អត្ថន័យ និងការប្រារព្វពិធីនេះ មានដូចជា៖
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតាមជំនឿព្រះពុទ្ធសាសនា និងប្រពៃណីខ្មែរ គេជឿថាព្រលឹងអ្នកដែលស្លាប់ទៅហើយ ហើយមានកម្មពៀរទើបធ្លាក់ខ្លួនទៅកើតជាប្រេត មិនអាចទទួលទានអាហារធម្មតាបានទេ ហើយពួកគាត់រង់ចាំទទួលចំណីអាហារដែលកូនចៅឧទ្ទិសឱ្យនៅក្នុងអំឡុងពេលបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ។
ពិធីនេះតែងតែធ្វើឡើងជារៀងឆ្នាំ នៅវេលាម៉ោង ៤:០០ ដល់ ៥:០០ ព្រឹក (ព្រលឹមស្រាងៗ) ចាប់ពីថ្ងៃ ១រោច រហូតដល់ ១៥រោច ខែភទ្របទ។
គេប្រារព្ធពិធីបោះបាយបិណ្ឌ ដោយយកកន្ទេលទៅក្រាលនៅជុំវិញរបងវត្ត៨ទិស ហើយមានដាក់តម្រៀបខ្ទះធំៗ ឬ កន្តាំង កញ្ជើ ល្អី ដើម្បីអោយអ្នកធ្វើបុណ្យ ចែកទានទៅតាមសទ្ធា ដោយមាន បោះ នំអន្សម នំបត់ នំធ្មៃ ពំនូតបាយ ឬ អាហារគោកផ្សេងៗ ចូលទៅក្នុងខ្ទះ កញ្ជើ ល្អី កន្តាំង ដែលតម្រៀបជាជួរទាំងនោះ។ ធ្វើបែបនេះ គឺដើម្បីងាយស្រួល អោយប្រេតអាចលូកចាប់បានដោយដៃ កើបយកទៅផ្ទះ ចែកក្រុមគ្រួសារផង ហើយមានរបៀបមិនកំពប់ផង។ ម៉្យាងទៀត គេក្រាលកន្ទេលពីក្រោម កញ្ជើ កន្ទាំងទាំងនោះ គឺសម្រាប់ទុកត្រងអាហារកំពប់ ដើម្បីទុកចែកឆ្កែឆ្មាអនាថា អោយបានឆីផង ដោយពុំមានការប្រមាថ ដោយអោយសត្វឆីអាហារពីដី ដូចថ្ងៃធម្មតាៗដទៃទៀតឡើយ ព្រោះថ្ងៃនេះគឺជាថ្ងៃតំកើងរាសី របស់មនុស្សគ្រប់គ្នារួមទាំងសត្វទាំងឡាយ ដែលបម្រើគ្រួសារក្នុងភូមិផងដែរ។អ្នកស្រុកទាំងឡាយមានជំនឿថា គេមិនត្រូវអោយកំពប់បាយមួយគ្រាប់ចោលទៅដីទេ ព្រោះជាភស្តុតាងនៃការមើលងាយព្រះម៉ែ ដែលនាំអោយអាប់រាសីកូនចៅ។
នេះជាជំនឿ និងទំនៀមទំលាប់មួយរបស់ខ្មែរយើង ដែលយើងគប្បីអនុវត្ត ដើម្បីថែរក្សាទុកដល់កូនចៅជំនាន់ក្រោយ។





