្ទាប់មក គឺការចំណាយប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់គួរឱ្យភ្ញាក់ផ្អើល។ ក្នុងរយៈពេល ១១ ខែ Lee បានដកប្រាក់ប្រហែល ៤,៦ លានដុល្លារអូស្ត្រាលី។

យោងតាមឯកសារតុលាការ ទំនិញដែលនាងបានទិញរួមមាន កាបូបដៃម៉ាក Hermès គ្រឿងអលង្ការម៉ាក Cartier ស្បែកជើងកវែងម៉ាក Christian Louboutin សម្លៀកបំពាក់ម៉ាកល្បីៗ និងឧបករណ៍អេឡិចត្រូនិកថ្លៃៗ។

មានករណីមួយដែលនាងបានចំណាយប្រាក់អស់ ៣១០,០០០ ដុល្លារអូស្ត្រាលី ក្នុងរយៈពេលតែមួយថ្ងៃប៉ុណ្ណោះ។ ក្នុងចំណោមទំនិញទាំងនោះ មានកាបូបដៃ Hermès ម៉ូដែល Birkin ធ្វើពីស្បែកក្រពើ ដែលមានតម្លៃប្រហែល ១៥០,០០០ ដុល្លារអូស្ត្រាលី។

https://s9.kh1.co/__image/w=650,h=366,q=100/de/deb504779c3c07893a2d639a75e28a7479964b6e.jpeg

ហើយអ្វីដែលមិននឹកស្មានដល់នោះគឺ នាងថែមទាំងបានទិញម៉ាស៊ីនបូមធូលីម៉ាក Dyson មួយទៀតផង។

នៅពេលដែលធនាគារ Westpac បានរកឃើញការដកប្រាក់លើសពីសមតុល្យដ៏ច្រើនសន្ធឹកសន្ធាប់នេះ ធនាគារបានបង្កកគណនីរបស់នាង ហើយចាប់ផ្តើមចាត់វិធានការដើម្បីទាមទារប្រាក់នោះមកវិញ។ Lee បានអះអាងថា នាងជឿជាក់ថាប្រាក់ទាំងនោះបានមកពីឪពុកម្តាយដែលមានទ្រព្យសម្បត្តិស្តុកស្តម្ភរបស់នាង។

នៅខែឧសភា ឆ្នាំ ២០១៦ ប៉ូលិសបានចាប់ខ្លួននាងនៅអាកាសយានដ្ឋានស៊ីដនី ខណៈពេលដែលនាងកំពុងរៀបចំហោះហើរទៅកាន់ប្រទេសម៉ាឡេស៊ី។

នាងបានប្រឈមមុខនឹងការចោទប្រកាន់ពីបទឆបោកធ្ងន់ធ្ងរ ដោយនៅសល់ប្រាក់ប្រហែល ៣,៣ លានដុល្លារអូស្ត្រាលី ដែលមិនទាន់បានសងត្រឡប់។

បន្ទាប់មក ក៏មានការផ្លាស់ប្តូរដ៏គួរឱ្យភ្ញាក់ផ្អើលមួយនៅក្នុងដំណើរការផ្លូវច្បាប់។

នៅខែវិច្ឆិកា ឆ្នាំ ២០១៧ ព្រះរាជអាជ្ញាបានដកការចោទប្រកាន់ព្រហ្មទណ្ឌទាំងអស់។ មេធាវីរបស់នាងបានលើកឡើងថា នាងមិនបានបោកបញ្ឆោតធនាគារនោះទេ ព្រោះធនាគារ Westpac ខ្លួនឯងទេដែលជាអ្នកបង្កើតកំហុសនេះឡើង។

ធនាគារនៅតែបន្តទាមទារសំណងតាមផ្លូវរដ្ឋប្បវេណី ប៉ុន្តែ Lee ត្រូវបានអនុញ្ញាតឱ្យត្រឡប់ទៅប្រទេសម៉ាឡេស៊ីវិញ។

នាងបានចំណាយប្រាក់រាប់លានដែលមិនមែនជារបស់ខ្លួន ប៉ុន្តែសំណុំរឿងព្រហ្មទណ្ឌនេះបានបញ្ចប់ទៅដោយគ្មានការកាត់ទោសឱ្យជាប់ទោសនោះទេ៕

Oeng Dalin
D.L

អត្ថបទទាក់ទង

//s9.kh1.co/17/17e94e34aba13bdb1237b7f1118ddc51076b4867.jpeg

ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីគន្លឹះសម្រាប់ការទទួលទានអាហារដែលមានសុខភាពល្អ និងការជៀសវាងការឡើងទម្ងន់ក្នុងអំឡុងពេលថ្ងៃឈប់សម្រាក

 ០៩-តុលា-២០២៦ 
 ៩ព្រឹក · ១១ ថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T